ជាតិ
​​​ន​យោ​បាយ​ជាតិ​
វៀតណាម​ម្នាក់ ត្រូវបាន​តុលាការ​កម្ពុជា ដាក់ទោស​មួយជីវិត ព្រោះ​នាំចូល​គ្រឿងញៀន​ជាង​១​ពាន់​គីឡូក្រាម​
17, Sep 2018 , 5:24 pm        
រូបភាព
តុលាការ​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​ជា​លើកចុងក្រោយ នៅ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ដោយ​ប្រកាស​សាលក្រម​ផ្តន្ទាទោស​បុរស​ជា​ជនជាតិ​វៀតណាម​ឈ្មោះ ហ្វឿ​ង មិញ​គក់ ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត ដោយសារតែ​រូបគេ និង​បក្សពួក បាន​នាំ​គ្រឿងញៀន​រហូតដល់​ទៅជា​ង​១​ពាន់​គីឡូក្រាម ចូលមក​កម្ពុជា​។


  
​នៅមាន​គ្នីគ្នា​ជា​ជនជាតិ​វៀតណាម​បីនាក់​ទៀត ក៏ត្រូវ​បាន​តុលាការ​កម្ពុជា កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​ដែរ នៅក្នុង​សំណុំ​រឿងនេះ​។ ប៉ុន្តែ​ការកាត់ទោស​ចំពោះ​ពួកគេ​ទាំងបី  គឺជា​ការកាត់ទោស​កំបាំង​មុខ ដោយសា​តែ​ពួកគេ មិនមាន​វត្តមាន​ក្នុង​បន្ទប់​សវនាការ​។
 
​មកដល់ពេលនេះ សមត្ថកិច្ច មិនទាន់​ចាប់​ជនជាតិ​វៀតណាម​ទាំងបី​នាក់​នោះ បាន​នៅឡើយ​ទេ​។ យ៉ាងណាក៏ដោយ តុលាការ បានចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច តាម​ចាប់​ពួកគេ ដើម្បី​យកមកអនុវត្ត​ទោស​នៅ​កម្ពុជា​។
  
​ចំពោះ​លោក ហ្វឿ​ង មិញ​គក់ ដែលមាន​អាយុ​ជិត​៤០​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច ចាប់ខ្លួន កាលពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៦ នៅ​ព្រំដែន​កម្ពុជា​-​វៀតណាម​៕ 

Tag:
 ​គ្រឿងញៀន​
  វៀតណាម​
  តុលាការ​
© រក្សាសិទ្ធិដោយ thmeythmey.com