អន្តរជាតិ
ថៃ​៖ បក្សនយោបាយ​ចាប់ផ្ដើម​ត្រៀមខ្លួន​សម្រាប់​ការបោះឆ្នោត ក្រោយ​យោធា​លើកលែង​ការជួបជុំ​
17, Sep 2018 , 10:19 pm        
រូបភាព
​របប​យោធា​ថៃ នៅ​ចុង​សប្ដាហ៍​មុន ទើប​ចេញ​បញ្ជា​មួយ​ដែល​អនុញ្ញាត​ឲ្យ​បក្សនយោបាយ​អាចធ្វើ​សកម្មភាព​ឡើងវិញ បន្ទាប់ពី​ហាមឃាត់​ជាង​៤​ឆ្នាំ​មក​។ ក្រោយ​មានការ​អនុញ្ញាត​នេះ បក្សនយោបាយ​នានា​របស់​ថៃ ក៏​ចាប់ផ្ដើម​សកម្មភាព​ឡើងវិញ​ដែរ ជាពិសេស​ត្រៀមខ្លួន​ដើម្បី​ប្រកួត​ក្នុងការ​បោះឆ្នោត​ដែល​រំពឹងថា នឹងធ្វើ​ឡើង​នៅ​ខែកុម្ភៈ ឆ្នាំ​២០១៩ ។ ការ​រើស​ក្បាលម៉ាស៊ីន​ដឹកនាំ​បក្ស​ថ្មី ជា​រឿង​អាទិភាព​សម្រាប់​ពួកគេ​។​

 
​គណបក្សនយោបាយ​នានា​ក្នុងប្រទេស​ថៃ នឹង​រៀបចំ​សមាជ​បក្ស​របស់ខ្លួន​ជា​លើកដំបូង​នៅពេល​ខ្លី​ខាងមុខនេះ បន្ទាប់ពី​របប​ដឹកនាំ​យោធា​បាន​ផ្អាក​ការហាមឃាត់​ធ្វើ​សកម្មភាព​របស់​ពួកគេ​។ លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា ក្នុងនាម​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព និង​សណ្ដាប់ធ្នាប់ ជា​អ្នកចេញ​បញ្ជា​ដែល​អនុញ្ញាត​ឲ្យ​បក្សនយោបាយ​នានា មាន​សិទ្ធិ​ធ្វើ​សកម្មភាព​ខ្លះៗ​មុន​ការបោះឆ្នោត​មកដល់​នៅ​ខែកុម្ភៈ ឆ្នាំ​២០១៩ ខាងមុខ​។​
 
​អតីត​បក្ស​កាន់អំណាច​ភឿ​ថៃ ដែល​ត្រូវ​លោក ប្រា​យុទ្ធ ធ្វើ​រដ្ឋប្រហារ​ក្នុង​ឆ្នាំ​២០១៤ គ្រោង​ជួបជុំ​សមាជិក​បក្ស​នៅ​ថ្ងៃទី​២០ ដើម្បី​ជ្រើសរើស​ក្បាលម៉ាស៊ីន​ដឹកនាំ​បក្ស​ថ្មី​។ ប៉ុន្តែ​បក្ស​ដែលមាន​សម្ព័ន្ធភាព​ជាមួយ​ត្រកូល ស៊ីណា​វ៉ា​ត់ មួយ​នេះ មិនសូវ​ពេញចិត្ត​នឹង​ការសម្រេចចិត្ត​លើកលែង​ការហាមឃាត់​របស់រប​ប​យោធា​ឡើយ​។ អគ្គលេខាធិការ​ស្ដីទី​បក្ស លោក Phumtham Vechayachai និយាយថា របប​យោធា​កំណត់​ឲ្យ​សមាជ​មាន​សមាជិក​មិន​លើសពី​២៥០​នាក់ ហើយ​វា​ជា​បញ្ហា​។​
 
​បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ បក្ស​ធំ​មួយទៀត គឺ​បក្ស​ប្រជាធិបតេយ្យ នឹង​រៀបចំ​សមាជ​បក្ស​នៅ​ថ្ងៃទី​២៤ ខែកញ្ញា​។ អនុប្រធាន​បក្ស Ongart Klampaiboon និយាយថា បក្ស​នឹងមាន​ជំនួប​មួយ​នៅ​ថ្ងៃទី​១៧ ខែកញ្ញា ដើម្បី​កំណត់​លក្ខខណ្ឌ​នៃ​បេក្ខជន​ប្រធាន​បក្ស​ថ្មី​។ ឯ​បក្ស​តូចៗ​ផ្សេងទៀត ក៏មាន​ផែនការ​ជួបជុំ​សមាជិក​របស់ខ្លួន​នៅ​ដំណាច់ខែ​នេះ ឬ​ដើមខែ​ក្រោយ ដើម្បី​ត្រៀមលក្ខណៈ​តាមច្បាប់​សម្រាប់​ការបោះឆ្នោត​ឆ្នាំក្រោយ​។​
 
​ស្របពេល​បក្សនយោបាយ​ធំៗ​កំពុង​គិតគូរ​រឿង​សមាជ​បក្ស​នោះ បក្ស​ថ្មី​ខ្លះ​ដែល​មិនទាន់​ចុះឈ្មោះ​ត្រឹមត្រូវ កំពុង​ប្រឈមមុខ​នឹង​ការ​គ្មាន​សិទ្ធិ​ចូលរួម​ការបោះឆ្នោត​ខាងមុខ​។ បក្ស Pracharat ដែល​ប្រកាស​ជា​ចំហ​ថា គាំទ្រ​លោក ប្រា​យុទ្ធ ជា​នាយករដ្ឋមន្ត្រី​បន្តទៀត​នោះ នឹង​ជួបជុំ​សម​ជិ​ក​បក្ស​របស់ខ្លួន​ដើម្បី​ដាក់ពាក្យ​បង្កើត​បក្ស​។ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ថៃ​បាន​ព្រមាន​ថា បើ​បក្ស​នេះ​មិនអាច​ចុះឈ្មោះ​ទាន់​ថ្ងៃទី​២៤ ខែកញ្ញា​ទេ បេក្ខជន​បក្ស​នេះ​គ្មាន​សិទ្ធិ​ប្រជែង​ឡើយ​។​
 
​ក្រៅពី​បក្សនយោបាយ​ចាស់ៗ ឬ​បក្ស​ថ្មី​បង្កើត​ដោយ​អ្នកនយោបាយ​ជើងចាស់​នោះ គេ​ក៏​ឃើញ​មាន​បក្សនយោបាយ​ថ្មី​ដែល​បង្កើត​ដោយ​យុវជន​ដែរ​។ គណបក្ស​អនាគត​ឆ្ពោះទៅមុខ​( Future Forward )  ដែលជា​បក្សនយោបាយ​ថ្មី​របស់​ថៃ បង្កើត​ដោយ​លោក Thanathorn Juangroongruangkit ជា​អ្នកជំនួញ​វ័យក្មេង​មាន​អាយុ​មិន​ដល់​៤០​ឆ្នាំ​ផង​។ លោក​ចេញមុខ​និយាយ​ប្រឆាំង​របប​យោធា​ជាងគេ រហូតដល់​មានការ​គំរាម​ប្ដឹង​ទៀតផង​៕ 
 

Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com