ជាតិ
​​​ន​យោ​បាយ​ជាតិ​
មុននឹង​សម្រេច​ថា​ប្តូរ​ឈ្មោះ​ឬ​អត់ បក្ស​ទាំង​២ រង់ចាំ​សេចក្តីប្រកាស​ផ្លូវការ​ពី​មហាផ្ទៃ​សិន
17, Sep 2018 , 10:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រោយពី​សម្ដេច ស ខេង ស្នើ​ឲ្យ​គណបក្ស​ចំនួន​២ ប្ដូរ​ឈ្មោះ ដោយសារតែ​ឈ្មោះ​នោះ ផ្ទុយ​នឹង​របប​ដឹកនាំ​ប្រទេស ដែល​កំណត់ដោយ​រដ្ឋធម្មនុញ គណបក្ស​ទាំង​២ ឆ្លើយតប​ថា រង់ចាំ​សេចក្ដីប្រកាស​ផ្លូវការ​ជាមុនសិន​។ ការស្នើ​របស់​សម្តេច ស ខេង គឺធ្វើឡើង ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ខេត្តព្រៃវែង កាលពី​ថ្ងៃទី​១៦ ខែកញ្ញា​។


 
​គណបក្ស​ទាំង​២ គឺ​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ដែល​ដឹកនាំ​ដោយ​លោកស្រី សុខ​រ័ត្ន សុវណ្ណ ប​ច្ចៈ​សីលា និង​គណបក្ស​ខ្មែរ​សាធារណរដ្ឋ ដែល​ដឹកនាំ​ដោយ​លោក លន់ រិ​ទ្ធ ត្រូវបាន​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ប្រាប់​ឲ្យ​ប្ដូរ​ឈ្មោះ​គណបក្ស​។ រដ្ឋមន្ត្រី​មហាផ្ទៃ បញ្ជាក់ថា ការតម្រូវ​ឲ្យ​ឈ្មោះ​គណបក្ស​ទាំង​២​នេះ គឺ​ដើម្បី​ឲ្យ​ស្របទៅតាម​រដ្ឋធម្មនុញ​ដែល​ប្រកាន់យក​របប​ប្រជាធិបតេយ្យ មិនមែន​សាធារណរដ្ឋ​។​
 
​ឆ្លើយតប​នឹង​ការប្រកាស​នេះ ប្រធានស្ដីទី​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ លោក ចាន់ យ៉េត បាន​ឲ្យ​ដឹងថា គណបក្ស​របស់លោក នឹង​តវ៉ា ឬ​បដិសេធ​លើ​ការប្ដូរឈ្មោះ​គណបក្ស​ឡើយ​។ តែ​លោក លើកឡើងថា គណបក្ស​លោក អាច​ប្ដូរ​ឈ្មោះ​បាន លុះត្រា​តែមាន​សេចក្ដីប្រកាស​ផ្លូវការ​ជាមុនសិន​។ 
 
​ប្រធានស្តីទី​រូប​នះ ប្រាប់​សារព័ត៌មាន​ថ្មីៗ យ៉ាង​ដូច្នេះ​ថា​៖«​យើង​មិន​ជំទាស់​ទេ បើ​គេ​ឲ្យ​ប្ដូរ​ឈ្មោះ​មែន​។​យើង នឹង​បើក​កិច្ចប្រជុំ ដើម្បី​សម្រេច​។ តែ​ពេលនេះ យើង​នៅ​មិនទាន់​ទទួលបាន​សេចក្ដីប្រកាស​ផ្លូវការ​ណាមួយ​នៅឡើយ​។ ឲ្យ​តែ​ធ្វើ​ត្រូវ​តាមច្បាប់ យើង​នឹង​កែ​ភ្លាម​»​។​
 
​ស្រដៀង​គ្នា​នេះដែរ លោក លន់ រិ​ទ្ធ ប្រធាន​គណបក្ស​ខ្មែរ​សាធារណរដ្ឋ ក៏បាន​បញ្ជាក់ដែរថា គណបក្ស​លោក កំពុង​រង់ចាំ​សេចក្ដីប្រកាស​ផ្លូវការ​ពី​ក្រសួងមហាផ្ទៃ​។ តែ​ប្រធាន​គណបក្ស​រូបនេះ អះអាងថា លោក​នៅតែ​ចង់​ប្រើ​ឈ្មោះ​របស់​គណបក្ស​ដដែល ព្រោះ​អ្វីដែល​គណបក្ស​របស់លោក​ធ្វើ គឺ​គោរព​តាម​រដ្ឋធម្មនុញ​។ លោក លើកឡើង​បែបនេះ​ថា​៖«​គ្រាន់តែ​ឈ្មោះ​គណបក្ស មិនមែន​បង្ហាញថា​យើង​មិន​គោរព​ច្បាប់​កម្ពុជា​ឯណា ហើយ​ឈ្មោះ​នេះ យើង​ប្រើ​ជាង​១០​ឆ្នាំ​មកហើយ​។ ខ្ញុំ​នៅតែ​ចង់​រក្សា​ឈ្មោះ​នេះ​ដដែល ហើយ​យើង​នឹង​ព្យាយាម​រក្សា​តាម​អ្វីដែល​យើង​អាច​ធ្វើបាន​។ តែ​ពេលនេះ​យើង​រង់ចាំ​សេចក្ដីប្រកាស​ផ្លូវការ​សិន​»​។​
 
​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​-​សមាជិក​ក្នុង​ខេត្តព្រៃវែង សម្តេច ស ខេង បាន​ប្រាប់​ឲ្យ​មន្ត្រីក្រោមឱវាទ ពិភាក្សា​ជាមួយ​គណបក្ស​ទាំង​២ ក្នុង​ការប្ដូរឈ្មោះ​ឲ្យ​ស្របតាម​របប​ដឹកនាំ​ប្រទេស ដើម្បី​ជៀសវាង​ការភាន់ច្រឡំ​ដោយ​ប្រការ​ណាមួយ​៕
 

Tag:
 នយោបាយ​
 ​សម្ដេច​សខេង​
© រក្សាសិទ្ធិដោយ thmeythmey.com