អន្តរជាតិ
រដ្ឋបាល ត្រាំ កាត់​ជំនួយ​សម្រាប់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​បន្ថែមទៀត ហើយ​បង្វិល​ទៅ​ឲ្យ​អ៊ីស្រាអែល​វិញ​
17, Sep 2018 , 10:59 pm        
រូបភាព
​មន្ត្រី​អាមេរិក​បានទទួល​ស្គាល់​នៅ​ចុង​សប្តាហ៍​នេះ​ថា ជំនួយ​របស់ខ្លួន​សម្រាប់​ទ្រទ្រង់​ការដោះស្រាយ​ជម្លោះ​រវាង​ប៉ា​ឡេ​ស្ទី​ន និង​អ៊ីស្រាអែល​ត្រូវបាន​កាត់ ក្រោម​យុទ្ធសាស្ត្រ​ដាក់​សម្ពាធ​ឲ្យ​ប៉ា​ឡេ​ស្ទី​ន​ព្រម​ចូល​ចរចា​ជាមួយ​អ៊ីស្រាអែល​។ កន្លងមក​ជំនួយ​ពាក់ព័ន្ធ​ជាង ៥០០​លាន​ដុល្លារ​ផ្សេងទៀត​ត្រូវបាន​រដ្ឋបាល ដូ​ណា​ល់ ត្រាំ កាត់ផ្តាច់​រួចហើយ​ដែរ​។


 
​ជំនួយ​ដែល​ត្រូវ​កាត់ផ្តាច់​នោះ​គឺមាន​ទំហំ ១០ លាន​ដុល្លារ ហើយ​វា​ជា​ជំនួយ​ដែល​ប្រើប្រាស់​សម្រាប់​គាំទ្រ​ការផ្សះផ្សា​រវាង​ប៉ា​ឡេ​ស្ទី​ន និង​អ៊ីស្រាអែល​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​អាមេរិក​ដែល​បម្រើ​ការងារ​នៅ​ស្ថានទូត​អាមេរិក​ដែល​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​ហិរញ្ញវត្ថុ​មួយចំណែក​នៃ​ជំនួយ​ទាំង ១០​លាន​ដុល្លារ​ដែល​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ជួយ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ដែល​រស់នៅ​តំបន់​ដែល​អ៊ីស្រាអែល​កាន់កាប់ West Bank និង Gaza Strip ត្រូវបាន​បង្វិល​ទៅ​ជួយ​គម្រោង​រវាង​ប្រជាជន​អ៊ីស្រាអែល និង​អារ៉ាប់​ជំនួស​វិញ​។​
 
«​ដូច​បានប្រកាស​ក្នុង​ខែសីហា​រួចហើយ រដ្ឋបាល​អាមេរិក​សម្រេច​បង្វិល​ថ​វិកា​ជំនួយ​ច្រើនជាង ២០០​លាន​ដុល្លារ​ដែល​ដើមឡើយ​មាន​គោលដៅ​គាំទ្រ​កម្មវិធី​ជួយ​ប្រជាជន​នៅ West Bank និង Gaza​។ នៅពេល​ជាមួយគ្នា​នោះ​យើង​ក៏បាន​បង្វិល​ជំនួយ​មួយផ្នែក​នៃ​ជំនួយ ១០​លាន​ដុល្លារ​សម្រាប់​គាំទ្រ​ការគ្រប់គ្រង​និង​ដោះស្រាយ​ជម្លោះ ទៅ​ទ្រទ្រង់​គម្រោង​ផ្សេងទៀត​ដូចគ្នា​»​។ នេះ​ជាការ​បញ្ជាក់​របស់​មន្ត្រី​អាមេរិក​។ 
 
​យ៉ាងណាក៏ដោយ មន្ត្រី​អាមេរិក​បាន​អាច​បញ្ជាក់​បានឡើយ​ថា ការ​កាត់​ជំនួយ​ជាថ្មីទៀត​នេះ បញ្ជាក់ថា​រាល់​ជំនួយ​មិន​ពាក់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ​របស់​អាមេរិក​សម្រាប់​ប៉ា​ឡេ​ស្ទី​ន​ពិតជា​ត្រូវបាន​កាត់ផ្តាច់​ទាំងស្រុង​ឬ​យ៉ាងណា​ឡើយ​។ ក្នុងឆ្នាំនេះ អាមេរិក​នៅ​បន្ត​រក្សា​ជំនួយ​ពាក់ព័ន្ធ​នឹង​សន្តិសុខ​ដែលមាន​ទំហំ​ប្រមាណ ៦១​ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​ប៉ា​ឡេ​ស្ទី​ន​។ 
​តាមពិតទៅ រដ្ឋបាល​លោក ត្រាំ អះអាងថា ការបន្ត​កាត់​ជំនួយ​សម្រាប់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ជា​វិធីសាស្ត្រ​ក្នុងការ​បង្ខំ​ឲ្យ​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​ត្រូវ​ទៅ​ចរចា​ជាមួយ​អ៊ីស្រាអែល​ដើម្បី​ដោះស្រាយ​ជម្លោះ​ដ៏​រ៉ាំរ៉ៃ ខណៈដែល​ខ្លួន​បន្ត​រៀបចំ​គម្រោង​ស្វែងរក​សន្តិភាព​សម្រាប់​តំបន់​មជ្ឈិមបូព៌ា​ទាំងមូល​នោះ​។ 
 
​ក្រៅពី​កាត់​ជំនួយ កាលពី​សប្តាហ៍​មុន មន្ត្រី​ក្រសួងការបរទេស​អាមេរិក​បានចេញ​បញ្ជា​ទាមទារ​ឲ្យ​មាន​ការបិទ​ស្ថាន​បេសកកម្ម​ការទូត​របស់​ប៉ាឡ​ស្ទី​ន​នៅ​ក្រុង​វ៉ាស៊ីនតោន​ចោល​។ ប្រមុខ​បេសកកម្ម​ការទូត​ប៉ា​ឡេ​ស្ទី​ន​ប្រចាំ​អាមេរិក​លោក Husam Zomlot បានបង្ហាញ​ការខកចិត្ត​ខ្លាំង​ក្រោយ​ទទួល​ការទាមទារ​នេះ ហើយ​បាន​ថ្កោលទោស​រាល់​ការសម្រេចចិត្ត​របស់រ​ដ្ឋ​បាល​លោក ត្រាំ​ដែរ​។ ប៉ុន្តែ​លោក​សង្កត់ធ្ងន់ថា ប៉ា​ឡេ​ស្ទី​ន​ជ្រើស​រើសយក​សិទ្ធិ​ក្នុងនាម​ជា​រដ្ឋ​មួយ ហើយ​មិន​ឱនក្បាល​ចំពោះ​ការបង្ខិតបង្ខំ​របស់​អា​មេ​រិ​ក​ឡើយ​។​
 
​ការសម្រេច​បញ្ជា​ឲ្យ​បិទ​ដំណើរការ​ស្ថាន​បេសកកម្ម​ការទូត​ប៉ា​ឡេ​ស្ទី​ន​នេះដែរ កើតឡើង​ចំ​ខួប ២៥​ឆ្នាំ​នៃ​ការបង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​អូ​ស្លូ (Oslo Accords) ដែលជា​កិច្ចព្រមព្រៀង​ដំបូង​មួយ​រវាង​ភាគី​ជម្លោះ​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​។ កាលនោះ​ភាគី​ទាំងពីរ​សន្យា​បញ្ចប់​ជម្លោះ​ដ៏​រ៉ាំរ៉ៃ និង​បង្ហូរឈាម​គ្នា​អស់​រាប់​ទសវត្សរ៍​នេះ​ផង​។ ប៉ុន្តែ​ការប្តេជ្ញាចិត្ត​នេះ​មិន​ត្រូវបាន​អនុវត្ត​ឡើយ ហើយ​ភាគី​កាន់តែ​ដើរ​ឆ្ងាយ​ពី​ផ្លូវ​ទៅរក​សន្តិភាព​ថែមទៀត​ដែល​ពិបាក​ស្តារ​បំផុត​។​
 
​ត្រឡប់មកវិញ ទោះ​ទើប​មានការ​ទាមទារ​ឲ្យ​បិទ​ស្ថាន​បេសកកម្ម​ការទូត​ក្តី របប​ដឹកនាំ​ប៉ា​ឡេ​ស្ទី​ន​បានសម្រេច​កាត់​ផ្តាច់ទំនាក់ទំនង​ជាមួយ​សេត​វិមាន​រួចហើយ​ក្រោយពេល​លោក ត្រាំ ប្រកាស​ទទួលស្គាល់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​ចុងឆ្នាំ​មុន​។ 
 
​មេដឹកនាំ​ប៉ា​ឡេ​ស្ទី​ន​បាន​បន្ត​ចោទប្រកាន់ថា លោក ត្រាំ លម្អៀង​ខ្លាំង​ទៅរក​អ៊ីស្រាអែល ហើយ​អាមេរិក​ក៏​លែង​ជា​សន្ធាន​ការី​អ​ព្យា​ក្រឹត្យ និង​គួរ​ឲ្យ​ទុកចិត្ត​របស់​ប៉ា​ឡេ​ស្ទី​ន​ដែល​ជួយ​នាំយក​សន្តិភាព​បញ្ចប់​ជម្លោះ​ជាមួយ​អ៊ីស្រាអែល​ទៀត​ដែរ​៕
 
 

Tag:
 ប៉ា​ឡេ​ស្ទី​ន​
  អ៊ីស្រាអែល​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com