កីឡាជាតិ
ជាតិ
លី​គ​កំពូល​៖ Bisan George និង Jean Marie Privat រកបាន​ម្នាក់ៗ​២២​គ្រាប់​ហើយ​
18, Sep 2018 , 8:39 am        
រូបភាព
កីឡាករ Bisan George និង Privat (ពីឆ្វេងទៅស្តាំ), រូបភាពពីហ្វេសប៊ុក CNCC
កីឡាករ Bisan George និង Privat (ពីឆ្វេងទៅស្តាំ), រូបភាពពីហ្វេសប៊ុក CNCC
ដោយ:
នៅសល់តែ​ពីរ​សប្តាហ៍​ទៀត​ប៉ុណ្ណោះ ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ នឹង​រកឃើញ​ម្ចាស់​ជើងឯក​នៅ​ឆ្នាំនេះ​។ ទន្ទឹមនឹងនេះ ពានរង្វាន់​លក្ខណៈ​ឯកជន​ជាច្រើន រួមមាន​ពាន​អ្នករក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​(Top Scorer)​ជាដើម ក៏​នឹង​រកឃើញ​ម្ចាស់​ជ័យលាភី​របស់ខ្លួន​ផងដែរ ខណៈ​បច្ចុប្បន្ន​តំណែង​មួយ​នេះ​កំពុងមាន​ការប្រកួតប្រជែង​ខ្លាំង​។

 
​ក្រោយ​រួមចំណែក​ជួយ​ក្រុម​យកឈ្នះ​គូប្រកួត​រៀងៗ​ខ្លួន សម្រាប់​ការប្រកួត​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​សប្តាហ៍​ទី​២០​កាលពី​សប្តាហ៍​មុន កីឡាករ Bisan George និង​កីឡាករ Befolo Mbarga Jean Marie Privat កំពុង​ក្តោប​ក្តាប់​កំពូល​តារាង Top Scorer រួមគ្នា​ជាមួយ​គ្រាប់​បាល់​២២​គ្រាប់​។ ម្នាក់​ក្នុងចំណោម​ពួកគេ​ទាំងពីរ ត្រូវបាន​គេ​រំពឹងថា នឹង​ក្លាយជា​ម្ចាស់​ស្បែកជើង​មាស​នៅ​ឆ្នាំនេះ​។​
 
​នា​ជំនួប​ណាហ្គា​វើ​ល​យកឈ្នះ​ក្រសួងការពារជាតិ ២-០ នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​កាលពី​ថ្ងៃ​សៅរ៍​ទី​១៥ ខែកញ្ញា កីឡាករ​កូរ៉េខាងត្បូង Sung Chihoon ជា​អ្នករក​គ្រាប់​បាល់​នាំមុខ ១-០ មុន​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Bisan George សម្រេចបាន​១​គ្រាប់​បន្ថែម ដែល​គ្រាប់​ជ័យជម្នះ​។ ជ័យជម្នះ​នេះ ជួយ​ឲ្យ​ណាហ្គា​វើ​ល​បន្ត​ឈរ​កំពូល​តារាង​បណ្តោះអាសន្ន ដោយមាន​៥០​ពិន្ទុ​។  
 
​ការប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ថ្ងៃអាទិត្យ ក្រុម​អាស៊ី​អឺរ៉ុប​បាន​វាយបក​យកឈ្នះ​ភ្នំពេញ​ក្រោ​ន​ក្នុង​លទ្ធផល ៣-២​។ គ្រាប់​បាល់​ជ័យជម្នះ​នេះ ពីរ​គ្រាប់​សម្រេចបាន​ដោយ​ខ្សែប្រយុទ្ធ​កា​មេ​រូ​ន Befolo Mbarga Jean Marie Privat  និង​១​គ្រាប់​ដោយ​កីឡាករ George Kelechi Stanley ខណៈ​ពីរ​គ្រាប់​របស់​ភ្នំពេញ​ក្រោ​នរក​បាន​ដោយ Teixeira Junior Valci​។     
 
​សម្រាប់​ការប្រកួត​ពានរង្វាន់​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០១៧ ពាន​ស្បែកជើង​មាស​បាន​ទៅលើ​កីឡាករ Atuheire Kipson របស់​ក្លិប​ណាហ្គា​វើ​ល ក្រោយ​រកបាន​២៨​គ្រាប់​៕ 
 

Tag:
 Cambodian League 2018
  Top Scorer
  Bisan George
© រក្សាសិទ្ធិដោយ thmeythmey.com