អន្តរជាតិ
លោក គីម ជុង​អ៊ុន ស្វាគមន៍​លោក មូ​ន ចេ​អ៊ី​ន ដោយផ្ទាល់​នៅ​ព្រលានយន្តហោះ​
18, Sep 2018 , 8:38 am        
រូបភាព
​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន និង​ភរិយា នៅ​ថ្ងៃទី​១៨ ខែកញ្ញា បាន​ទៅ​ទទួល​ប្រធានាធិបតី​កូរ៉េខាងត្បូង មីន ចេ​អ៊ី​ន និង​ភរិយា ដល់​ព្រលានយន្តហោះ​រដ្ឋធានី​ព្យុងយ៉ាង​។ លោក មូ​ន បានធ្វើ​ដំណើរ​តាមរយៈ​យន្តហោះ​ដោយផ្ទាល់​ពី​ទីក្រុង​សេ​អ៊ូ​ល​ទៅកាន់​ទីក្រុង​ព្យុងយ៉ាង ដើម្បី​ចូលរួម​ជំនួប​មេដឹកនាំ​អន្តរ​កូរ៉េ​។ នេះ​ជា​ជំនួប​ទល់មុខ​លើក​ទី​៣​រវាង​លោក មូ​ន និង​លោក គីម ក្នុង​រយៈពេល​មិន​ដល់​មួយឆ្នាំ​ផង​នោះ​។​

 
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន បាន​ទៅដល់​រដ្ឋធានី​ព្យុងយ៉ាង​ហើយ​នៅ​ថ្ងៃទី​១៨ ខែកញ្ញា ដើម្បី​បើក​ជំនួប​មេដឹកនាំ​កូរ៉េ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​។ នៅ​ព្រលានយន្តហោះ​រដ្ឋធានី​ព្យុងយ៉ាង លោក មូ​ន ត្រូវបាន​ស្វាគមន៍​ដោយផ្ទាល់​ពី​សំណាក់​លោក គីម ជុង​អ៊ុន មេដឹកនាំ​កំពូល​កូរ៉េខាងជើង ហើយ​បន្ទាប់មក​មេដឹកនាំ​កូរ៉េ​ទាំងពីរ​ក៏បាន​ដើរ​ត្រួតពល​កងកិត្តិយស​នៃ​កងទ័ព​កូរ៉េខាងជើង​ដែរ​។​
 
​នេះ​ជា​រឿង​ភ្ញាក់ផ្អើល​ដែល​លោក គីម និង​ភរិយា បាន​ទៅ​ទទួល​លោក មូ​ន ដោយផ្ទាល់​បែបនេះ​។ លោក មូ​ន និង​លោក គីម ធ្លាប់​ជួបគ្នា​ពីរដង​រួចហើយ​។ លើកទីមួយ​ក្នុង​ខែមេសា នៅ​ទឹកដី​កូរ៉េខាងត្បូង និង​លើក​ទី​ពីរ​ក្នុង​ខែឧសភា នៅ​ទឹកដី​កូរ៉េខាងជើង​វិញ​ម្ដង​។ តាមពិត​ជំនួប​ទាំងពីរ​នេះ ធ្វើឡើង​នៅ​តំបន់​ព្រំដែន​គ្មាន​កងទ័ព​ខណ្ឌ​ចែក​ឧបទ្វីប​កូរ៉េ​តែម្ដង​។​

បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap លោក មូ​ន និយាយ​មុន​ចាក​ចេញពី​កូរ៉េខាងត្បូង​ថា ដំណើរ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​របស់លោក នឹង​ទទួលជោគជ័យ បើសិន​អាចជួយ​ឲ្យ​កិច្ចសន្ទនា​រវាង​អាម​រិ​ក និង​កូរ៉េខាងជើង​ចាប់ផ្ដើម​ឡើង​វិញ​។ ការចរចា​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ព្យុងយ៉ាង​ជាប់គាំង ក្រោយ​ភាគី​ទាំងពីរ​មិន​ខ្វែងគំនិត​គ្នា​លើ​ការរំសាយ​នុយក្លេអ៊ែរ​ដែល​បាន​ឯកភាពគ្នា​កាលពី​ជំនួប​នៅ​សិង្ហ​បុរី​ក្នុង​ខែមិថុនា​កន្លងទៅ​។​

ប្រធានាធិបតី​កូរ៉េខាងត្បូង អមដំណើរ​ដោយ​ប្រតិភូ​ជាច្រើន​មាន​អ្នកនយោបាយ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល ពាណិជ្ជករ​ដែលជា​ម្ចាស់​ក្រុមហ៊ុន​ធំៗ​របស់​កូរ៉េខាងត្បូង និង​តារាចម្រៀង​ផង​។ ប្រភពព័ត៌មាន​ខាងលើ លោក មូ​ន និង​លោក គីម ត្រូវមាន​ជំនួប​ចរចា​យ៉ាងហោចណាស់​ពីរ ហើយ​លើកទីមួយ​នឹង​ធ្វើឡើង​បន្ទាប់ពី​លោក មូ​ន ទៅដល់​តែម្ដង​៕​
 

Tag:
 InterKorean Summit
  កូរ៉េខាងជើង
  កូរ៉េខាងត្បូង
  គីម ជុងអ៊ុន
  មូន ចេអ៊ីន
© រក្សាសិទ្ធិដោយ thmeythmey.com