ជាតិ
អតីតមន្ត្រី​បក្ស​អំណាច​ខ្មែរ ស្នើ​ឲ្យ​សម្ដេច ស ខេង និរាករណ៍​ឯកសារ​របស់លោក សួង សោ​ភ័​ណ្ឌ​
18, Sep 2018 , 10:59 am        
រូបភាព
​ភ្នំពេញ​៖ អតីតមន្ត្រី​គណបក្ស​អំណាច​ខ្មែរ​ជាច្រើន​នាក់ បានធ្វើ​លិខិតស្នើ​ទៅ​សម្ដេច ស ខេង សុំ​និរាករណ៍​ឯកសារ​របស់លោក សួង សោ​ភ័​ណ្ឌ ដែល​បានដាក់​តម្កល់​នៅ​ក្រសួងមហាផ្ទៃ​។ មន្ត្រី​ទាំងនោះ អះអាងថា លោក សួង សោ​ភ័​ណ្ឌ ក្លែងបន្លំ​ឯកសារ ដើម្បី​ក្លាយជា​មេបក្ស​អំណាច​ខ្មែរ​។​


 
​លិខិត​របស់​អតីតមន្ត្រី​គណបក្ស​អំណាច​ខ្មែរ បាន​រៀបរាប់​ប្រាប់​សម្ដេច ស ខេង ថា លោក សួង សោ​ភ័​ណ្ឌ ដែលជា​ប្រធាន​បក្ស​បច្ចុប្បន្ន បានរៀបចំ​ឯកសារ​ក្លែងបន្លំ​ហត្ថលេខា​លោក សួន សេរី​រដ្ឋា ដែល​អះអាង​លាលែង​ពី​ប្រធាន​បក្ស ដើម្បី​មានឱកាស​ធ្វើ​សមាជ​បក្ស​ឡើងកាន់​អំណាច​ខ្លួនឯង​។ អតីតមន្ត្រី​បក្ស​ជាង​២០​នាក់​នេះ បានស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និរាករណ៍​ឯកសារ​របស់លោក សួង សោ​ភ័​ណ្ឌ ហើយ​ទទួលស្គាល់​លោក សួន សេរី​រដ្ឋា ដែល​ទើប​ចេញពី​ពន្ធនាគារ ជា​ប្រធាន​បក្ស​អំណាច​ខ្មែរ​វិញ​។​
 
​សារព័ត៌មាន​ថ្មីៗ មិនទាន់​អាចទាក់ទង​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​ដំណោះស្រាយ​បញ្ហា​លើ​គណបក្ស​អំណាច​ខ្មែរ​នេះ​នៅឡើយ​ទេ​។​
 
​តែ​យ៉ាងណា​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​បច្ចុប្បន្ន​លោក សួង សោ​ភ័​ណ្ឌ បាន​និយាយថា លោក​មិនបាន​ក្លែងបន្លំ​ឯកសារ​ឡើយ ។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ កាលពី​ថ្ងៃទី​១៧ កញ្ញា  លោក សួង សោ​ភ័​ណ្ឌ បាន​អះអាងថា លោក​សុខចិត្ត​លាលែង​ចេញពី​តំណែង​ប្រធាន​បក្ស​វិញ បើសិនជា​លោក សួន សេរី​រដ្ឋា មាន​ភស្តុតាង​បង្ហាញថា លោក​ពិតជា​ក្លែងបន្លំ​ឯកសារ​មែន​នោះ​៕
 

Tag:
 ស ខេង​
  សួន សេរី​រដ្ឋា​
  សួង សោ​ភ័​ណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com