ជាតិ
សិល្បះ
រដ្ឋមន្ត្រីឲ្យបញ្ឈប់ចាក់ផ្សាយបទ «សល់តែចិត្តស្មោះ» ដែលបង្ហោះតាំងពីឆ្នាំ២០០៩
× បទចម្រៀង «សល់តែចិត្តស្មោះ» ដែលច្រៀងដោយតារាចម្រៀង កែវ ច័ន្ទសម្ផស្ស សម្រាប់ផលិតកម្មខ្មែរអមតៈ កាលពីប្រមាណ១០ឆ្នាំ មុន ត្រូវបានបញ្ឈប់ការចាក់ផ្សាយ។ នេះបើយោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ដែលផ្ញើទៅកាន់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ កាលពីថ្ងៃទី១៧ ខែកញ្ញា។
លិខិតរបស់លោក ខៀវ កាញារីទ្ធ ធ្វើឡើងក្រោយមានការស្នើសុំពីលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោក អ៊ិត សំហេង បានពន្យល់ប្រាប់ លោក ខៀវ កាញារីទ្ធ និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថា បទចម្រៀង «សល់តែចិត្តស្មោះ» នេះ មានអត្ថន័យធ្វើឲ្យប៉ះពាល់ដល់តម្លៃការងាររបស់អ្នកបម្រើនៅតាមផ្ទះ។
ទាំងលោក អ៊ិត សំហេង និងលោក ខៀវ កាញារីទ្ធ សុទ្ធតែបានបញ្ជាក់ថា បទនេះ ធ្វើឲ្យប៉ះពាល់អារម្មណ៍ និងតម្លៃអ្នកបម្រើការងារតាមផ្ទះដែលច្បាប់ស្តីពីការងារ ជាពិសេសប្រមុខរដ្ឋាភិបាល បាន និងកំពុងផ្តោតការយកចិត្តទុកដាក់ និងផ្តល់កិច្ចគាំពារ ដល់ពួកគាត់។
យោងតាមតំណភ្ជាប់ (Link) Youtube ដែលបង្ហាញនៅក្នុងលិខិតរបស់រដ្ឋមន្ត្រីព័ត៌មាន និងរដ្ឋមន្ត្រីការងារ បទ «សល់តែចិត្តស្មោះ» ត្រូវបានបង្ហោះនៅលើ Youtube តាំងពីឆ្នាំ២០០៩មកម្ល៉េះ ដោយបទនេះយកតាមលំនាំបទ «ទឹកភ្នែកស្វាមី ស្រីឡង់សេ»។ បទនេះរៀបរាប់ពីនារីម្នាក់ចាញ់បោកគេ ដែលត្រូវបានកុហកថា ទៅធ្វើការងារតាមផ្ទះ តែបែរក្លាយជាស្ត្រីរងគ្រោះ នៃជួញដូរផ្លូវភេទទៅវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com