ជាតិ
តុលាការ បញ្ជាសមត្ថកិច្ចឲ្យតាមចាប់លោក គឹម សុខ យកទៅឃុំវិញ
× លោក លាង សំណាត់ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ទៅពន្ធនាគារ ដើម្បីឲ្យស្វែងរកនិងចាប់លោក គឹម សុខ អ្នកវិភាគនយោបាយ យកទៅឃុំឃាំងវិញ។ ចៅក្រមស៊ើបសួរ បញ្ជាក់ហេតុផលក្នុងដីកាថា ការឃុំខ្លួនលោក គឹម សុខ ដែលជាជនត្រូវចោទ គឺដើម្បីធានាដល់ការស៊ើបសួរនិងការស្វែងរកការពិត។
ការចេញដីការបស់ចៅក្រមស៊ើបសួរនេះ គឺក្រោយពីសារព័ត៌មានក្នុងប្រទេស បានចុះផ្សាយថា លោក គឹម សុខ បាននាំកូនស្រីរបស់លោក គេចខ្លួនពីប្រទេសកម្ពុជាបាត់ទៅហើយ។ ការបង្គាប់ឲ្យតាមចាប់លោក គឹម សុខ គឺដើម្បីនាំទៅសាកសួរពីបណ្តឹងទីពីរបស់សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
លោក គឹម សុខ បានរងបណ្តឹងចំនួនពីរ ពីសំណាក់លោក គី តិច មេធាវីរបស់សម្តេច ហ៊ុន សែន។ ប្តឹងលើកទីមួយ ដោយសារលោក គឹម សុខ និយាយថា សម្តេច ហ៊ុន សែន នៅពីក្រោយខ្នងនៃអំពើឃាតកម្មលើលោកបណ្ឌិត កែម ឡី។ ប្តឹងលើកទីពីរ ដោយសារអ្នកវិភាគរូបនេះ ចោទថា ប្រព័ន្ធមួយ ដែលស្ថិតក្រោមការដឹកនាំរបស់រដ្ឋាភិបាលបច្ចុប្បន្ន បណ្តាលឲ្យមានការសម្លាប់មនុស្ស ហើយរកឃាតកមិនឃើញ។
បណ្តឹងទីមួយ បានធ្វើឲ្យលោក គឹម សុខ ជាប់ពន្ធនាគាររយៈពេលមួយឆ្នាំកន្លះ ហើយតុលាការ ថែមទាំងតម្រូវឲ្យលោក បង់ប្រាក់៨០០លានរៀល ជូនទៅប្រមុខរដ្ឋាភិបាល ដែលជាដើមបណ្តឹង ទុកជាការសងជំងឺចិត្ត។ លោក គឹម សុខ បានអនុវត្តទោសនេះរួចហើយ និងបានចេញពីពន្ធនាគារ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ប៉ុន្តែលោក ពុំទាន់បានបង់ប្រាក់ ទៅឲ្យដើមបណ្តឹងនោះទេ។
ចំណែកបណ្តឹងទីពីរ តុលាការ បានរក្សាភាពស្ងៀមស្ងាត់ ក្នុងអំឡុងលោក គឹម សុខ ជាប់ពន្ធនាគារ។ ប៉ុន្តែ ចៅក្រមស៊ើបសួរ ក៏ចាប់ផ្តើមស៊ើបសួរពាក់ព័ន្ធនឹងបណ្តឹងទីពីរនេះ បន្ទាប់ពីលោក ចេញពីពន្ធនាគារ៕
© រក្សាសិទ្ធិដោយ thmeythmey.com