ទីលានបាល់ទាត់មរតកតេជោ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន សាងសង់រួចរាល់បានប្រមាណ២០ភាគរយហើយ។ កីឡដ្ឋាននេះ គ្រោងបញ្ចប់ការសាងសង់ជាស្ថាពរនៅឆ្នាំ២០២១។ លោក ថោង ខុន បានអះអាងថា កីឡដ្ឋានអាចជម្លៀសមនុស្ស៦ម៉ឺននាក់ត្រឹម៧នាទីនេះ ជាសមិទ្ធផលថ្មីនៅតំបន់អាស៊ី ដែលប្រើបច្ចេកវិទ្យាសាងសង់ទំនើបចុងក្រោយ។
ទីលានបាល់ទាត់លំដាប់អន្តរជាតិ ដែលជាសមិទ្ធផលដំណាក់កាលទី២នៃពហុកីឡដ្ឋានមរតកតេជោ ត្រូវបានសាងសង់រួចរាល់ប្រមាណ២០ភាគរយ ក្រោយដំណើរការសាងសង់អស់រយៈពេល៨ខែកន្លងមកនេះ។ កីឡដ្ឋាននេះ កសាងដោយក្រុមហ៊ុនចិនChina State Construction Engineering Corporation(CSCEC) គ្រោងចំណាយវថិកាប្រមាណជា១៥៧លានដុល្លារ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ហើយគ្រោងបញ្ចប់ការសាងសង់ជាស្ថាពរនៅឆ្នាំ២០២១។
លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបាននិយាយថា កីឡដ្ឋានបាល់ទាត់នេះជាសមិទ្ធផលថ្មី និងទំនើបជាងគេនៅតំបន់អាស៊ី ព្រោះរាល់សំណង់ទាំងអស់ត្រូវបានស្ថាបនាឡើងតាមប្រព័ន្ធបច្ចេកវិទ្យាទំនើបចុងក្រោយប្រចាំតំបន់អាស៊ី ក៏ដូចជាលើសកលលោក។ ហើយ វាក៏សមិទ្ធផលប្រវត្តិសាស្ត្រដ៏មានតម្លៃរបស់ប្រជាពលរដ្ឋខ្មែរបច្ចុប្បន្ន និងទៅអនាគត។ កាន់តែអស្ចារ្យជាងនេះទៀតនោះ គឺកីឡដ្ឋាននេះអាចជម្លៀសមនុស្ស៦ម៉ឺននាក់ក្នុងរយៈពេល៧នាទី ក្នុងករណីមានហេតុការណ៍មិនប្រក្រតីកើតឡើង។
«យើងមានមោទកភាពមែនទែនចំពោះសំណង់នេះ ព្រោះវាបានសាងសង់ឡើងតាមប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយ។ បើតាមគាត់(វិស្វករ)ស្តាតនេះ ជាស្តាតថ្មីនៅអាស៊ីលើកទី១ ដែលប្រើបច្ចេកទេសសាងសង់ខ្ពស់។ ក្នុងនាមជាខ្មែរ ខ្ញុំមានមោទកភាពណាស់ដែលបានឃើញសំណង់ដ៏អស្ចារ្យនេះ វាជាសមិទ្ធដ៏មហាសាលក្នុងសម័យសម្តេចតេជោ សម្រាប់បច្ចុប្បន្ននិងអនាគត»។ ការលើកឡើងបែបនេះរបស់លោក ថោង ខុន ពេល លោក ដឹកនាំប្រតិភូទៅទស្សនកិច្ចដំណើរការសាងសង់កីឡដ្ឋានមរតកតេជោកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨។
សម្រាប់លោក ថោង ខុន ដែលជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ផងនោះ កីឡដ្ឋានមរតកតេជោមិនត្រឹមតែជាកន្លែងប្រកួតកីឡាតែប៉ុណ្ណោះទេ តែជាតំបន់ទេសចរណ៍មួយដ៏ស្រស់ស្អាត សម្រាប់ភ្ញៀវទេសចរលំហែកម្សាន្តថែមទៀតផង។ ក្រៅពីសណ្ឋាគារ និងភោជនីយដ្ឋានដែលមាននៅក្នុងកីឡដ្ឋាននេះ ក៏មានសួនសត្វសាហ្វារី សណ្ឋាគារ កន្លែងវាយកូន និងវិមានឈ្នះៗនៅជុំវិញទីនេះផងដែរ។
លោក Wang Qun Qin ប្រធានគ្រប់គ្រងការសាងសង់កីឡដ្ឋានមរតកតេជោបានអះអាងថា កីឡដ្ឋាននេះនឹងសាងសង់រួចរាល់តាមអ្វី ដែលបានគ្រោងទុកក្នុងរយៈពេល៤០ខែ។ លោកបន្តថា កីឡដ្ឋាននេះមិនត្រឹមតែអាចរៀបចំការប្រកួតបាល់ទាត់ប៉ុណ្ណោះទេ សូម្បីកម្មវិធីបើកព្រឹត្តិការណ៍ធំ ដូចជាកម្រិតអាស៊ី ឬអូឡាំពិក ក៏អាចរៀបចំបានដែរ។
ប្រធានគ្រប់គ្រងរូបនេះបានបន្តទៀតថា ក្នុងដំណើរការសាងសង់នេះក្រុមហ៊ុនលោកមានវិស្វករជំនាញចំនួន៦រូប ដែលបញ្ជាការសាងសង់ដោយផ្ទាល់នៅទីនេះ។ ក្រៅពីនេះ ក៏មានចិននៅប្រទេសចិនមួយក្រុមទៀតផងដែរ ក្នុងការជួយគណនា និងរចនាម៉ូដផ្សេងៗ។ ហើយរាល់ការសាងសង់ពីមួយដំណាក់កាលទៅមួយដំណាក់ មានការពិភាក្សាយ៉ាងម៉ត់ចត់ពីអ្នកជំនាញ ដើម្បីស្វែងរកវិធីសាស្ត្រក្នុងការសាងសង់។
ក្រៅពីសមិទ្ធផលដំណាក់កាលទី២ដែលកំពុងសាងសង់នេះ អាងហែលទឹក អគារកីឡាក្នុងសាល និងក្រៅសាល ដែលជាសមិទ្ធផលដំណាក់ទី១ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីខែមេសា ឆ្នាំ២០១៨ ក្រោមវត្តមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ពហុកីឡដ្ឋាននេះ សាងសង់ឡើងក្នុងគោលបំណង ដើម្បីត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕