អត្ថបទពាណិជ្ជកម្ម
ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន RMA ចូលរួមគោរពវិញ្ញាណក្ខន្ធ វេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ និងបរិច្ចាគប្រាក់១៥០០ដុល្លារដល់មូលនិធិគន្ធបុប្ផា
× កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញាកន្លងទៅ ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន អ អិម អេ ខេមបូឌា បានចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ លោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ ស្ថាបនិកមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា នៅឯមជ្ឈមណ្ឌលផ្តល់ពត៌មានគន្ធបុប្ផា។ ក្រៅពីចូលរួមគោរពវិញ្ញាណក្ខន្ធក្រុមហ៊ុន អ អិម អេ ក៏បានបរិច្ចាគថវិកា ១៥០០ ដុល្លារ ដល់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។
លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា បានឲ្យដឹងថា រូបលោក ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់សោកស្តាយយ៉ាងខ្លាំង ចំពោះមរណភាពរបស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ។ សម្រាប់ លោក ងន សាំង នេះមិនគ្រាន់តែជាការបាត់បង់ស្ថាបនិកមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាមួយរូបនោះទេ គឺជាការបាត់បង់ធនធានឥស្សរជន និងជាការបាត់បង់វេជ្ជបណ្ឌិតដ៏ឆ្នើមមួយរូប សម្រាប់វិស័យសុខាភិបាលកម្ពុជា ដែលរូបលោកបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការជួយសង្គ្រោះកុមារកម្ពុជារាប់លាននាក់ អស់រយៈកាលជាច្រើនឆ្នាំមកហើយ។
គួររំលឹកថា លោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ កើតនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៤៧ ជាជនជាតិស្វីស។ គាត់ជាវេជ្ជបណ្ឌិតជំនាញផ្នែកកុមារ អ្នកលេងសូឡូ និងជាអ្នកបង្កើតមន្ទីរពេទ្យកុមារ នៅកម្ពុជា ហើយគាត់ក៏ជានាយកនៃមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។ លោកវេជ្ជបណ្ឌិត បានចាកចេញពីប្រទេសកំណើតរបស់ខ្លួន មកកាន់ប្រទេសកម្ពុជា កាលពីឆ្នាំ១៩៧៤ និង១៩៧៥ ហើយលោកបានត្រឡប់ទៅកាន់ប្រទេសកំណើតវិញ ដោយសារប្រទេសកម្ពុជា ជួបនឹងភ្លើងសង្គ្រាម ហើយលោកក៏បានត្រឡប់មកប្រទេសកម្ពុជាលើកទី២ នៅឆ្នាំ១៩៩១។ ចាប់តាំងពីមកដល់ប្រទេសកម្ពុជាវិញ លោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ បានលះបង់អស់ពីកម្លាំងកាយចិត្ត និងពេលវេលាស្ទើរមួយជីវិតរបស់លោក បង្កើតឡើងវិញនូវមន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យសប្បុរសធម៌ ដែលផ្តល់សេវាព្យាបាលឥតគិតថ្លៃជូនកុមារ និងស្ត្រីមានផ្ទៃព្រោះនៅកម្ពុជា៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com