ជាតិ
សម្ដេច ហ៊ុន សែន បញ្ជូនលោក ជា សុផារ៉ា ឲ្យទៅពិនិត្យសកម្មភាពចាក់ដីលុបឆ្នេរព្រែកត្រែង
× ភ្នំពេញ៖ ក្រោយពីមានព័ត៌មានជាច្រើននិយាយអំពីការចាក់ដីលុបឆ្នេរព្រែកត្រែង សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជូនលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី និងជាប្រធានគណៈកម្មការគ្រប់គ្រងឆ្នេរ ឲ្យចុះទៅពិនិត្យសកម្មភាពនេះ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងដែនដី ដែលចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា។
សេចក្ដីប្រកាសនោះ បានឲ្យដឹងថា លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជូនឲ្យទៅពិនិត្យសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រត្រង់ចំណុចព្រែកត្រែង ក្នុងខេត្តព្រះសីហនុ ដើម្បីឲ្យកាយយកដី ដែលបានចាក់លុបឆ្នេរចេញ និងរក្សាឆ្នេរធម្មជាតិដូចដើមវិញ។
ចំណាត់ការនេះ បានធ្វើឡើងក្រោយពីមានសារព័ត៌មាន និងប្រជាពលរដ្ឋជាច្រើន បានលើកឡើងអំពីករណីក្រុមហ៊ុនមួយ ដែលបានចាក់ដីលុបលើឆ្នេរព្រែកត្រែង នៅភូមិ៤ ឃុំអូរព្រះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
សេចក្ដីប្រកាសនេះ ក៏បានអំពាវនាវដល់ម្ចាស់ដីនៅតាមបណ្ដោយឆ្នេរសមុទ្រ ឲ្យចៀសវាងសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រតទៅទៀត៕
Tag:
សង្គម
ព្រែកត្រែង
ខេត្តព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com