កីឡាអន្តរជាតិ
អន្តរជាតិ
ជំនួប​សងសឹក Pacquiao និង Mayweather អាច​នឹងធ្វើ​ឡើង​នៅ​តូ​ក្យូ​ចុងឆ្នាំ​នេះ​
18, Sep 2018 , 8:59 pm        
រូបភាព
​កំពូល​អ្នក​ប្រដាល់​ហ្វីលីពីន Manny Pacquiao បាន​អះអាងថា​ជំនួប​សងសឹក​នឹង Floyd Mayweather អាច​នឹង​បញ្ចប់​ការចរចា​ដោយ​ជោគជ័យ​នៅ​សប្តាហ៍​នេះ ហើយ​ជប៉ុន​អាចជា​ទីតាំង​សម្រាប់​ការប្រកួត​។​


 
Mayweather បាន​ផ្តួល Pacquiao ដើម្បី​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់ នា​ជំនួប​នៃ​ព្រឹត្តិការណ៍ «The Fight of the Century» នៅ​សង្វៀន MGM Grand Garden Arena ក្នុង​ទីក្រុង​ឡាស​វេ​ហ្កា​ស សហរដ្ឋអាមេរិក កាលពី​ខែឧសភា ឆ្នាំ ២០១៥ ដោយ​ទទួលបាន​ពិន្ទុ​ជា​ឯកច្ឆ័ន្ទ​ពី​ចៅក្រម ១១៨-១១០, ១១៦-១១២, ១១៦-១១២​។​
 
​អ្នក​ប្រដាល់​មិនដែល​ស្គាល់​ចាញ់​របស់​អាមេរិក​ដែល​បច្ចុប្បន្ន​មាន​វ័យ​៤១​ឆ្នាំ បានប្រកាស​ពី​ការចូលនិវត្តន៍​ពី​អាជីព​ជា​អ្នក​ប្រដាល់​របស់គេ​ម្តង​រួចមកហើយ​ក្រោយពី​ទទួលបាន​កំណត់ត្រា​ប្រកួត​៥០ ឈ្នះ​ទាំង​៥០​ដង ជាមួយនឹង​ជ័យជម្នះ​ចុងក្រោយ​លើ​កីឡាករ​វាយ​ក្នុង​ទ្រុង Conor McGegor នៅ​ខែសីហា ឆ្នាំ​២០១៧​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ Mayweather បានបង្ហាញ​កាលពី​សប្តាហ៍​មុន​ថា​រូបគេ​នឹង​ត្រឡប់​ពី​ការចូលនិវត្តន៍​វិញ​ដើម្បី​តទល់​នឹង Pacquiao ជាថ្មី​ម្តងទៀត​។​


 
​ការចរចា​ក្នុងជំនួប​លើក​ទី​២​នេះ​កើតឡើង បន្ទាប់ពី​អ្នក​ទាំង​ពីរបាន​ជួបគ្នា​នៅ​ព្រឹត្តិការណ៍​ប្រគុំ​តន្ត្រី​នៅ Odaiba Ultra Park នាទី​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន និង​បាន​និយាយ​ឌឺដង​ដាក់គ្នា​ទៀតផង​។​
 
​បើតាម​ការផ្សាយ​របស់ Skysports អ្នក​ប្រដាល់​អាស៊ី វ័យ​៣៩​ឆ្នាំ​លើកឡើងថា​៖«​យើង​នឹង​បញ្ចប់​ការចរចា​នៅ​សប្តាហ៍​នេះ​។ យើង​បាន​ជួបគ្នា​នៅ​ជប៉ុន​ក្នុង​ព្រឹ​ត្ត​ការណ៍​មួយ​ហើយ​មាន​អ្នកគាំទ្រ​យ៉ាងច្រើន​។ Mayweather និយាយ​មកកាន់​ខ្ញុំ​ថា easy fight, easy fight ហើយ​ខ្ញុំ​បាន​តប​ទៅវិញ​ថា តោះ​! ឡើង​សង្វៀន​ប្រកួត​គ្នា​ម្តងទៀត ខ្ញុំ​មាន​ខ្សែក្រវាត់​»​។​
Pacquiao បន្ថែមថា​ទីកន្លែង​ដែល​អ្នក​ទាំងពីរ​ត្រូវ​តទល់​គ្នា​លើក​ទី​២​នោះ​ប្រហែលជា​ធ្វើឡើង​នៅ​ទីក្រុង​តូ​ក្យូ​។​
 
​ប្រសិនបើ​ជំនួប​សងសឹក​នឹង Mayweather ដែល​អាច​នឹង​ប្រព្រឹត្តទៅ​នៅ​ខែធ្នូ ឆ្នាំ​២០១៨ ខាងមុខ​មិនអាច​កើតឡើង​ទេនោះ Pacquiao ក៏បាន​និយាយ​បើកចំហ​ថា​ខ្លួន​ស្វា​គន៍​ជានិច្ច​សម្រាប់​អ្នក​ប្រដាល​អង់គ្លេស Amir Khan៕
 
 

Tag:
 ប្រដាល់​
  Manny Pacquiao
  Floyd Mayweather
© រក្សាសិទ្ធិដោយ thmeythmey.com