ជាតិ
សេដ្ឋកិច្ច
CDC អនុញ្ញាតក្រុមហ៊ុន៦ បើករោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង-កាបូប
× ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុញ្ញាតឲ្យក្រុមហ៊ុនចំនួន៦ បើករោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង-កាបូប នៅក្នុងទីតាំងផ្សេងគ្នានៅកម្ពុជា។ ក្រុមហ៊ុនទាំង៦នេះ មានទុនវិនិយោគសរុប ២៧,៨លានដុល្លារ ព្រមទាំងបង្កើតការងារបានជិត៧ពាន់កន្លែង ជូនប្រជាពលរដ្ឋ។ នេះបើតាមប្រកាសព័ត៌មានរបស់ CDC នៅថ្ងៃទី១៨ខែកញ្ញា។
CDC បានឲ្យដឹងថា ក្រុមហ៊ុនទាំង៦នោះ មានក្រុមហ៊ុន DE XIANG GARMENT និងក្រុមហ៊ុន YANXIN THREAD LACE មានទីតាំងនៅខណ្ឌពោធិ៍ជ័យ រាជធានីភ្នំពេញ។ ដោយក្រុមហ៊ុន DE XIANG GARMENT គ្រោងបង្កើតរោងចក្រកាត់ដេរ សម្លៀកបំពាក់។ ក្រុមហ៊ុន YANXIN THREAD LACE គម្រោងបង្កើតរោងចក្រខារអំបោះ ផលិតខ្សែស្បែកជើង និងគ្រឿងបន្សំស្បែកជើង។ ក្រុមហ៊ុនទាំង២នេះ មានទុនវិនិយោគជាង៦លានដុល្លរ ដោយអាចបង្កើតការងារបានជាង១ពាន់កន្លែង។
ក្រុមហ៊ុន HIGH HOPE (CAMBODIA) APPAREL MANUFACTURING និងក្រុមហ៊ុន AYC GARMENT FACTORY គ្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ដោយមានទុនវិនិយោគ៨,៥៦លានដុល្លារ និងអាចបង្កើតការងារបាន២ពាន់កន្លែង។
ក្រុមហ៊ុន FENGFAN(CAMBODIA) គ្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៧,០៥លានដុល្លារ និងបង្កើតការងារបានជាង៣ពាន់កន្លែង។
ដោយឡែកក្រុមហ៊ុន GOODNEWS PACKAGING TECHNOLOGY គ្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង កាបូប និងសម្លៀកបំពាក់ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ៦,១០លានដុល្លារ ដោយអាចបង្កើតការងារបាន២៧០កន្លែង។ នេះបើតាមCDC៕
Tag:
CDC
តាកែវ
កណ្តាល
កំពង់ស្ពឺ
ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com