ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ៖«ក្រសួងផ្ទេរភារកិច្ចនាយកវិទ្យាល័យព្រះស៊ីសុវត្ថិ ទៅនាយកដ្ឋាន មិនមែនដកតំណែងទេ»
× ភ្នំពេញ៖ នាល្ងាចថ្ងៃទី ១៨ កញ្ញានេះ គ្រូបង្រៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិជាច្រើននាក់ បានជួបជុំគ្នាតវ៉ាលើបញ្ហាដកនាយកសាលាលោក។ ជុំវិញការតវ៉ានេះ ក្រសួងពុំទាន់ទទួលបានញត្តិផ្លូវការពីការតវ៉ានេះនៅឡើយទេ។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងអប់រំ លោក ឌី ខាំបូលី បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា៖ «ជាការផ្ទេរភារកិច្ច មិនមែនជាការដកតំណែងនោះទេ»។
លោកគ្រូអ្នកគ្រូ ដែលបង្រៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិជាច្រើន បានតវ៉ាទាមទារឲ្យក្រសួងអប់រំ យុវជន និងកីឡា ដកសាលាជំនាន់ថ្មីចេញពីវិទ្យាល័យព្រះស៊ីវត្ថិ និងសុំរក្សានាយកសាលាចាស់ លោក មូល ស៊ុយហេង នៅកាន់តំណែងដដែល។ ការតវ៉ានេះ ធ្វើឡើងក្នុងបរិវេណវិទ្យាល័យព្រះស៊ីសុវត្ថិនាល្ងាចថ្ងៃទី ១៨ កញ្ញានេះ។
ទាក់ទងនឹងការតវ៉ានេះ លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់សារព័ត៌មានថ្មីៗថា នៅល្ងាចនេះ ពិតជាមានការតវ៉ានៅវិទ្យាល័យព្រះស៊ីសុវត្ថិពិតមែន ប៉ុន្តែក្រសួងមិនទាន់ទទួលញត្តិផ្លូវការពីការតវ៉ានោះនៅឡើយទេ។ អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា៖«មិនមែនជាការដកតំណែងនាយកសាលានោះទេ តាមពិត ជាការផ្ទេរភារកិច្ចរបស់នាយកសាលា គឺផ្ទេរភារកិច្ចពីវិទ្យាល័យព្រះស៊ីសុវត្ថិ មកនាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ និងបច្ចេកទេស។ ការផ្ទេរនេះ ដោយសារតែគាត់ (មូល ស៊ុយហេង) ធ្វើនៅទីនោះយូរហើយ ហើយមានបទពិសោធន៍ចាស់ទុំ អាចមកជួយការងារនៅនាយកដ្ឋានបាន»។ នេះជាបញ្ជាក់របស់លោក ឌី ខាំបូលី។
លោក ឌី ខាំបូលី បន្ថែមថា ក្រសួងអប់រំ នឹងពិនិត្យ និងដោះស្រាយលើបញ្ហាតវ៉ានេះ ប្រសិនបើមានញត្តិផ្លូវការទាក់ទងនឹងមូលហេតុនៃការតវ៉ានេះ។ ដោយឡែក អ្នកនាំពាក្យរូបនេះ ក៏បានបញ្ជាក់ទៀតថា មិនមានការប្ដូរឈ្មោះវិទ្យាល័យព្រះស៊ីសុវត្ថិ ទៅជាសាលាជំនាន់ថ្មី ដូចតែអ្នកលេងបណ្ដាញសង្គមលើកឡើងនោះទេ។
សូមបញ្ជាក់ថា សាលាជំនាន់ថ្មី ជាសាលាដែលក្រសួងអប់រំបង្កើតឡើងសាកល្បង ដើម្បីពង្រឹងគុណភាពអប់រំនៅកម្ពុជា។ នៅក្នុងសាលានេះ មានឧបករណ៍ និងសម្ភារទំនើបៗសម្រាប់សិស្សអនុវត្តផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com