អន្តរជាតិ
លោក គីម ជុង​អ៊ុន រំពឹង​ការចរចា​ជាមួយ​អាមេរិក នឹង​ដំណើរការ​ទៅមុខ​
19, Sep 2018 , 9:40 am        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង-មូន-ចេអ៊ីន-ចាប់ដៃមេដឹកនាំកូរ៉េខាងជើង-គីម-ជុងអ៊ុន-(រូបភាព-Joint-Press-Corps)
ប្រធានាធិបតីកូរ៉េខាងត្បូង-មូន-ចេអ៊ីន-ចាប់ដៃមេដឹកនាំកូរ៉េខាងជើង-គីម-ជុងអ៊ុន-(រូបភាព-Joint-Press-Corps)
​នា​ជំនួប​មេដឹកនាំ​អន្តរ​កូរ៉េ​ជុំទីមួយ​នៅ​ថ្ងៃទី​១៨ ខែកញ្ញា មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បានបង្ហាញ​ក្ដី​រំពឹង​ពី​ការ​ទៅមុខ​នៃ​ដំណើរ​ការចរចា​ស្ដីពី​ការរំសាយ​នុយក្លេអ៊ែរ​ជាមួយ​អាមេរិក​។ ការចរចា​នេះ បាន​ជាប់គាំង​ដោយសារ​អាមេរិក និង​កូរ៉េខាងជើង​ខ្វែងគំនិត​គ្នា​លើ​មធ្យោបាយ​នៃ​ការរំសាយ​នុយក្លេអ៊ែរ ដោយ​អាមេរិក​ទាមទារ​ឲ្យ​មាន​ការធ្វើសកម្មភាព​ច្រើន​ទៀត ឯ​កូរ៉េខាងជើង​ចង់​បានការ​បន្ធូរ​ទណ្ឌ​កម្ម​ខ្លះ​ជាមុន ព្រោះ​ខ្លួន​ក៏​បានចេញ​វិធានការ​មួយចំនួន​ដែរ​ហើយ​។

 
​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បានចាប់ផ្ដើម​ជំនួប​កំពូល​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃ​ម្សិលមិញ​ទី​១៨ ខែកញ្ញា​នៅ​ទីស្នាក់ការ​បក្ស​កាន់អំណាច​កូរ៉េខាងជើង​។ បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​នៅតែ​ជា​ប្រធានបទ​សំខាន់ ខណៈដែល​ការចរចា​រវាង​អាមេរិក និង​កូរ៉េខាងជើង​ដើម្បី​ឈានដល់​ការរំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ ហើយ​ដែល​កំពុង​ជាប់គាំង​នោះ ក៏​ជា​សំណុំរឿង​សំខាន់​ក្នុងជំនួប​មេដឹកនាំ​កូរ៉េ​ដែរ​។​
 
​ទោះជា​ការជជែក​ជាមួយ​អាមេរិក​មិនទាន់មាន​ផ្លែផ្កា​អ្វី​ក៏ដោយ លោក គីម នៅតែ​មានគំនិត​វិជ្ជមាន​លើ​ដំណើរការ​នេះ​ដដែល​។ នា​ជំនួប​ទល់មុខ​ជាមួយ​លោក មូ​ន ក្នុង​ទីក្រុង​ព្យុងយ៉ាង លោក គីម រំពឹងថា ការចរចា​ជាមួយ​អាមេរិក នឹង​ទៅមុខ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap មេដឹកនាំ​កូរ៉េខាងជើង​រូបនេះ​ក៏បាន​អរគុណ​ប្រធានាធិបតី​កូរ៉េខាងត្បូង ដែល​ជួយ​រៀបចំ​ឲ្យ​ជំនួប​រវាង​លោក និង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១២ ខែមិថុនា នៅ​សិង្ហ​បុរី​។​
 
«​ដោយសារ​ជំនួប​នេះ (​ជំនួប​ត្រាំ​-​គីម​) ស្ថានភាព​តំបន់​មាន​ស្ថិរភាព ហើយ​លទ្ធផល​ផ្លែផ្កា​ជាច្រើន​ទៀត ក៏​ត្រូវបាន​រំពឹងថា នឹង​កើតឡើង​។ ខ្ញុំ​សូម​បង្ហាញ​ការដឹងគុណ​ចំពោះ​ការប្រឹងប្រែង​របស់លោក​ប្រធានាធិបតី មូ​ន ។​» នេះ​ជាការ​លើកឡើង​របស់លោក គីម នា​ជំនួប​ចរចា​ជាមួយ​លោក មូ​ន ។ ជំនួប​នៅ​សិង្ហ​បុរី ធ្វើឡើង​បន្ទាប់ពី​ជំនួប​ពីរ​បន្តបន្ទាប់​គ្នា​រវាង​លោក មូ​ន និង​លោក គីម នៅ​ថ្ងៃទី​២៦ ខែមេសា និង​ថ្ងៃទី​២៧ ខែឧសភា​។​
 
​ក្នុងជំនួប​លើក​ទី​៣ ជាមួយ​លោក គីម មេដឹកនាំ​កូរ៉េខាងត្បូង​ក៏​សរសើរ​ការសម្រេចចិត្ត​របស់​ប្រមុខ​ដឹកនាំ​ក្រុង​ព្យុងយ៉ាង​ចំពោះ​ការជ្រើសរើស​ផ្លូវ​ដើរ​សព្វថ្ងៃ​។ ដោយ​ទទួលស្គាល់ថា វា​ជា​អ​ម្រែ​ក​ដ៏​ធ្ងន់​ក្ដី លោក មូ​ន ក៏​ឆ្លៀត​អំពាវនាវ​ឲ្យ​មានការ​ប្រឹងប្រែង​បន្តទៀត​ដើម្បី​សម្រេច​ឲ្យ​បាន​គោលដៅ​ធំ គឺ​ឧបទ្វីប​កូរ៉េ​គ្មាន​នុយក្លេអ៊ែរ​។ និយាយ​ពី​ជំនួប​មេដឹកនាំ​អន្តរ​កូរ៉េ​វិញ លោក មូ​ន ប្រា​ប់លោក គីម ថា ពិភពលោក​កំពុង​ដាក់​ភ្នែក​មកកាន់​ជំនួប​នេះ ដូចនេះ​ភាគី​ទាំងពីរ​គួរ​បង្ហាញ​លទ្ធផល​ជា​ផ្លែផ្កា​ទៅវិញ​។​
 
​លទ្ធផល​នៃ​ជំនួប​មេដឹកនាំ​កូរ៉េ​នៅ​ព្យុងយ៉ាង នឹង​កំណត់​អនាគត​នៃ​ការចរចា​រវាង​អាមេរិក និង​កូរ៉េខាងជើង ក៏ដូចជា​លទ្ធភាព​នៃ​ជំនួប​លើក​ទី​ពីរ​រវាង​លោក គីម និង​លោក ត្រាំ ផង​។ ថ្មីៗ​នេះ លោក គីម បាន​ផ្ញើ​សំបុត្រ​មួយច្បាប់​ទៅកាន់​លោក ត្រាំ សំដៅ​រៀបចំ​ជំនួប​ទល់មុខ​ម្ដងទៀត​។ ក្រុង​សេ​អ៊ូ​ល​ប្រកាសថា លោក មូ​ន និង​លោក គីម នឹង​ប្រកាស​លទ្ធផល​ជំនួប​រួមគ្នា បន្ទាប់ពី​បញ្ចប់​ជំនួប​មេដឹកនាំ​ទាំងស្រុង​៕
 

Tag:
 InterKoreanSummit
  គីម ជុង​អ៊ុន​
  មូ​ន ចេ​អ៊ី​ន
© រក្សាសិទ្ធិដោយ thmeythmey.com