ជាតិ
លោក អ៊ុក សម្បត្តិ ជាប្រធានគណៈគ្រប់គ្រងវិទ្យាល័យព្រះស៊ីសុវត្ថិបណ្តោះអាសន្ន
× លោក អ៊ុក សម្បត្តិ អនុប្រធានមន្ទីរអប់រំ យុវជននិងកីឡា រាជធានីភ្នំពេញ ត្រូវបានចាត់តាំងឲ្យធ្វើជាប្រធានគណៈគ្រប់គ្រងបណ្តោះអាសន្ន នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ជំនួសលោក មូល ស៊ុយហេង នាព្រឹកថ្ងៃពុធ ទី១៩ ខែកញ្ញា នេះ។ កម្មវិធីនេះ មានការចូលរួមជាអធិបតីភាពពីសំណាក់លោក ជ័យ សារិន អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងអប់រំ យុវជន និងកីឡា តំណាងលោករដ្ឋមន្ត្រី។ បើតាមអ្នកនាំពាក្យ លោក ហង់ ជួន ណារ៉ុន មានកិច្ចការបន្ទាន់នៅក្រសួង ដែលធ្វើឲ្យលោកមិនមានវត្តមាននៅក្នុងកម្មវិធីទៅតាមការព្រៀងទុក។
យោងលិខិតបង្គាប់ការចុះថ្ងៃទី១២ ខែកញ្ញា របស់លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ វិទ្យាល័យព្រះស៊ីសុវត្ថិ ត្រូវផ្លាស់ប្តូរសមាសភាពថ្នាក់ដឹកនាំថ្មីរបស់ខ្លួនជាបណ្តោះអាសន្ន។ លោក អ៊ុក សម្បត្តិ ដែលជាអនុប្រធានមន្ទីរអប់រំ ទទួលបន្ទុកជាប្រធានគ្រប់គ្រង ដោយមានអនុប្រធាន៣រូប និងសមាជិក៥រូបទៀត។
អនុប្រធានគណៈគ្រប់គ្រងបណ្តោះអាសន្ននៅវិទ្យាល័យព្រះស៊ីសុវត្ថិ រួមមាន លោក ហ៊ាង ឡាឌី ប្រធានការិយាល័យមធ្យមសិក្សាមន្ទីរអប់រំ លោក ហេង លេង ប្រធានការិយាល័យអប់រំខណ្ឌដូនពេញ និងលោក សម្យ កំសាន្ត នាយករងវិទ្យាល័យព្រះស៊ីសុវត្ថិ។ រីឯសមាជិកគណៈកម្មការ សុទ្ធតែជានាយករងវិទ្យាល័យព្រះស៊ីសុវត្ថិផ្ទាល់ ដែលក្នុងនោះ មាន លោកស្រី ម៉ក់ ដានី លោកស្រី ទ្រី វ៉ិច លោក ហួត ស៊ាងហៃ លោក ស៊ិន ដារ៉ាស៊ី និងលោក អ៊ីវ សៅសុខា។
បើតាមការអះអាងរបស់លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក មូល ស៊ុយហេង ដែលជានាយក ត្រូវបានក្រសួងអប់រំផ្ទេរទៅនាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ និងបច្ចេកទេស វិញ។ ប៉ុន្តែការផ្ទេរនាយកវិទ្យាល័យរូបនេះ នាំឲ្យការតវ៉ាយ៉ាងខ្លាំងពីសំណាក់គ្រូ និងសិក្សានុសិស្សមួយចំនួន។
ក្រុមអ្នកតវ៉ា បានទាមទារឲ្យក្រសួងរក្សាតំណែងលោក មូល ស៊ុយហេង ដែលពួកគាត់អះអាងថា ជាថ្នាក់ដឹកនាំដ៏ល្អនៅវិទ្យាល័យ។ បន្ថែមពីលើនេះ ពួកគាត់បានស្នើឲ្យក្រសួងដកគម្រោងសាលាជំនាន់ថ្មី (New Generation School – NGS) ចេញពីវិទ្យាល័យព្រះស៊ីសុវត្ថិ។
គម្រោងសាលាជំនាន់ថ្មី ត្រូវបានរៀបចំឡើងដើម្បីកសាងសមត្ថភាពជំនាញរបស់សិស្សឲ្យសមស្របតាមការរៀនសតវត្សរ៍ទី២១ ជាពិសេសលើជំនាញគីមីវិទ្យា រូបវិទ្យា ជីវវិទ្យា និងបច្ចេកវិទ្យា។ ប៉ុន្តែក្រុមអ្នកតវ៉ា បានមើលឃើញថា ការបង្កើតគម្រោងនេះ បង្កឲ្យមានការរើសអើង ជាពិសេសការមើលងាយសមត្ថភាពគ្រូចាស់ៗ ជាដើម៕
Tag:
អប់រំ
វិទ្យាល័យព្រះស៊ីសុវត្ថិ
© រក្សាសិទ្ធិដោយ thmeythmey.com