កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Firmino, Vecino និង Gimenez ជាវីរបុរសជួយក្រុមរកបាន៣ពិន្ទុនៅជំនួបដំបូង
× Roberto Firmino ខ្សែប្រយុទ្ធ Liverpool ខ្សែបម្រើ Matias Vecino របស់ Inter Milan និង Jose Gimenez ខ្សែការពារ Atletico Madrid សុទ្ធតែជាវីរបុរសក្នុងការជួយក្រុមពួកគេទទួលបាន៣ពិន្ទុជាជំនួបបើកឆាកការប្រកកួតពានរង្វាន់ UEFA Champios League វគ្គចែកពូលនៅរាត្រីថ្ងៃទី ១៨ ខែកញ្ញា។
Liverpool បានយកឈ្នះក្រុមភ្ញៀវ Paris Saint Germain ក្នុងលទ្ធផល ៣-២ នៃការប្រកួតជុំទី១វគ្គសន្សំពិន្ទុពូល C។ ក្រុមម្ចាស់ផ្ទះបានរកគ្រាប់បាល់នាំមុខមុនដល់ទៅ២គ្រាប់ដែលធ្វើបានដោយខ្សែប្រយុទ្ធ Daniel Sturridge នៅនាទី៣០ និងJames Milner ស៊ុតបាល់ពិន័យប៉េណាល់ទីនៅ៦នាទីបន្ទាប់ មុនពេល PSG តាមស្មើ២គ្រាប់វិញដោយខ្សែការពារ Thomas Meunier នៅនាទី៤០ និង Kylian Mbappe នៅនាទី៨៣។
ការប្រកួតរវាងក្រុមទាំងពីរដែលធ្វើឡើងនៅទឹកដី Anfield បានឈានដល់ម៉ោងបន្ថែម៩០+១ទៅហើយ ប៉ុន្តែខ្សែប្រយុទ្ធឆ្នើមសញ្ជាតិប្រេស៊ីល Firmino បានរកគ្រាប់បាល់ជ័យជម្នះលើក្រុមយក្សបារាំងដើម្បីជួយក្រុមលោក Jurgen Klopp ទទួលបាន៣ពិន្ទុឈរនៅកំពូលតារាងពូល C បណ្តោះអាសន្ន ខណៈមួយគូទៀតដែលស្ថិតក្នុងពូលជាមួយគ្នានាជំនួបរវាង FK Crvena Zvezda និងNapoli បានត្រឹមស្មើ ០-០។
ចំណែកក្រុមពីអង់គ្លេសមួយទៀត Tottenham Hotspur បានត្រឹមទទួលការខកចិត្តសម្រាប់ជំនួបបើកឆាកបន្ទាប់ពីចាញ់ដោយគ្រាប់បាល់វាយបកតាមឈ្នះរបស់ម្ចាស់ផ្ទះ Inter Milan ក្នុងលទ្ធផល ២-១។
កូនក្រុមរបស់លោក Mauricio Pochettino អាចរកគ្រាប់បាល់នាំមុខមុននៅនាទី៥៣ដែលស៊ុតបញ្ចូលទីដោយខ្សែបម្រើឆ្នើម Christian Eriksen។ ការប្រកួតបានឈានដល់ចុងម៉ោងទៅហើយប៉ុន្តែក្រុមម្ចាស់ផ្ទះដែលមានអ្នកចាត់ការលោក Luciano Spalletti អាចរកបានដល់ទៅ២គ្រាប់យកឈ្នះវិញដោយការស៊ុតបាល់បញ្ចូលទីដ៏អស្ចារ្យពីខ្សែប្រយុទ្ធឆ្មើម Mauro Icardi នៅនាទី៨៦ និងការតែតរបស់ខ្សែការពារ Matias Vecino នៅនាទី៩០+២ ដើម្បីជួយឲ្យ Inter បាន៣ពិន្ទុ និងឈរចំណាត់ថ្នាកទី២ពូល B ដែលជាពូលពោពេញដោយក្រុមខ្លាំង។
ក្នុងពូល B នេះដែរ Barcelona ដែលគេគិតថាជាក្រុមល្អជាងគេក្នុងចំណោមក្រុមទាំង៤ បានយកឈ្នះ PSV Eindhoven រហូតដល់ ៤-០ ដែលធ្វើបានដោយគ្រាប់បាល់ Hat-Trick ពីតារាឆ្នើម Lionel Messi និងខ្សែប្រយុទ្ធ Ousmane Dembele។
ដោយឡែកក្នុងការប្រកួតវគ្គសន្សំពិន្ទុពូល A ម្ចាស់ផ្ទះ Monaco ក៏ទទួលបានលទ្ធផលខកចិត្តផងដែរក្រោយបរាជ័យក្រោមថ្វីជើងក្រុមខ្លាំងពីអេស្ប៉ាញ Atletico Madrid។ ម្ចាស់ជើងឯកឆ្នាំ២០០៤ អាចរកគ្រាប់បាល់នាំមុខមុនទៅហើយដោយខ្សែប្រយុទ្ធ Samuel Grandsir តាំងពីនាទី១៨ម្លេះ ប៉ុន្តែនាទី៣១ Diego Costa ស៊ុត១គ្រាប់តាមស្មើវិញ មុនខ្សែការពារ Jose Gimenez រកគ្រាប់បាល់ជ័យជម្នះដោយការតែតបញ្ចូលទីនៅចុងតង់ទី១។
ក្រុមរបស់លោក Diego Simeone អាចរកបាន៣ពិន្ទុនឹងឈរនៅកំពូលតារាងបណ្តោះអាសន្ន ខណៈ Borussia Dortmund ដែលយកឈ្នះក្រុមពីប៊ែលហ្ស៊ិក Club Brugge ១-០ ដើម្បីឈរនៅលេខរៀងទី២ នៃវគ្គសន្សំពិន្ទុពូល A។
សម្រាប់ពូល D ក្នុងជំនួប២គូ Galatasaray បានយកឈ្នះ Lokomotiv Moscow ៣-០ និង Schalke 04 បើកទ្វាស្វាគមន៍ FC Porto ដោយបញ្ចប់ទៅក្នុងលទ្ធផលមួយស្មើ។ ក្រុមមកពីតួកគី Galatasaray ទទួលបាន៣ពិន្ទុ ឈរនៅកំពូលតារាងពូល D៕
Tag:
បាល់ទាត់
UEFA Champios League
Liverpool
Inter Milan
© រក្សាសិទ្ធិដោយ thmeythmey.com