ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទូត​ខ្មែរ​ប្រចាំ​UN រិះគន់​អ្នកការពារ​សិទ្ធិមនុស្ស​ថា កំពុង​បំផ្លាញ​ប្រព័ន្ធ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​
19, Sep 2018 , 1:19 pm        
រូបភាព
រាប់ពីឆ្វេងទៅលោក ណី សំអុល (អង្គុយអានសេចក្តីថ្លែងការណ៍) ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍នៃកម្ពុជា ប្រចាំមន្ទីរអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ
រាប់ពីឆ្វេងទៅលោក ណី សំអុល (អង្គុយអានសេចក្តីថ្លែងការណ៍) ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍នៃកម្ពុជា ប្រចាំមន្ទីរអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ
​ភ្នំពេញ​៖ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​កម្ពុជា ប្រចាំ​មន្ទីរ​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា នៅ​ទីក្រុង​ហ្សឺ​ណែវ បាន​រិះគន់​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​ថា កំពុង​ប្រើ​យុទ្ធសាស្ត្រ​មិន​គប្បី ដែល​បំផ្លាញ​ដល់​ប្រព័ន្ធ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​។​


 
​ប្រតិកម្ម​របស់​ឯកអគ្គ​រាជទូត​កម្ពុជា​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុម​អ្នក​សិទ្ធិមនុស្ស​មួយចំនួន បាន​លើកយក​បញ្ហា​សិទ្ធិមនុស្ស​កម្ពុជា​ទៅ​ពិភាក្សា ខុស​បរិបទ​។ ត្រង់ចំណុច​នេះ​លោក ណី សំអុល បាន​ពន្យល់ថា ក្នុងសម័យ​ប្រជុំ​លើក​ទី​៣៩ ដែលមាន​របៀបវារៈ​ចំណុច​ទី​៤ ត្រូវបាន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​លើកយក​ពិភាក្សាគ្នា កាលពី​ថ្ងៃទី​១៨ កញ្ញា​នោះ គឺ​ទាក់ទង​បញ្ហា​សិទ្ធិមនុស្ស​ក្នុងប្រទេស​ចំនួន​៤ ហើយក៏​មិនមែនជា​បញ្ហា​របស់​ប្រទេស​កម្ពុជា​ឡើយ​។ ប៉ុន្តែ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ទាំងនោះ នៅតែ​ទាញយក​កម្ពុជា​ចូលក្នុង​បរិបទ​នេះ ដើម្បី​បំពេញ​បំណង​រិះគន់​មកលើ​កម្ពុជា​។ បើតាម​លោក ណី សំអុល បញ្ហា​កម្ពុជា ត្រូវបាន​ដាក់ចូល​ក្នុង​ចំណុច​ទី​១០ ដែល​នឹងត្រូវ​យកមក​ពិភាក្សា នៅ​ថ្ងៃទី​២៦ កញ្ញា សប្ដាហ៍​ក្រោយ​។​
 
​ដោយសារ​ឃើញ​ពី​ភាពអវិជ្ជមាន​របស់​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​ទាំងនោះ ទើប​ឯកអគ្គរាជទូត​កម្ពុជា​រូបនេះ ហ៊ាន​រិះគន់​វិញ​ថា ប្រព័ន្ធ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ កំពុង​រង​ការបំផ្លិចបំផ្លាញ ដោយសារ​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​ទាំងនេះ​។​
 
​សេចក្តីថ្លែងការណ៍​រប​ស់ឯក​អគ្គរាជទូត​ក​ម្ពុ​ជាប្រចាំ​មន្ទីរ​អង្គការសហប្រជាជាតិ បាន​សរសេរ​ដូច្នេះ​ថា​៖«​ហេតុនេះ ដើម្បី​ធ្វើ​វិនាដ​កម្ម​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក្នុង​គោលបំណង​បន្ដុះបង្អាប់​កិត្តិសព្ទ​រាជរដ្ឋាភិបាល ប្រតិភូ​សហភាព​អឺរ៉ុប មិន​រារែក​ឡើយ ក្នុងការ​រំលោភ​វិធាន​ទំនៀមទម្លាប់ និង​ការអនុវត្ត​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ដែលមាន​ចាប់តាំងពី​ការបង្កើត​ក្រុមប្រឹក្សា​នេះ​លើកដំបូង​នៅ​ឆ្នាំ​២០០៦​។ យុទ្ធសាស្ត្រ​មិន​គប្បី​នៃ​ការដុត​ផ្ទះ ដើម្បី​ស្ងោរ​ស៊ុត​នេះ មិន​ខុសពី​ការបង្កើត​អាប​ធ្មប់​ដ៏​កាច​សាហាវ (Frankenstein) ដោយ​ជ្រក​ក្រោម​ឈ្មោះ​អ្នកតស៊ូ​មតិ​សិទ្ធិមនុស្ស ដែល​នឹងមិន​ផ្ដល់​ប្រយោជន៍​អ្វី​ឡើយ​។ ប៉ុន្តែ​ផ្ទុយទៅវិញ វា​នឹង​បំផ្លាញ​ប្រព័ន្ធ​សិទ្ធិមនុស្ស​ទាំងមូល​រប​ស់​អង្គការសហប្រជាជាតិ​»​។​
 
​អ្វីដែល​លោក ណី សំអុល ចង់ឃើញ​នោះ គឺ​ការវាយតម្លៃ និង​រិះគន់​លើ​បញ្ហា​កម្ពុជា នៅក្នុង​ពេលវេលា​ត្រឹមត្រូវ ឬ​សមស្រប ពោលគឺ​មិនមែន​ចេះតែ​រិះគន់​ខុសពី​បរិបទ​នោះទេ​។​« ការលើកឡើង​បែបនេះ មិនមែន​មានន័យថា​ក​ម្ពុ​ជា ទាមទារ​នូវ​ការ​រួច​ផុតពី​ការរិះគន់​នោះទេ​។ យើងខ្ញុំ​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ទទួលយក​នូវ​មតិ​ដែល​លើ​ឡើង ប៉ុន្តែ​គប្បី​ធ្វើឡើង​នៅក្នុង​វេទិកា​ដ៏​សមស្រប​។ គណប្រតិភូ យើងខ្ញុំ​យល់ថា គ្មាន​ប្រទេស​ណាមួយ​ផុតពី​ការរិះគន់​ឡើយ ហើយ​ថា​មិនមាន​ស្ថានភាព​សិទ្ធិមនុស្ស​នៃ​ប្រទេស​ណាមួយ ដែល​ល្អឥតខ្ចោះ​នោះទេ​។ ហើយ​មិន​ខុសពី​អ្នកដទៃ​ទៀតឡើយ គណប្រតិភូ​យើងខ្ញុំ ក៏​យល់​ផងដែរ​ថ សិទ្ធិមនុស្ស​មិនមែនជា​គោលដៅ​ដែល​អាច​សម្រេច​ភ្លាមៗ​នោះទេ ។ ប៉ុន្តែ​វា​ជា​ដំណើរ​ការដែល​ទាមទារ​ពេលវេលា និង​ធនធាន ខណៈពេលដែល​នរណាម្នាក់​ចង់​លើកកម្ពស់ ការពារ​និង​គោរព​សិទ្ធិមនុស្ស​»​។ នេះ​ជាការ​បញ្ជាក់​របស់​ឯក​អគ្គរាជទូត​កម្ពុជា​។​
 
​ជាមួយគ្នានេះ​លោក ណី សំអុល ស្នើ​ឲ្យ​ប្រតិភូ​សហភាព​អឺរ៉ុប គោរព​តាម​វិធាន និង​ការអនុវត្ត​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ព្រោះ​ការរំលោភច្បាប់​មិន​ត្រឹមតែ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិសព្ទ​ម្ចាស់​សេចក្តីថ្លែងការណ៍​នោះទេ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​ខូច​ប្រព័ន្ធ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ទាំងមូល ៕

Tag:
 UN
  សិទ្ធិមនុស្ស​
  ណី សំអុល​
© រក្សាសិទ្ធិដោយ thmeythmey.com