កីឡាជាតិ
ជាតិ
លោក ថោង ខុន​៖ ចិន​និង​កម្ពុជា ជា​មិត្ត​ដែកថែប ដែល​គ្មាន​ថ្ងៃ​ប្រេះស្រាំ​
19, Sep 2018 , 8:59 pm        
រូបភាព
លោក ថោង ខុន ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានក្នុព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុននៅអង្គរវត្តកាលពីពេលកន្លងទៅ
លោក ថោង ខុន ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានក្នុព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុននៅអង្គរវត្តកាលពីពេលកន្លងទៅ
ដោយ:
​ភ្នំពេញ​៖ ចិន​គឺជា​ខ្នងបង្អែក​ដ៏​រឹងមាំ ក្នុង​ការជួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។ បច្ចុប្បន្ន​ទំនាក់ទំនង​រវាង​កម្ពុជា​-​ចិន បាន​ឈានដល់​ចំណុចកំពូល​យុទ្ធសាស្ត្រ និង​គ្រប់​ជ្រុងជ្រោយ​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ក្រសួងទេសចរណ៍​លោក ថោង ខុន ។​

 
​ក្នុង​ថ្ងៃ​ដឹកនាំ​ប្រតិភូ​អន្តរក្រសួង​ផ្នែក​បច្ចេកទេស​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​ទស្សនកិច្ច​ការដ្ឋាន​សាងសង់​ទីលាន​បាល់ទាត់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែលជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ចិន លោក ថោង ខុន បាន​និយាយថា ចិន​គឺជា​ដៃគូ​វិនិយោគ​ធំជាងគេ​នៅ​កម្ពុជា ទាំង​ផ្នែក​អចលនទ្រព្យ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ទេសចរណ៍ ហើយ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ប្រៀបដូចជា​ដែកថែប ដែល​គ្មាន​ថ្ងៃ​ប្រេះស្រាំ​។ 
 


«​ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា​-​ចិន​បាន​ឈានដល់​ចំណុចកំពូល​យុទ្ធសាស្ត្រ និង​គ្រប់​ជ្រុងជ្រោយ​។ ប៉ុន្តែ​បច្ចុប្បន្ន​ចិន​គេ​ប្រើពាក្យ​មួយ​ថា កម្ពុជា​ជា​មិត្ត​ដែកថែប ដែល​គ្មាន​ថ្ងៃ​ប្រេះស្រាំ និង​រឹងមាំ​ជា​រៀងរហូត​»​។ ការលើកឡើង​របស់លោក ថោង ខុន បែបនេះ​គឺ​ឆ្លើយ​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន ដែល​សួរ​ពី​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​ចិន​នាពេល​បច្ចុប្បន្ន​។ 
 
​លោក ថោង ខុន ដែលជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ផង​នោះ ជឿជាក់ថា មិត្តភាព​រវាង​កម្ពុជា​-​ចិន នឹង​រឹងមាំ គ្មាន​ថ្ងៃ​ប្រែប្រួល​នាពេល​អនាគត​។ «​ចិន​ជា​ខ្នងបង្អែក​ដ៏​រឹងមាំ​សម្រាប់​កម្ពុជា​ទាំង​ការវិនិយោគ សំណង់ សេដ្ឋកិច្ច ទេសចរណ៍ និង​ពាណិជ្ជកម្ម​ផ្សេងៗ​។ ហើយ​ចិន​នឹង​នៅ​ជាមួយ​កម្ពុជា ដើម្បី​ជួយ​ឲ្យ​ប្រជាជនមាន​ជីវភាព​រីកចម្រើន និង​កម្ពុជា​មានការ​អភិវឌ្ឍ នេះ​ជា​គោលដៅ​ដ៏​មហិមា​និង​មោទកភាព​បំផុត​សម្រាប់​យើង​»​។ នេះ​ជា​បញ្ជាក់​របស់លោក ថោង ខុន​។ 
 
​បច្ចុប្បន្ន​ទីលាន​បាល់ទាត់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ សាងសង់​បាន​២០​ភាគរយ​ហើយ ដោយ​គ្រោង​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ​នៅ​ឆ្នាំ​២០២១​។ កីឡដ្ឋាន​នេះ សាងសង់​ដោយ​ក្រុមហ៊ុន​ចិន មាន​ទំហំ​ទឹកប្រាក់​រហូតដល់​ជាង​១៥៧​លាន​ដុល្លារ ដែល​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ចិន​។ 
 
​ទីលាន​បាល់ទាត់​នេះ ជា​សមិទ្ធផល​ដំណាក់កាល​ទី​២ ខណៈ​សមិទ្ធផល​ដំណាក់កាល​ទី​១​រួមមាន​អាង​ហែល​ទឹក អគារ​កីឡា​ក្នុង​សាល និង​ក្រៅ​សាល​មួយចំនួន ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុងអំឡុង​ខែមេសា កន្លងទៅ ក្រោម​វត្តមាន​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន​។ ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ សាង់សង់ឡើង ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣៕ 
​ 

Tag:
 ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​
  ថោង ខុន​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com