ជាតិ
សង្គមជាតិ
សិស្ស​ខ្លះ​តវ៉ា ឯ​សិស្ស​ខ្លះ​មិន​ចង់​ឲ្យ​ក្រសួង​ដក​សាលា​ជំនាន់​ថ្មី ចេញពី​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ឡើយ​
19, Sep 2018 , 4:05 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រោយពី​មានការ​តវ៉ា​ឲ្យ​ដក​សាលា​ជំនាន់​ថ្មី​ចេញពី​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ សិស្ស​ជាច្រើន​ដែល​រៀន​នៅ​សាលា​ជំនាន់​ថ្មី ពុំ​ពេញចិត្ត​ឲ្យ​មាន​ការដក​សាលា​នេះ​ចេញ​ឡើយ​។ ពួកគេ​និយាយថា ការសិក្សា​នៅ​សាលា​ជំនាន់​ថ្មី ជា​សាលា​ដែលមាន​គុណភាព​អប់រំ ដែល​ប្រកបដោយ​ស្តង់ដា​ខ្ពស់ និង​បច្ចេកវិទ្យា​ទំនើប​។ ដូច្នេះ​ពួកគេ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា សាលា​នេះ​ពិតជា​អប់រំ​ឲ្យ​គេ​មានចំណេះដឹង​ទាំង​ទ្រឹស្តី និង​ការអនុវត្ត​។​

 
​យុវតី រិ​ទ្ធ សុ​ផា​បញ្ញា ជា​សិស្ស​ថា្នក់​ទី​៨ នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ជំនាន់​ថ្មី ទើបតែ​ផ្លាស់ប្តូរ​ពី​សាលា​រដ្ឋ​រយៈពេល​មួយឆ្នាំ បាន​ប្រាប់​ដល់​អ្នកសារព័ត៌មាន​ថ្មីៗ​ថា ខ្លួន​ពិតជា​សាក​សា្តយ​បើសិនជា​មានការ​ដកចេញ​សាលា​ជំនាន់​ថ្មី​នេះ ដោយសារ​សាលា បានផ្តល់​ចំណេះដឹង​ជាច្រើន​ប្រកបដោយ​គុណភាព​អប់រំ​ល្អ​។ ជា​សិស្ស​ដែល​គាំទ្រ​ឲ្យ​សាលា​ជំនាន់​ថ្មីមានដំណើរ​ត​ទៅមុខទៀត​នោះ សុ​ផា​បញ្ញា បាន​និយាយថា គូរ​តែមាន​ការសហការ​គ្នារ​វាង​សិស្ស​ជំនាន់​ថ្មី និង​សិស្ស​ជំនាន់​ចាស់ ដើម្បី​រួមគ្នា​ពង្រឹងសមត្ថភាព និង​ខិតខំ​រៀនសូត្រ​សម្រាប់​ប្រទេសជាតិ​។ សុ​ផា​បញ្ញា មិន​ចង់​ឲ្យ​សិស្ស​ដែល​រៀន​នៅ​សាលា​ជាមួយគ្នា ឈ្លោះប្រកែក​គ្នា មើលមុខ​គ្នា​មិន​ចំ​ទេ​។ សុ​ផា​បញ្ញា បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​សំណូមពរ​ឲ្យ​សិស្ស​ទាំងអស់​មានការ​យោ​គយល់​គ្នា និង​ចេះ​ស្រឡាញ់គ្នា មិនត្រូវ​មានការ​រើសអើង​គ្នា ទោះបីជា​មានការ​បែងចែក​ជា​ប្រព័ន្ធ​អប់រំ​ថ្មី​នេះ​ក៏ដោយ​»​។ 


 
​ដូចគ្នា​ដែរ កញ្ញា អ៊ុង​ជា ណា​រ័ត្ន ជា​សិស្ស​រៀន​នៅ​សាលា​ជំនាន់​ថ្មី មាន​ការមិន​ពេញចិត្ត​ជាខ្លាំង ចំពោះ​ការតវ៉ា​ឲ្យ​ដក​សាលា​នេះ​ចេញ​ឡើយ​។ យុវតី​រូបនេះ យល់ឃើញថា សាលា​ជំនាន់​ថ្មី ពិតជា​បាន​ជួយ​ឲ្យ​នាង​មានចំណេះដឹង​ទាំង​ទ្រឹស្តី និង​អនុវត្តន៍ ដោយសារតែ​លោកគ្រូ អ្នកគ្រូ​មានការ​បង្រៀន​យ៉ាង​ចិត្ត​ទុកដាក់​ចំពោះ​សិស្ស​។ កញ្ញា ណា​រ័ត្ន បាន​និយាយថា ប្រព័ន្ធ​អប់រំ​ថ្មី​ដែល​ក្រសួង​អប់រំ​បាន​បង្កើត​នេះ ចង់​ឲ្យ​សិស្ស​ទាំងអស់​អាច​សិក្សា​ប្រកបដោយ​បច្ចេកវិជ្ជា និង​វិទ្យាសាស្ត្រ​ទំនើប និង​អាច​ប្រ​កួត​ប្រជែង​កម្មវិធីសិក្សា​ទៅ​ក្រៅប្រទេស​ផងដែរ​។ មាន​អាយុ​១៦ ឆ្នាំ ណា​រ័ត្ន​បញ្ជាក់ថា​៖ «​ប្រព័ន្ធ​អប់រំ​ថ្មី​នៅ​សាលា​ជំនាន់​ថ្មី បានធ្វើ​ឲ្យ​ខ្ញុំ​មានការ​ផ្លាស់ប្តូរ​ចិត្តគំនិត​ឲ្យ​ស្រឡាញ់​ការសិក្សា​ខ្លាំង​ជាង​មុន និង​ចេះ​រាប់អាន​មិត្តភក្តិ​ដើម្បី​ជួយ​ចែករំលែក​ចំណេះដឹង​គ្នា​ទៅវិញទៅមក​»​។ 
 


​មិន​ខុសពី​យុវតី​សុ​ផា​បញ្ញា និង​ណា​រ័ត្ន​ទេ យុវ​សិស្ស រស់ ពេ​ជ​វិមាន​រតនា ដែល​កំពុង​សិក្សា​នៅ​សាលា​ជំនាន់​ថ្មី មិនសូវ​បង្ហាញ​អារម្មណ៍​តក់ស្លុត​ចំពោះ​ការតវ៉ា​ឲ្យ​ដក​សាលា​នេះ​ទេ​។ ពោល​យុវ​សិស្ស​ម្នាក់នេះ ជាក់​ជឿថា​លើ​ក្រសួង​នឹង​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​។ ណា​រ័ត្ន ពិតជា​ពេញ​ចិត្តនឹង​ក្រសួង​ដែល​បាន​បង្កើត​សាលា​នេះ​ឡើង ដើម្បី​ពង្រឹង​ការអប់រំ​ឲ្យ​មាន​ប្រសិទ្ធ​ភាពប្រសើរ​ជាង​មុន​។ 
 
​រតនា បាន​បញ្ជាក់ថា​៖«​មិនអាច​បន្ទោស​ក្រសួង​ដែល​បាន​បង្កើត​សាលា​នេះ​ទេ ព្រោះ​វា​ជា​គោលដៅ​មួយ​ដែល​អាច​ទម្រង់​ទិស​ឲ្យ​យើង​ទទួលបាន​គុណភាព​ការអប់រំ និង​បណ្តុះ​បណ្ត​ល​ឲ្យ​យើង​ឲ្យ​ស្គាល់​ពីមុខ​វិជ្ជា STEM និង​កំ​ព្យូ​ទ័​រ​បាន​យ៉ាង​ស្ទាត់ជំនាញ​»​។ 
 


​ការលើកឡើង​របស់​យុវ​សិស្ស​ខាងលើនេះ ធ្វើឡើង​ក្រោយពី​គ្រូបង្រៀន និង​សិស្ស​ខ្លះទៀត នៅ​សាលារៀន​ព្រះស៊ីសុវត្ថិ​នេះ បាននាំគ្នា​តវ៉ា​ឲ្យ​ដក​សាលា​ជំនាន់​ថ្មី​ចេញ នៅ​ព្រឹក​ថ្ងៃទី​១៩ កញ្ញា​។ ទាំង​គ្រូបង្រៀន និង​សិស្ស​ទាំងនេះ សុទ្ធតែ​អះអាងថា ការបង្កើត​សាលា​ជំនាន់​ថ្មី​ក្នុង​សាលារៀន​ព្រះស៊ីសុវត្ថិ​នេះ បង្ក​ឲ្យ​មាន​ភាព​ល្អក់កករ​ក្នុងការ​អប់រំ ពោលគឺ​ស្ដង់ដារ​អប់រំ​បែង​ចែកជា​ពីរ ។ ជាពិសេស​គ្រូ និង​គ្រូ ហើយ​សិស្ស និង​សិស្ស រើសអើង​គ្នា​ជាដើម​។​
 
​តែ​យ៉ាងណា​អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ឌី ខាំ​បូ​លី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្រសួង​អប់រំ នឹង​ពិនិត្យ​ដោះស្រាយ​លើ​បញ្ហា​តវ៉ា​នេះ ប្រសិនបើ​មាន​ញត្តិ​ផ្លូវ​ការទាក់ទង​នឹង​មូលហេតុ​នៃ​ការតវ៉ា​នេះ​។ ដោយឡែក អ្នកនាំពាក្យ​រូបនេះ ក៏បាន​បញ្ជាក់ទៀតថា មិនមាន​ការប្ដូរឈ្មោះ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ទៅជា​សាលា​ជំនាន់​ថ្មី ដូច​តែ​អ្នកលេង​បណ្ដាញ​សង្គម​លើកឡើង​នោះទេ​។​
 
​សូមបញ្ជាក់ថា សាលា​ជំនាន់​ថ្មី​នេះ បាន​បង្កើតឡើង​នៅ​ខែមិថុនា ឆ្នាំ​២០១៦ ដោយ​ផ្តោតទៅលើ​មុខវិជ្ជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា  វិស្វកម្ម និង​គណិតវិទ្យា​ដែល​គេ​ហៅថា STEM  ក្នុង​គោលបំណង​ដើម្បី​បណ្តុះបណ្តាល​មូលដ្ឋានគ្រឹះ​ឯកទេស STEM ឲ្យ​រីកចម្រើន​ទៅមុខ​សម្រាប់​យុវជន​កម្ពុជា​។ សាលា​ជំនាន់​ថ្មី ជា​សាលា​ដែល​ក្រសួង​អប់រំ​បង្កើតឡើង​សាកល្បង ដើម្បី​ពង្រឹងគុណភាព​អប់រំ​នៅ​កម្ពុជា​។ នៅក្នុង​សាលា​នេះ មាន​ឧបករណ៍ និង​សម្ភារ​ទំនើបៗ​សម្រាប់​សិស្ស​អនុវត្ត​ផងដែរ​៕


Tag:
 សាលា​ជំនាន់​ថ្មី​
  សិស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com