Antoine Griezmann តារាឆ្នើមរបស់ Atletico Madrid និយាយថារូបគេនៅតែមិនអាចយល់ថាហេតុអ្វីបានជាខ្លួនមិនត្រូវបានសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (FIFA) បោះឆ្នោតជ្រើសរើសក្នុងចំណោមកីឡាករ៣រូបចុងក្រោយដើម្បីប្រជែងពាន FIFA Best awards។ ទោះយ៉ាងនេះក្តី ខ្សែប្រយុទ្ធជម្រើសជាតិបារាំងរូបនេះសង្ឃឹមថាខ្លួននឹងឈ្នះពាន Ballon d'Or ដែលជាពានធំជាងគេដើម្បីជំនួសវិញ។ Sergio Ramos បានរិះគន់ចំៗចំពោះការលើកឡើងរបស់ Griezmann បែបនេះ។
Griezmann ដែលបានជួយបារាំងឈ្នះពានរង្វាន់កីឡាបាល់ទាត់ពិភពលោក FIFA World Cupនៅរុស្ស៊ី បានប្រាប់កាសែតអេស្ប៉ាញ AS ថា៖«នេះជាពានរង្វាន់របស់ FIFA តែវាគួរឲ្យអាសូរណាស់ដែលគ្មានបេក្ខភាពកីឡាករដែលឈ្នះ World Cup សូម្បីតែម្នាក់ដើម្បីជ្រើសរើសយកទៅប្រជែង៣រូបចុងក្រោយ»។
Cristiano Ronaldo រួមទាំង Luka Modric ដែលជួយ Real Madrid លើកពាន Champions Leageu ៣រដូវកាលជាប់គ្នា និងខ្សែប្រយុទ្ធអេហ្ស៊ីប Mohamed Salah ដែលបង្ហាញខ្លួនឲ្យ Liverpool នៅរដូវកាលដំបូងយ៉ាងល្អឥតខ្ចោះស្ថិតក្នុងបេក្ខភាព៣នាក់ចុងក្រោយដែលត្រូវប្រជែងពានកីឡាករឆ្នើមបំផុតប្រចាំឆ្នាំ ២០១៨ របស់ FIFA នេះ។
ប៉ុន្តែសម្រាប់ Griezmann ដែលបានជួយ Atletico ឈ្នះពានរង្វាន់ Europa League និងដើរតួយ៉ាងសំខាន់ដើម្បីនាំមាន់គកបារាំងលើកពាន World Cup ជាលើកទី២ មិនត្រូវបាន FIFA ជ្រើសរើសឡើយ។
បើទោះបីមិនជាប់ក្នុងជម្រើសរបស់ FIFA ក្តី ប៉ុន្តែខ្សែប្រយុទ្ធវ័យ២៧ឆ្នាំរូបនេះសង្ឃឹម និងមានមហិច្ឆតាថារូបគេនឹងអាចឈ្នះពាន Ballon d'Or ដែលផ្តល់ដោយទស្សនាវដ្តីបាល់ទាត់បារាំងសម្រាប់កីឡាករឆ្នើមដែលត្រូវបានអ្នកកាសែតកីឡានៅជុំវិញពិភពលោកបោះឆ្នោតឲ្យ។
«ខ្ញុំគិតថា Ballon d'Or ជាពានរង្វាន់មានកិត្យានុភាពលើសគេ និងពោពេញដោយប្រវត្តិសាស្ត្រ»។ Griezmann បន្ថែមដូច្នេះ។
ការលើកឡើងរបស់ Griezmann ជុំវិញពាន Ballon d'Or ខាងលើក៏ត្រូវបានរងការរិះគន់ចំៗផងដែរពីសំណាក់ខ្សែការពារ Real Madrid កីឡាករ Sergio Ramos។
«នៅពេលខ្ញុំលឺសម្តីក្មេងម្នាក់នេះនិយាយ ខ្ញុំចងចាំថាមានកីឡាករដូចជា Francesco Totti, Raul, Gianluigi, Buffon, Iker, Casillas, Paolo, Maldini, Xavi ឬ Andres Iniesta ជាដើមបានឈ្នះពានគ្រប់យ៉ាងប៉ុន្តែមិនមែន Ballon d'Or ទេ។ មនុស្សគ្រប់រូបមានសេរីភាពក្នុងការបញ្ចេញមតិ ប៉ុន្តែខ្ញុំគិតថាគាត់ [Griezmann] គួរតែទទួលយកដំបូន្មានពីលោក Diego Simeone, Diego Godin ឬ Koke ដែលមានតម្លៃបំផុតក្នុងការជួយ Atletico Madrid យ៉ាងល្អឥតខ្ចោះ»។ នេះជាការលើកឡើងរបស់ Ramos។
ខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះបន្ថែមថា Griezmann មិនគួរមើលរំលង Lionel Messi និង Cristiano Ronaldo ដើម្បីក្រសោបពានលំដាប់កំពូលពិភពលោកនេះទេ៕