ជាតិ
សម្តេច មិនបោះឆ្នោតឡើងវិញទេ ហើយសួរថា អ្នកណា ហ៊ានដកអាសនៈកម្ពុជានៅ UN រូបពីអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី
× ភ្នំពេញ៖ មានរឿងពីរ ដែលធ្វើឲ្យសម្តេច ហ៊ុន សែន ហួសចិត្ត គឺការទាមទារឲ្យបោះឆ្នោតសាជាថ្មី និងការឃោសនាថា អង្គការសហប្រជាជាតិ (UN) នឹងព្យួរអាសនៈកម្ពុជា។
គ្មានឡើយការរៀបចំបោះឆ្នោត ដែលខុសនឹងកាលកំណត់ក្នុងច្បាប់កម្ពុជា។ នេះជាការបញ្ជាក់របស់សម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច ក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨។
ទោះជាមិននិយាយឲ្យចំក្តី តែអ្នកដែលប្រធានគណបក្សកាន់អំណាច ចង់សំដៅនោះ គឺគ្មានអ្នកណាផ្សេងក្រៅពីលោក សម រង្ស៊ី និងអតីតក្រុមអ្នកប្រឆាំងនោះទេ។ ប្រមុខរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ នឹងរៀបចំឡើង នៅឆ្នាំ២០២២ ហើយការបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៧ គឺ នៅឆ្នាំ២០២៣។ នាយករដ្ឋមន្ត្រីកម្ពុជា សង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«ខុសពីនេះ គឺគ្មានទេ សុំកុំរង់ចាំខ្មោច ដែលងាប់ហើយ»។
បន្ទាប់មក សម្តេច ហ៊ុន សែន ក៏បានឆ្លើយតបទៅអតីតក្រុមអ្នកប្រឆាំង ដែលបំភ័យថា អាសនៈកម្ពុជានៅអង្គការសហប្រជាជាតិ នឹងត្រូវទុកឲ្យនៅទំនេរ បើរដ្ឋាភិបាលកម្ពុជា មិនកែប្រែស្ថានភាពឲ្យល្អប្រសើរ។ មេដឹកនាំកម្ពុជា បានប្រាប់ទៅសាធារណជន ជាពិសេសអ្នកគាំទ្រអតីតគណបក្សប្រឆាំង កុំឲ្យភាន់ច្រឡំពីការឃោសនានេះ។
សម្តេច ហ៊ុន សែន និយាយខ្លាំងៗ និងលើកជាសំណួរបែបនេះថា៖«រហូតដល់អ្នកខ្លះ ឃោសនាប៉ុន្មានថ្ងៃនេះថា មានការព្យួរអាសនៈកម្ពុជា។ អ្នកណាក្បាលធំ អ្នកណាថ្លើមធំ នៅលើលោកនេះ ដែលហ៊ានដកអាសនៈកម្ពុជា នៅអង្គការសហប្រជាជាតិ?»។
សម្តេច ហ៊ុន សែន បញ្ជាក់ជាថ្មីថា នឹងទៅចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី៧៣ នៃអង្គការសហប្រជាជាតិ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ក្នុងពេលខាងមុខឆាប់ៗនេះ៕
Tag:
បោះឆ្នោត
ហ៊ុន សែន
UN
© រក្សាសិទ្ធិដោយ thmeythmey.com