អត្ថបទពាណិជ្ជកម្ម
«ភ្នំដងរែក ទីពុំអាចភ្លេច»សៀវភៅដែលរៀបរាប់ពីជីវិតតស៊ូ និងឈឺចាប់ពីកុមាររបស់លោកឧកញ៉ា គួច ម៉េងលី
× លោកឧកញ៉ា គួច ម៉េងលី បានដាក់សម្ពោធសៀវភៅមួយថ្មីទៀត ដែលមានចំណងជើងថា «ភ្នំដងរែក ទីពុំអាចភ្លេច» នៅថ្ងៃទី១៩ ខែកញ្ញានេះ នាMonument Book។ សៀវភៅនេះ បានឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រដ៏ក្ដុកក្ដួលរបស់កម្ពុជា និងដកស្រង់ចេញពីជីវិតតស៊ូ និងឈឺចាប់ កាលពីកុមារភាពរបស់ លោកឧកញ៉ា គួច ម៉េងលីផ្ទាល់។
«ភ្នំដងរែក ទីពុំអាចភ្លេច» ជាស្នាដៃនិពន្ធរបស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ត្រូវបានបោះពុម្ពផ្សាយចំនួន៣០០០ច្បាប់ ដោយគ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច នៅខែឧសភា ឆ្នាំ២០១៨។
លោកឧកញ៉ា គួច ម៉េងលី ដែលបានឲ្យក្នុងពិធីសម្ពោធសៀវភៅនេះថា ខ្លឹមសារនៅក្នុងសៀវភៅកម្រាស់២៥០ទំព័រនេះ គឺរៀបរាប់ពីកម្រងជីវិតពិតរបស់ក្រុមគ្រួសាររបស់ខ្លួន ដែលបានរត់ភៀសខ្លួនចេញពីខេត្តបាត់ដំបង ទៅកាន់ជំរំនៅជាយដែនកម្ពុជា-ថៃ បំណងភៀសខ្លួនទៅប្រទេសទី៣ ដើម្បីស្វែងរកសេរីភាពជីវិត។ សៀវភៅនេះ ក៏បានរៀបរាប់ពីការរត់គេចចេញ ពីការធ្វើទុក្ខបុកម្នេញរបស់ពួកខ្មែរក្រហម ជាពិសេសគេចចេញពីការវាយប្រយុទ្ធគ្នា របស់កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា គាំទ្រដោយកងទ័ពវៀតណាមផងដែរ។ នេះបើតាមលោកឧកញ៉ា គួច ម៉េងលី ដែលបានបន្តបញ្ជាក់ថា ការរត់គេចនេះ គឺបានជំរុញឲ្យក្រុមគ្រួសារលោកឧកញ៉ា ទៅដល់ជាយដែនកម្ពុជា-ថៃ និងស្នាក់នៅក្នុងជំរំបណ្តោះអាសន្នឈ្មោះណងចាន់ ស្ថិតនៅក្នុងភូមិ ឃុំណងចាន់ ស្រុកគោកស៊ូង ខេត្តស្រះកែវ ប្រទេសថៃ។ ឧកញ៉ា គួច ម៉េងលី រៀបរាប់ទៀតថាផ្ទុយពីសេចក្ដីរំពឹងថាបានទៅប្រទេសទី៣ នៃទីឋានសេរីភាព និងសន្ដិភាព ជាអកុសល ស្នាក់នៅជំរំនោះប្រហែលមួយសប្តាហ៍ ក៏ត្រូវទាហានប៉ារ៉ាថៃ ដឹកជញ្ជូនឆ្ពោះទៅទម្លាក់ជ្រោះភ្នំដងរែក។ លោក ឧកញ៉ា គួច ម៉េងលី រៀបរាប់បន្តថា៖«ទីភ្នំដងរែកនោះហើយដែលក្រុមគ្រួសារខ្ញុំ ក៏ដូចជាជនភៀសខ្លួនរាប់ម៉ឺននាក់ផ្សេងទៀត ត្រូវទាហានប៉ារ៉ាថៃ បង្ខំឱ្យដើរទម្លាក់ជ្រោះមរណៈដ៏សែនចោត និងមហាប្រល័យ ព្រោះនៅផ្នែកខាងក្រោមនៃជ្រោះ គឺពោរពេញដោយគ្រាប់មីន។ គ្រាប់មីនទាំងនោះ បើតាមតួលេខ បានឆក់យកជីវិតជនភៀសខ្លួនប្រហែល៣០០០០នាក់ និងជាង២០០០០នាក់ផ្សេងទៀតបានបាត់ខ្លួន ហើយជនភៀសខ្លួនទាំងនោះប្រមាណ៩០ភាគរយ ត្រូវគេរកឃើញថា មានជំងឺវិបល្លាសស្មារតី ឆាប់ភ័យ តក់ស្លុត និងបាក់ស្បាត»។
ទោះយ៉ាងណាការរៀបរាប់ខាងលើមិនអាចលម្អិតពីន័យ សេចក្តីអស់នោះឡើយ ប៉ុន្តែខ្លឹមសារលម្អិតពីសភាពនៃដំណើរដើរកាត់ជ្រោះមរណៈ ដ៏មហាសែនប្រល័យ ទីជ្រលងជ្រោះភ្នំដែលសម្បូរដោយគ្រាប់មីនបង្កៃ ដំណើរឆ្លងកាត់គំនរសាកសពរណូករណែល ការបង្ខំចិត្តផឹកទឹកដងអូរដែលមានខ្មោចអណ្ដែតស្ពីងនិងមានខ្លាញ់រលើប ការរើសចំណីពីខ្មោច សម្រែកនៃសេចក្ដីសោកសង្រេង កើតចេញពីការនិរាសព្រាត់ប្រាស់ក្រុមគ្រួសារសាច់ញាតិ សភាពរងទុក្ខវេទនា បណ្ដាលមកពីអត់អាហារ អាកាសធាតុ និងស្ថានភាពផ្លូវមិនអំណោផល ការវង្វេងក្នុងព្រៃឫស្សី សភាពដេកក្នុងទឹក ការដើរសុំទានគេ បូករួមនឹងជីវិតពីកុមារភាព និងការឆ្លងកាត់របបអាវខ្មៅដោយអន្លើ នៃយុវភាពរបស់លោក ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និងក្រុមគ្រួសារ ត្រូវបានលាតត្រដាងនៅក្នុងសៀវភៅ«ភ្នំដងរែក ទីពុំអាចភ្លេច»។
លោក ឧកញ៉ា គួច ម៉េងលី រៀបរាប់ទៀតថា គួរម្លឹកថា គ្រឹះសា្ថនបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច បានបោះពុម្ពសៀវភៅដូចខាងក្រោម ៖
សៀវភៅ «អ្នកជាមនុស្សល្អ ល្អប្រសើរ និងល្អអស្ចារ្យ» បោះពុម្ពនៅឆ្នាំ២០១៦។
សៀវភៅ «ទស្សនអាជីវកម្ម គួច ម៉េងលី» បោះពុម្ពនៅឆ្នាំ២០១៦។
សៀវភៅ «ជំនួបតុកាហ្វេ រវាង ដុកទ័រ ម៉េងលី និងខ្ញុំ» បោះពុម្ពនៅឆ្នាំ២០១៦។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com