លោក Jose Mourinho អ្នកចាត់ការទូទៅ Manchester United បាននិយាយនៅថ្ងៃទី១៨ ខែកញ្ញាថាក្រុមរបស់លោកនឹងមិនយកលេសលេងលើទីលានសិប្បនិម្មិតជាការដោះសារឡើយប្រសិនបើបរាជ័យនាជំនួបទល់នឹងម្ចាស់ផ្ទះ Young Boys នៃការប្រកួតពានរង្វាន់ UEFA Champions League នៅទីក្រុង Bern ប្រទេសស្វីស។
ក្រុមរហស្សនាមបិសាក្រហមនឹងត្រូវធ្វើដំណើរទៅជួបក្រុម Young Boys នៅយប់ថ្ងៃទី១៩ ខែកញ្ញា វេលាម៉ោង២:០០រំលងអាធ្រាត្រ [ម៉ោងនៅកម្ពុជា] សម្រាប់ជំនួបដំបូងនៃវគ្គសន្សំពិន្ទុពូល H។
នេះក៏ជាការចាប់ផ្តើមយុទ្ធនាការការប្រកួតពានលំដាប់កំពូលអឺរ៉ុបជាលើកដំបូងរបស់ Man Utd នៅលើទីលានស្មៅជ័រផងដែរ។ ប៉ុន្តែយ៉ាងណាអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់មិនត្អូញត្អែពីបញ្ហាទីលាននេះឡើយ ដោយសំអាងពីភាពអស្ចារ្យរបស់កំពូលកីឡាករវាយកូនបាល់ Roger Federer ក្នុងនាមកីឡាករម្នាក់ដែលអាចប្រកួតយកជ័យជម្នះបានគ្រប់កាលៈទេសៈទាំងអស់។
Federer ដែលជាម្ចាស់ជើងឯកពានរង្វាន់ក្របខណ្ឌ Grand Slam ២០សម័យកាល បានឈ្នះការប្រកួតនៅគ្រប់ទីលានទាំងអស់ក្នុងអាជីពកីឡារបស់គេ ហើយ Mourinho បានកោតសរសើរពីការសម្របខ្លួនរបស់កីឡាករស្វីសរូបនេះ។
«ខ្ញុំមិនចង់ប្រើលេសថាលេងលើស្មៅសិប្បនិម្មិត ... ដើម្បីដោះសារសម្រាប់ការបង្ហាញខ្លួនមិនបានល្អរបស់ក្រុមខ្ញុំនោះទេ»។ អ្នកទាំងអស់គ្នាដឹងថាវាខុសគ្នាតែ ... យើងនៅទឹកដីស្វីសដែលជាផ្ទះរបស់កំពូលកីឡាវាយកូនបាល់ដ៏ល្អបំផុត ហើយខ្ញុំប្រាកដណាស់ថាកីឡារករបស់យើងជួនកាលមិនសប្បាយចិត្តនឹងលេងលើស្មៅជ័របែបនេះ ប៉ុន្តែពួកគេត្រូវតែលេង ហើយត្រូវលេងឲ្យឈ្នះ»។ The Spcial One លើកឡើងដូច្នេះ។
ក្រៅពីជំនួប Man Utd ទល់នឹង Young Boys ក៏មានការប្រកួតគូខ្លាំងរវាង Valencia និង Juventus ក្នុងពូលជាមួយគ្នានេះដែង និងរួមទាំងជំនួបគូពិសេសផ្សេងទៀត ដែលក្នុងនោះរួមមាន៖
ពូល E៖
Ajax Vs AEK Athens (ម៉ោង ១១:៥៥នាទីយប់)
Benfica VsBayern Munich (ម៉ោង ២:០០រំលងអាធ្រាត្រ)
ពូល F៖
Shakhtar Donetsk Vs Hoffenheim (ម៉ោង ១១:៥៥នាទីយប់)
Manchester City Vs Lyon (ម៉ោង ២:០០រំលងអាធ្រាត្រ)
ពូល G៖
Real Madrid Vs Roma (ម៉ោង ២:០០រំលងអាធ្រាត្រ)
Viktoria Plzen Vs CSKA Moscow (ម៉ោង ២:០០រំលងអាធ្រាត្រ)