កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo កាតក្រហមតែ Juventus ឈ្នះ Valencia ២-០
× Cristiano Ronaldo ត្រូវបានអាជ្ញាកណ្តាលសម្រេចឲ្យកាតក្រហមបណ្តេញចេញពីទីលាន ខណៈ Juventus បន្តការប្រកួតយ៉ាងស្វិតស្វាញដើម្បីទទួលជ័យជម្នះពីក្រុមម្ចាស់ផ្ទះ Valencia ដោយលទ្ធផល ២-០ នៃការប្រកួតពានរង្វាន់ UEFA Champions League វគ្គសន្សំពិន្ទុពូល H នារាត្រីថ្ងៃទី១៩ ខែកញ្ញា។
ខ្សែប្រយុទ្ធចំណូលថ្មីសញ្ជាតិព័រទុយហ្គាល់ដែលបង្ហាញខ្លួនជាលើកទី១ឲ្យក្រុមសេះបង្កង់សម្រាប់ការប្រកួតក្របខណ្ឌកំពូលអឺរ៉ុបបានយកដៃខ្វាចសក់ក្បាលរបស់ខ្សែការពារ Jeison Murillo របស់ Valencia អំឡុងពេលអ្នកទាំងពីរប៉ះទង្គិចគ្នាបន្តិចនៅមុខទីរបស់ក្រុមម្ចាស់ផ្ទះ។ ទង្វើរបស់ Ronaldo បែបនេះត្រូវអាជ្ញាកណ្តាលកាត់សេចក្តីលោក Felix Brych ពិភាក្សាជាមួយលោកជំនួយការអាជ្ញាកណ្តាលហើយសម្រេចឲ្យកាត់ក្រហមនៅនាទី២៩តែម្តង។
នេះជាការខកចិត្តសម្រាប់ Ronaldo ផងដែរបន្ទាប់ពីផ្លាស់ទៅកាន់ក្រុមជើងឯកអ៊ីតាលី Serie A ពី Real Madrid ក្នុងតម្លៃ ១១៥ លានដុល្លារកាលពីដើមរដូវកាល។ ប្រកួតលើកក្រោយទល់នឹង Young Boys ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំនឹងត្រូវអវត្តមាន។
បើទោះសល់គ្នាត្រឹម១០នាក់ក៏ដោយតែក្រុមរបស់លោក Massimo Allegri បានប្រមូលផ្តុំកំលាំងគ្នាប្រកួតយ៉ាងខ្លាំងខ្លា និងអាចនាំមុខ១គ្រាប់មុននៅតង់ទី១ ដែលធ្វើបានពីខ្សែបម្រើ Miralem Pjanic ដោយបាល់ពិន័យ១១ម៉ែត្រ។
ការប្រកួតបានឈានដល់តង់ទី២ នៅនាទី៥១ Juventus បានបន្ថែមគ្រាប់បាល់១គ្រាប់ទៀតដោយបាល់ប៉េណាល់ទីដែលធ្វើបានដោយ Pjanic ដដែល។ Valencia ក៏មានឱកាសរកគ្រាប់បាល់១គ្រាប់វិញដែរ ប៉ុន្តែត្រូវបានអ្នកចាំទី Wojciech Szczesny រារាំងបានពីការស៊ុតបាល់ពិន័យ១១ម៉ែត្រពីកីឡាករ Daniel Parejo នៅចុងម៉ោង។ បញ្ចប់ការប្រកួតនាជំនួបបើកឆាក Juventus យកឈ្នះ Valencia ២-០ និងទទួលបាន៣ពិន្ទុឈរនៅចំណាត់ថ្នាក់ទី២ពូល H។
ដោយឡែកការប្រកួត១គូទៀតក្នុងពូលនេះដែរ Manchester United បានយកឈ្នះក្រុមម្ចាស់ផ្ទះ Young Boys ក្នុងលទ្ធផល ៣-០ ក្នុងនោះ២គ្រាប់ធ្វើបានដោយខ្សែបម្រើ Paul Pogba នៅនាទី៣៥ និង៤៤ដោយបាល់ប៉េណាល់ទី និងមិត្តរួមជាតិ Anthony Martial នៅនាទី៦៦។ ជ័យជម្នះនេះបានជួយឲ្យក្រុមលោក Jose Mourinho ឈរនៅកំពូលតារាងពូល H។
សម្រាប់លទ្ធផលគូដទៃទៀត៖
ពូល E៖
Ajax ៣-១ AEK Athens
Benfica ០-២ Bayern Munich
ពូល F៖
Shakhtar Donetsk ២-២ Hoffenheim
Manchester City ១-២ Lyon
ពូល G៖
Real Madrid ៣-០ Roma
Viktoria Plzen ២-២ CSKA Moscow
Tag:
បាល់ទាត់
Cristiano Ronaldo
UEFA Champions League
Juventus
Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com