ជាតិ
រដ្ឋមន្ត្រីសម្រេចឲ្យលោក មូល ស៊ុយហេង បន្តធ្វើនាយកវិទ្យាល័យព្រះស៊ីសុវត្ថិ
× ការតវ៉ារបស់លោកគ្រូ អ្នកគ្រូ និងសិស្សមួយចំនួននៅវិទ្យាល័យព្រះស៊ីសុវត្ថិ មានប្រសិទ្ធភាព ដោយនៅថ្ងៃទី២០ ខែកញ្ញា នេះ កិច្ចប្រជុំមួយដែលដឹកនាំដោយលោករដ្ឋមន្ត្រីអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន បានសម្រេចឲ្យលោក មូល ស៊ុយហេង បន្តតួនាទី ជានាយកសាលាដដែល។
ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីលោករដ្ឋមន្ត្រី សម្រេចឲ្យមានការបោះឆ្នោតពីលោកគ្រូ -អ្នកគ្រូបង្រៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិនេះ ដោយទទួលបានសំឡេងគាំទ្រ៩៧សំឡេង និងសំឡេងមិនគាំទ្រ៥៤ សំឡេង ។ តាមរយៈសំឡេងគាំទ្រច្រើននេះ ទើបលោក ហង់ ជួន ណារ៉ុន សម្រេចឲ្យលោក មូល ស៊ុយហេង បន្តធ្វើនាយកវិទ្យាល័យវិញ។
ក្រោយចំណាយពេលមួយព្រឹក រដ្ឋមន្ត្រីក្រសួងអប់រំ បានដោះស្រាយការទាមទាររបស់គ្រូបង្រៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិនេះ បានមួយករណីប៉ុណ្ណោះ។ ចំណែកករណីដែលគ្រូបង្រៀន និងសិស្ស ទាមទារឲ្យដកសាលាជំនាន់ថ្មី ចេញពីវិទ្យាល័យស៊ីសុវត្ថិនេះ មិនទាន់មានដំណោះស្រាយនៅឡើយទេ ដោយលោក ហង់ ជួន ណារ៉ុន សម្រេចលើកយកទៅដោះស្រាយនៅពេលក្រោយ។
តែយ៉ាងណាលោកគ្រូ និងអ្នកគ្រូបង្រៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិ នឹងបន្តដាក់ញត្តិទៅក្រសួងអប់រំ ដើម្បីទាមទារឲ្យមានការដោះស្រាយលើករណីសាលាជំនាន់ថ្មីនេះ។
កន្លងមកអ្នកនាំពាក្យក្រសួងអប់រំលោក ឌី ខាំបូលី បានប្រាប់សារព័ត៌មានថ្មីៗថា ក្រសួងដកតំណែងលោក មូល ស៊ុយហេង ចេញពីនាយកវិទ្យាល័យព្រះស៊ីសុវត្ថិនេះ ក្នុងគោលបំណងផ្ទេររូបគាត់ទៅនាយកដ្ឋាននៃក្រសួងអប់រំ។ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ៖«មិនមែនជាការដកតំណែងនាយកសាលានោះទេ តាមពិត ជាការផ្ទេរភារកិច្ចរបស់នាយកសាលា គឺផ្ទេរភារកិច្ចពីវិទ្យាល័យព្រះស៊ីសុវត្ថិ មកនាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ និងបច្ចេកទេស។ ការផ្ទេរនេះ ដោយសារតែគាត់ (មូល ស៊ុយហេង) ធ្វើនៅទីនោះយូរហើយ ហើយមានបទពិសោធន៍ចាស់ទុំ អាចមកជួយការងារនៅនាយកដ្ឋានបាន»៕
Tag:
ហង់ ជួន ណារ៉ុន
មូល ស៊ុយហេង
អប់រំ
សាលាជំនាន់ថ្មី
© រក្សាសិទ្ធិដោយ thmeythmey.com