កីឡាជាតិ
ជាតិ
ទោះ​ស្ថិតក្នុង​ស្ថានភាព​របួស តែ​វិសាខា បន្ត​កិច្ចសន្យា​២​ឆ្នាំ​ឲ្យ រស់ សំអឿន
20, Sep 2018 , 7:19 pm        
រូបភាព
ដោយ:
ខ្សែបម្រើ​ការពារ រស់ សំអឿន ដែល​កំពុង​ញាំញី​ដោយ​របួស បាន​ចុះកិច្ចសន្យា​ពីរ​ឆ្នាំ​បន្ថែម​លេង​ឲ្យ​ក្លិប​វិសាខា សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៩ និង​២០២០​។ យ៉ាងហោចណាស់​ខ្សែបម្រើ​រូបនេះ ត្រូវ​សម្រាក​រយៈពេល​៨​ខែ ដើម្បី​ព្យាបាល​របួស​ជង្គង់ ដែល​បាន​វះកាត់​កាលពី​ខែសីហា ឆ្នាំ​២០១៨​កន្លងទៅ​។ រស់ សំអឿន ដែល​ទទួលបាន​ការចំណាយ​ទាំងស្រុង​ពី​ក្លិប​វិសាខា បាន​អរគុណ​ដល់​ថ្នាក់ដឹកនាំ​ក្លិប ដែល​បានផ្តល់​កិច្ចសន្យា​ថ្មី​សម្រាប់​រូបគេ​។​

 
​កីឡាករ រស់ សំអឿន បាន​បញ្ជាក់ថា រូបគេ​ត្រូវបាន​ក្លិប​វិសាខា​ផ្តល់​កិច្ចសន្យា​ថ្មី​រយៈពេល​ពីរ​ឆ្នាំ ទោះបី​បច្ចុប្បន្ន​គេ​កំពុង​សម្រាក​ព្យាបាល​របួស​ក៏ដោយ​។ ខ្សែបម្រើ​រូបនេះ​បន្តថា គេ​ត្រូវ​សម្រាក​ពី​៨​ខែ​ទៅ​១​ឆ្នាំ ដើម្បី​ព្យាបាល​របួស​ជង្គង់ ដែល​បាន​វះកាត់​កាលពី​ខែសីហា ឆ្នាំ​២០១៨ នៅ​ប្រទេស​វៀតណាម​។ តែបើ​គេ​អាច​តម​អាហារ​តាម​ការណែនាំ​របស់​គ្រូពេទ្យ និង​ព្យាយាម​ហ្វឹកហាត់​ខ្លួនឯង រូបគេ​អាច​ចំណាយពេល​ត្រឹមតែ​៦​ខែ​ប៉ុណ្ណោះ អាច​ចូលរួម​ហ្វឹកហាត់​វិញ​បាន​។​


 
«​សម្រាប់​កិច្ចសន្យា​ក្លិប​បានផ្តល់​កិច្ចសន្យា​ថ្មី​រយៈពេល​ពីរ​ឆ្នាំ​ទៀត​ដល់​រូបខ្ញុំ​។ សម្រាប់​ខ្ញុំ មិន​ប្រាកដថា អាច​លេង​បាន​១០០​ភាគរយ​តាម​ការកំណត់​របស់​គ្រូពេទ្យ​នោះទេ តែ​ខ្ញុំ​នឹង​ព្យាយាម​ធ្វើតាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​»​។ នេះ​ការលើកឡើង​របស់​កីឡាករ រស់ សំអឿន​។   
 
​ក្រោយ​សម្រាក​ព្យាបាល​អស់​រយៈពេល​ជិត​កន្លះ​ខែ មុខរបួស​វះកាត់​ជង្គង់​របស់​ខ្សែបម្រើ​ខាងលើ បានជា​សះស្បើយ​ប្រមាណ​៣០​ភាគរយ​ហើយ​។ អតីត​កីឡាករ​របស់​បឹងកេត​រូបនេះ បាន​រងរបួស​ជង្គង់​អំឡុងពេល​ហ្វឹកហាត់​ជា​ក្រុម​វិសាខា កាលពី​ខែសីហា ឆ្នាំ​២០១៨​។ បន្ទាប់ពីនោះ រូបគេ​ក៏​អ​វត្ត​ជាមួយ​ក្រុម​វិសាខា សម្រាប់​ជំនួប​ពានរង្វាន់​សម្តេច ហ៊ុន សែន និង​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ​ផងដែរ​។​
 
​រស់ សំអឿន បាន​អរគុណ​ដល់​អ្នកគាំទ្រ​ដែល​បាន​ផ្ញើ​សារ​ជូនពរ​ឲ្យ​រូបគេ​ឆាប់​ជាសះស្បើយ ពិសេស​អរគុណ​ដល់​ថ្នាក់ដឹកនាំ​ក្លិប​វិសាខា ដែល​បន្ត​កិច្ចសន្យា​ដល់​រូបគេ និង​ផ្គង់​ផ្គង់​ការចំណាយ​លើ​ថ្លៃ​ព្យាបាល និង​ចំណាយ​ផ្សេងៗ​។ ខ្សែបម្រើ​រូបនេះ បាន​ផ្ទេរ​ពី​ក្លិប​បឹងកេត​ទៅលេង​ឲ្យ​ក្លិប​វិសាខា កាលពីដើម​រដូវ​កាល​ឆ្នាំ​២០១៨៕  
 


Tag:
 រស់ សំអឿន​
  វិសាខា​
  Cambodian League 2018
© រក្សាសិទ្ធិដោយ thmeythmey.com