កីឡាអន្តរជាតិ
អន្តរជាតិ
តើ Ronaldo អាចជួយ Juventus ពេល​ជួប​ក្លិប​ចាស់ Man Utd ក្រោយ​បាន​កាត​ក្រហម​?
20, Sep 2018 , 4:31 pm        
រូបភាព
Cristiano Ronaldo អាចធ្វើ​ដំណើរ​ទៅកាន់​ទឹកដី Old Trafford ដើម្បី​តទល់​នឹង​ក្លិប​ចាស់ Manchester United ឬទេ បន្ទាប់ពី​រូបគេ​ទទួលបាន​កាត​ក្រហម​ក្នុងការ​បង្ហាញខ្លួន​ឲ្យ Juventus លើកដំបូង​សម្រាប់​ការប្រកួត​ក្នុង​ក្របខណ្ឌ Champions League នៅ​រាត្រី​ថ្ងៃទី​១៩ ខែកញ្ញា​។​


 
​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៣៣​ឆ្នាំ បាន​យកដៃ​ខ្ញាំ​សក់​ក្បាល​របស់​ខ្សែការពារ Jeison Murillo របស់ Valencia អំឡុងពេល​អ្នក​ទាំងពី​រ​ប៉ះទង្គិច​គ្នា​បន្តិច​នៅមុខ​ទី​របស់​ក្រុម​ម្ចាស់ផ្ទះ​នា​ការប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល H​។ ទង្វើ​របស់ Ronaldo បែបនេះ​ត្រូវ​អាជ្ញាកណ្តាល​កាត់សេចក្តី​លោក Felix Brych សម្រេច​ឲ្យ​កាតក្រហម​នៅ​នាទី​២៩​តែម្តង​។​

  
 
​បើ​ទោះ​សល់​គ្នា​ត្រឹម​១០​នាក់​ក៏ដោយ​តែ Juventus នៅតែ​អាច​យកឈ្នះ Valencia ដល់​ទៅ ២-០​។​
 
​និយាយ​ពី​ការពិន័យ Ronaldo ក្នុង​ក្របខណ្ឌ​កំពូល​អឺរ៉ុប គឺ​មិន​ដូច​ការពិន័យ​ក្នុងការ​ប្រកួត​នៅ Premier League ចំនួន​៣​ប្រកួត​ដោយ​ស្វ័យប្រវត្តិ​នោះទេ ដោយ UEFA កំណត់ថា​កាត​ក្រហម​១ ត្រូវ​ពិន័យ​១​ប្រកួត​ប៉ុណ្ណោះ​។​
 
​ការដាក់ពិន័យ​១​ប្រកួត​ដោយ​ស្វ័យប្រវត្តិ​គឺ​គ្មាន​សិទ្ធិ​ប្តឹង​ឧទ្ធរណ៍​នោះទេ ប៉ុន្តែ​បទបញ្ជា​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប​ត្រូវ​ពិ​និ​ត្យលើ​កម្រិត​កំហុស​របស់​កីឡាករ​បន្តទៀត​ក្នុងករណី​កំហុស​ធ្ងន់ធ្ងរ នឹង​អាច​បន្ថែម​ទណ្ឌកម្ម​ពីលើ​ទៀត​ដែល​អាច​ឈានដល់​២ ឬ​៣​ប្រកួតឯណោះ​។ ប៉ុន្តែ​ករណីនេះ កីឡាករ ឬ​ក្លិប​អាចមាន​សិទ្ធិ​ប្តឹង​ឧទ្ធរណ៍​បាន​។​
 
​ការពិន័យ​កាត​ក្រហម​នេះ Ronaldo នឹង​ខកខាន​ការប្រកួត​ទល់នឹង Young Boys សម្រាប់​ការប្រកួត​លើក​ទី​២​នៃ​ក្របខណ្ឌ Champions League នា​ថ្ងៃទី​២ ខែតុលា ខាងមុខ​ដោយ​ស្វ័យប្រវត្តិ​។ ប៉ុន្តែ​ប្រសិនបើ UEFA រកឃើញថា​មាន​កំហុស​ធ្ងន់ធ្ងរ​ហើយ​ឈានដល់​ការហាម​លើសពី ២​ប្រកួត​នោះ អតីត​ខ្សែប្រយុទ្ធ​ឆ្នើម Real Madrid រូបនេះ​នឹងមិន​អាចធ្វើ​ដំណើរ​ទៅ​ជួប​អតីត​ក្រុម​ចាស់ Manchester United នៅ​ថ្ងៃទី ២៣ ខែតុលា នៅ​ទឹកដី Old Trafford​។​
 
​លើសពីនេះ​ទៀត បើសិន​ត្រូវ​ពិន័យ​ចំនួន​៣​ប្រកួត CR7 នឹង​ខកខាន​ការប្រកួត​ទល់នឹង Man Utd នៅក្នុង​ផ្ទះ Juventus នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា​។​
​ 


Tag:
 បាល់ទាត់​
  Cristiano Ronaldo
  UEFA Champions League
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com