អន្តរជាតិ
លោក ស៊ី ប្រាប់​មេទ័ព​ប៉ា​គី​ស្ថាន​ថា ទំនាក់ទំនង​ចិន​-​ប៉ា​គី​ស្ថាន​រឹង​ដូច​ដែកថែប​
20, Sep 2018 , 7:39 pm        
រូបភាព
ឧត្តមសេនីយ៍ប៉ាគីស្ថាន-Qamar-Javed-Bajwa-នាជំនួបជាមួយប្រធានាធិបតីចិន-ស៊ី-ជិនភីង-(រូបភាព-Xinhua)
ឧត្តមសេនីយ៍ប៉ាគីស្ថាន-Qamar-Javed-Bajwa-នាជំនួបជាមួយប្រធានាធិបតីចិន-ស៊ី-ជិនភីង-(រូបភាព-Xinhua)
ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នៅ​ថ្ងៃទី​១៩ ខែកញ្ញា បាន​ប្រាប់​ប្រមុខ​កងទ័ព​ប៉ា​គី​ស្ថាន Qamar Javed Bajwa ថា ចិន​ឲ្យ​តម្លៃ​ខ្ពស់បំផុត​លើ​ទំនាក់ទំនង​ទ្វេភាគី ហើយ​ជឿថា គម្រោង​សេដ្ឋកិច្ច​ដ៏​ធំ​ចំណុះ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​វិថី នឹង​ទទួលជោគជ័យ​។ លោក ស៊ី និយាយ​បែបនេះ បន្ទាប់ពី​រដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​លើក​គំនិត​ផ្អាគ​ម្រោ​ង​របស់​ចិន​សិន ដែល​នេះ​ធ្វើ​ឲ្យ​ក្រុង​ប៉េកាំង​បារម្ភ​ពី​បរាជ័យ​នៃ​គំនិត​ផ្ដួចផ្ដើម​ដ៏​ធំ​របស់ខ្លួន​។ យ៉ាងណា លោក Bajwa ប្រា​ប់លោក ស៊ី វិញ​ថា ប៉ា​គី​ស្ថាន​គាំទ្រ​គម្រោង​របស់​ចិន​។

 
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បាន​ជួប​ជាមួយ​មេបញ្ជាការ​កងទ័ពជើងគោក​ប៉ា​គី​ស្ថាន​ដ៏​មាន​ឥទ្ធិពល Qamar Javed Bajwa ដែល​ធ្វើ​ទស្សនកិច្ច​នៅ​ទឹកដី​ចិន​។ ឧ​ត្ត​ម​សេនីយ៍ Bajwa គឺជា​មន្ត្រីជាន់ខ្ពស់​ដំបូង​គេ​របស់​ប៉ា​គី​ស្ថាន​ដែល​ធ្វើដំណើរ​ទៅកាន់​ចិន​បន្ទាប់​ការបង្កើត​រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​អតីត​កីឡា​ករគ្រី​ឃី​ត Imran Khan ។ ទស្សនកិច្ច​របស់​មេទ័ព​រូបនេះ ក៏​ធ្វើឡើង​បន្ទាប់ពី​សមាជិក​រដ្ឋាភិបាល​លោក Khan ចង់​ផ្អាគ​ម្រោ​ង​ដ៏​ធំ​របស់​ចិន​នៅ​ប៉ា​គី​ស្ថាន​។​
 
​ក្នុងជំនួប​នោះ លោក ស៊ី បាន​ប្រា​ប់លោក Bajwa ថា ចិន និង​ប៉ា​គី​ស្ថាន គឺជា​មិត្ត​ដែកថែប ហើយ​ចិន​តែងតែ​ផ្ដល់​តម្លៃ​ពិសេស​សម្រាប់​ទំនាក់ទំនង​នេះ​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ប្រមុខរដ្ឋ​ចិន​បន្តថា ប្រទេស​ទាំងពីរ​ដែលជា​ដៃគូ​កិច្ចសហប្រតិបត្តិការ​ល្អ​គ្រប់​រដូវ តែង​គាំទ្រ​គ្នា​ទៅវិញទៅមក​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​។ លោក​ក៏​បង្ហាញ​ការ​អរគុណ​ចំពោះ​ប៉ា​គី​ស្ថាន​ដែល​ផ្ដល់​ការគាំទ្រ និង​ការការពារ​សុវត្ថិភាព​សម្រាប់​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ និង​គម្រោង​ច្រក​សេដ្ឋកិច្ច​ចិន​-​ប៉ា​គី​ស្ថាន​ដែរ​។​
 
​សម្រាប់​លោក ស៊ី ការជឿទុកចិត្ត​ទៅវិញទៅមក​រវាង​ភាគី​ទាំងពីរ ព្រម​គ្នា​នឹង​ការចាត់វិធានការ​ជាក់ស្ដែង​នោះ ការសាងសង់​គម្រោង​ច្រករបៀង​សេដ្ឋកិច្ច​ចិន​-​ប៉ា​គី​ស្ថាន នឹង​ទទួលបាន​ជោគជ័យ និង​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាជន​ប្រទេស​ទាំងពីរ​។ យ៉ាងណាមិញ រដ្ឋាភិបាល​ថ្មី​របស់​ប៉ា​គី​ស្ថាន ហាក់​មិន​ពេញ​ចិត្តនឹង​គម្រោង​ដ៏​ធំ​នេះ​ទេ ស្របពេល​មានការ​ព្រមាន​ពី​បញ្ហា​បំណុល​ផង​។ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម Abdul Razak Dawood នៅ​ថ្ងៃទី​១៨ ខែកញ្ញា បានស្នើ​ផ្អាក​គម្រោង​នេះ​មួយឆ្នាំ​សិន​។​
 
​ទោះជា​យ៉ាងណា ចំពោះមុខ​លោក ស៊ី ប្រមុខ​កងទ័ព​ប៉ា​គី​ស្ថាន​អះអាងថា ប៉ា​គី​ស្ថាន​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​របស់​ចិន ហើយ​យកចិត្ត​ទុកជា​យុទ្ធសាស្ត្រ​លើ​ទំនាក់ទំនង​ជាមួយ​ចិន​ផងដែរ​។ លោក Bajwa ក៏​ប្រកាស​ដែរ​ថា ក្រុង​អ៊ី​ស្លា​ម៉ា​បាដ តែងតែ​ឈរ​ជាមួយ​ក្រុង​ប៉េកាំង​លើ​សំណុំរឿង​ដែលជា​ប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ប្រទេស​ទាំង​ពីរ​។ លើសពីនោះ មេទ័ព​រូបនេះ​ក៏​អរគុណ​ចិន​ដែល​ជួយ​ប៉ា​គី​ស្ថាន​លើ​វិស័យ​ជាច្រើន​។​
 
​ការប្រកាស​គាំទ្រ​របស់​ប្រមុខ​យោធា​ប៉ា​គី​ស្ថាន​លើ​គម្រោង​ទំហំ​រាប់ពាន់​លាន​ដុល្លារ​របស់​ចិន ទំនង​ធ្វើ​ឲ្យ​មេដឹកនាំ​ចិន​ធូរចិត្ត​ខ្លះ ព្រោះ​គំនិត​ប្រឆាំង​គម្រោង​របស់ខ្លួន​នៅ​ប៉ា​គី​ស្ថាន​ហាក់​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ នេះ​ក៏​ព្រោះ យោធា​ប៉ា​គី​ស្ថាន​ជា​តួអង្គ​ដ៏​មាន​ឥទ្ធិពល​មួយ​ក្នុង​នយោបាយ ដែល​ទទួលខុសត្រូវ​លើ​ការងារ​សន្តិសុខ និង​នយោបាយ​ការបរទេស​សំខាន់ៗ​៕
 

Tag:
 ​ចិន​
  ប៉ា​គី​ស្ថាន​
  ស៊ី ជិន​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com