ជាតិ
ក្រសួង​វប្បធម៌ ព្រមាន​វិធានការ​លើ​តារា​៤​រូប​ទៀត ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វប្បធម៌​
20, Sep 2018 , 5:17 pm        
រូបភាព
​ភ្នំពេញ​៖ បន្ទាប់ពី​ចេញ​វិធានការ​ក្តៅ លើ​តារា​សម្ដែង​បែប​ស៊ិ​ច​ស៊ី កញ្ញា សេង សូ​ណា រួចមក នៅពេលនេះ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ព្រមាន​ចំពោះ​តារា​៤​រូប​ផ្សេងទៀត ជុំវិញ​ការ​បង្ហោះ​រូបភាព​ខ្លួន នៅលើ​ហ្វេ​ស​ប៊ុ​ក​។ នេះ​បើតាម​លិខិត​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ចុះ​ថ្ងៃទី​១៧ កញ្ញា​។​

 
​តារា​ទាំង​៤​រូប ដែល​ក្រសួង​វប្បធម៌ ព្រមាន​នេះ រួមមាន កញ្ញា ពេជ្រ អា​រី​ហ្សា​, កញ្ញា រតនៈ ពិសី​, អ្នកនាង សុខ ស្រី​ម៉ុ​ច និង​លោក អេ​ន​ឌី ។ អ្នក​ទាំង​៤​នេះ ត្រូវបាន​គេ​ឃើញ​និយម​បង្ហោះ​រូបភាព​បែប​ស៊ិ​ច​ស៊ី​របស់ខ្លួន​នៅលើ​បណ្ដាញ​សង្គម​។​
 
​តាមរយៈ​លិខិត​ព្រមាន​ជា​ផ្លូវការ​របស់​ក្រសួង​វប្បធម៌ បាន​រៀបរាប់​ពី​ករណី​កំហុសឆ្គង​ដូចៗ​គ្នា របស់​តារា​ទាំងនេះ​ថា ពួកគេ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​វប្បធម៌ ទំនៀមទម្លាប់​ប្រពៃណីជាតិ បណ្ដាល​ឲ្យ​មានការ​ថ្នាំងថ្នាក់​យ៉ាងខ្លាំង ពី​សំណាក់​មហាជន​ខ្មែរ ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​
 
​ក្នុង​លិខិត​ដោយឡែក​ពីគ្នា របស់លោក ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ បាន​ព្រមាន​តារា​ទាំង​៤​ខាងលើ ដូច្នេះ​ថា​៖« ត្រូវ​បញ្ឈប់​ទង្វើ ដែល​នាំ​ឲ្យ​ប៉ះពាល់​វប្បធម៌ ទំនៀម​ទំលាប់ ប្រពៃណីជាតិ​។ ករណី​នៅតែ​បន្ត​ក្រុមប្រឹក្សាវិន័យ និង​លើកសរសើរ នឹងមាន​វិធានការ​តាម​ក្រមសីលធម៌ នៃ​អ្នកសិល្បៈ ដោយ​ផ្អាក​សកម្មភាព​ទាក់ទង​នឹង វិស័យ​សិល្បៈ​វប្បធម៌ ទៅតាម​រយៈពេល​ណាមួយ សម​ស្របតាម​កំហុសឆ្គង​នៃ​អ្នកប្រព្រឹត្ត​»​។​
 
 
​កាលពីពេល​ថ្មី​នេះ ក្រសួង​វប្បធម៌ បានសម្រេច​ផ្អាក​សកម្មភាព​កញ្ញា សេង សូ​ណា ពី​វិស័យ​សិល្បៈ ដោយសារ​សិល្បការិនី​រូបនេះ តែងតែ​ប្រើប្រាស់​សម្លៀកបំពាក់  និង​ឥរិយាបថ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ទំនៀមទម្លាប់ ប្រពៃណី​ខ្មែរ តាមរយៈ​ការថត​ខ្សែភាពយន្ត និង​បណ្តាញ​ព័ត៌មាន​។​ក្រសួង​បាន​ប្រាប់​ទៅ​សមាគម​ទូរទស្សន៍​កម្ពុជា​និង​អាជីវករ​សិល្បៈ​ទាំងអស់​ឲ្យ​ផ្អាក​យក​តារា​ស្រី សេង សូ​ណា ទៅ​សម្ដែង​រហូតដល់​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៩ ៕
 
 

Tag:
 ក្រសួង​វប្បធម៌​
  តារា​សម្ដែង​
  វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com