ជាតិ
សង្គមជាតិ
ជោគជ័យ! លោក មូល ស៊ុយហេង នៅតែជានាយកវិទ្យាល័យព្រះស៊ីសុវត្ថិ លោកគ្រូ អ្នកគ្រូ និងសិស្ស អបអរ ក្រោយការតវ៉ារបស់ខ្លួនបានជោគជ័យ។
× ភ្នំពេញ៖ ក្រោយពីការតវ៉ារបស់អ្នកគ្រូ លោកគ្រូ អស់រយៈពេលពីរថ្ងៃកន្លងមកនេះ ឲ្យរក្សាទុកលោក មូល ស៊ុយហេង ជានាយកវិទ្យាល័យព្រះស៊ីសុវត្ថិ នៅថ្ងៃទី២០ ខែកញ្ញា រដ្ឋមន្ត្រីអប់រំ លោក ហង់ ជួន ណារ៉ុង បានសម្រេចឲ្យលោក មូល ស៊ុយហេង បន្តតួនាទីជានាយកគ្រប់គ្រងវិទ្យាល័យព្រះស៊ីសុវត្ថិដដែល។
អ្នកស្រី ខែម រមនា ជាសាស្ត្រាចារ្យផ្នែកគីមីវិទ្យា មានក្តីរំភើបខ្លាំង ដោយការតវ៉ារបស់លោកគ្រូ អ្នកគ្រូ និងសិក្សានុសិស្ស បានសម្រេចឲ្យលោកនាយកមកគ្រប់គ្រងសាលាវិញ។ សាស្ត្រាចារ្យរូបនេះបានលើកឡើងថា៖«ថ្ងៃនេះ យើងបានឈ្នះលើករណីដែលលោកគ្រូ អ្នកគ្រូ និងសិស្ស តវ៉ាឲ្យលោកនាយកកាន់ដំណែងជានាយកសាលាវិញពិតមែន តែយើងនៅតែដាក់ញត្តិទៅក្រសួងដើម្បីដកសាលាជំនាន់ថ្មី ឲ្យទៅទីតាំងផ្សេងទៀត»។
យុវតី លី ចេងហ្គេច ជាសិស្សរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិ បានស្រក់ទឹកភ្នែកកាលពីពីរថ្ងៃតវ៉ាកន្លងទៅនេះ ដោយមិនសុខចិត្តឲ្យមានការដកលោកនាយក ប៉ុន្តែនៅថ្ងៃនេះ នាងក៏សម្រក់ទឹកភ្នែកដែរ តែសម្រក់ក្នុងន័យសប្បាយរីករាយ រំភើប បន្ទាប់ពីឈ្នះការតវ៉ានេះ។ នាងលើកឡើងថា៖ «បន្ទាប់ពីអ្នកគ្រូ លោកគ្រូចុះពីប្រជុំវិញ គាត់ប្រាប់ថា កូនជោគជ័យហើយ ពេលនោះខ្ញុំទប់អារម្មណ៍អត់បានទេ ខ្ញុំសប្បាយចិត្តមែនទែន ដោយសារការតវ៉ានេះបានជោគជ័យ»។
កន្លងមកអ្នកនាំពាក្យក្រសួងអប់រំលោក ឌី ខាំបូលី បានប្រាប់សារព័ត៌មានថ្មីៗថា ក្រសួងដកតំណែងលោក មូល ស៊ុយហេង ចេញពីនាយកវិទ្យាល័យព្រះស៊ីសុវត្ថិនេះ ក្នុងគោលបំណងផ្ទេររូបគាត់ទៅនាយកដ្ឋាននៃក្រសួងអប់រំ។ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ៖«មិនមែនជាការដកតំណែងនាយកសាលានោះទេ តាមពិត ជាការផ្ទេរភារកិច្ចរបស់នាយកសាលា គឺផ្ទេរភារកិច្ចពីវិទ្យាល័យព្រះស៊ីសុវត្ថិ មកនាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ និងបច្ចេកទេស។ ការផ្ទេរនេះ ដោយសារតែគាត់ (មូល ស៊ុយហេង) ធ្វើនៅទីនោះយូរហើយ ហើយមានបទពិសោធន៍ចាស់ទុំ អាចមកជួយការងារនៅនាយកដ្ឋានបាន»៕
Tag:
ព្រះស៊ីសុវត្ថិ
មូល ស៊ុយហេង
អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com