កីឡាអន្តរជាតិ
អន្តរជាតិ
កូរ៉េខាងជើងព្រមចាប់ដៃជាមួយខាងត្បូង ដើម្បីរួមគ្នាដេញថ្លៃរៀបអូឡាំពិកឆ្នាំ២០៣២
× កូរ៉េខាងជើងបានយល់ព្រមលើសំណើរបស់កូរ៉េខាងត្បូងដើម្បីដេញថ្លៃរួមគ្នាធ្វើម្ចាស់ផ្ទះការប្រកួតកីឡាអូឡាំពិកឆ្នាំ២០៣២។ ការសម្រេចនេះគឺបានប្រកាសក្នុងកិច្ចប្រជុំកំពូលរវាងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន នាទីក្រុងព្យុងយ៉ាងប្រទេសកូរ៉េខាងជើងនៅថ្ងៃទី១៩ ខែកញ្ញា។
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បន្ទាប់ពីទទួលបានផ្លែផ្កាជាច្រើនពីកិច្ចប្រជុំកំពូលលើកទី៣នៅទីក្រុងព្យុងយ៉ាង បងប្អូនកូរ៉េទាំងពីរក៏បានយល់ព្រមចូលរួម «រួមគ្នា» នៅក្នុងការប្រកួតជាលក្ខណអន្តរជាតិដែលរួមបញ្ចូលទាំងការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២០ នៅក្រុងតូក្យូ ប្រទេសជប៉ុនផងដែរ។
និយាយរួមទៅ គំនិតនៃការដេញថ្លៃរួមគ្នាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ឆ្នាំ២០៣២នេះ បានកើតឡើងកាលពីសប្តាហ៍មុនដោយលោករដ្ឋមន្ត្រីកីឡាកូរ៉េខាងត្បូង Do Jong-hwan។
លោក Do Jong-hwan ដែលបានធ្វើដំណើរជាមួយលោក មូន ចេអ៊ីន ទៅកាន់កូរ៉េខាងជើងដើម្បីជួបជាមួយមេដឹកនាំកូរ៉េខាងជើងកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ បានរៀបចំសំណើខាងលើនេះរួចជាស្រេចដើម្បីយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលនោះ។
លោក មូន ចេអ៊ីន និងលោក គីម ជុងអ៊ុន ក្នុងជំនួបកំពូលលើកទី៣ នៅព្យុងយ៉ាង
លោករដ្ឋមន្ត្រីកីឡាពីក្រុងសេអ៊ូលរូបនេះ បានលើកឡើងថាការសហការរៀបចំការប្រកួតកីឡាអូឡាំពិកនេះដែរនឹងអាចកសាងភាពជោគជ័យបន្ថែមទៀតរវាងប្រទេសជាប់របងទាំងពីរ បន្ទាប់ពីទទួលផលវិជ្ជមានច្រើនពីកីឡាអូឡាំពិករដូវរងាកន្លងទៅនៅទីក្រុងព្យុងឆាង ដែលការចូលរួមរបស់កូរ៉េខាងជើងបានជួយបន្ធូរបន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ។
ភាពល្អប្រសើររវាងកូរ៉េទាំងពីរបានកើតឡើងផ្ទួនៗ។ ក្នុងការប្រកួតកីឡាអាស៊ី Asian Game នៅឥណ្ឌូណេស៊ីកន្លងទៅ ក្រុមកីឡាការិនីកូរ៉េតែមួយដែលរួមបញ្ចូលគ្នារវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងអាចដណ្តើមបានមេដាយមាស១ និងសំរឹទ្ធ១ជាលើកដំបូងរបស់ពួកគេក្នុងប្រវត្តិសាស្ត្រទៀតផង។
សម្រាប់ការប្រជែងធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ២០៣២នេះដែរ ឥណ្ឌូណេស៊ីដែលដឹកនាំធ្វើម្ចាស់ផ្ទះកីឡាអាស៊ី ឆ្នាំ២០១៨ បញ្ចប់ដោយជោគជ័យក៏បានប្រកាសពីការដេញថ្លៃរៀបចំព្រឹត្តិការណ៍កីឡាលំដាប់ទី១ពិភពលោកនេះផងដែរ៕
Tag:
កីឡាអូឡាំពិក
កូរ៉េខាងជើង
កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com