អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បញ្ចប់​ទស្សនកិច្ច​កូរ៉េខាងជើង លោក មូ​ន សម្រេច​ក្ដី​សុបិន​ឡើង​ភ្នំ Paekdu
21, Sep 2018 , 9:17 am        
រូបភាព
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី​២០ ខែកញ្ញា បាន​ត្រឡប់​ទៅកាន់​រដ្ឋធានី​សេ​អ៊ូ​ល​វិញ​ហើយ បន្ទាប់ពី​បញ្ចប់​ទស្សនកិច្ច​បី​ថ្ងៃ​នៅ​កូរ៉េខាងជើង​ដើម្បី​ចូលរួម​មេដឹកនាំ​អន្តរ​កូរ៉េ​។ ដំណើរ​ទស្សនកិច្ច​លើក​នេះ ទទួលបាន​ផ្លែផ្កា​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​លើ​ការរំសាយ​នុយក្លេអ៊ែរ និង​ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ផង​។ មុន​ចាក​ចេញពី​កូរ៉េខាងជើង លោក មូ​ន និង​ភរិយា ក៏​សម្រេច​ក្ដី​សុបិន​ជា​យូរ​ក្នុង​ការឡើង​ភ្នំ Paekdu ផងដែរ​។​

​អមដំណើរ​ដោយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន និង​ភរិយា ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន និង​ស្ត្រី​ទីមួយ បាន​ឡើង​ភ្នំ Paekdu ដែល​ប្រជាជន​កូរ៉េ​ចាត់ទុកជា​ភ្នំ​ពិសិដ្ឋ​។ មន្ត្រី​កូរ៉េខាងត្បូង ដែល​អមដំណើរ​លោក មូ​ន និយាយថា លោក គីម ជា​ស្នើ​ទៅ​លោក មូ​ន ឲ្យ​ឡើង​ភ្នំ​នេះ​ជាមួយគ្នា ព្រោះ​លោក មូ​ន ធ្លាប់​ប្រាប់​លោក គីម ក្នុងជំនួប​ខែមេសា ថា លោក​ចង់​ឡើង​ភ្នំ​ខ្ពស់​ជាងគេ​នៅ​ឧបទ្វីប​ជា​យូរ​មកហើយ​។  
 
​នៅ​ចំណុច​ខ្ពស់​ជាងគេ​នៃ​ភ្នំ​ដែល​ត្រូវបាន​ចាត់ទុកជា​ប្រភព​កំណើត​នៃ​ប្រជាជន​កូរ៉េ លោក មូ​ន និង​លោក គីម ថតរូប​ដោយ​លើកដៃ​ផ្គុំ​គ្នា ដែល​នេះ​ជា​សញ្ញា​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​ក្នុងការ​ផ្សះផ្សា​ប្រទេស និង​ការបង្រួបបង្រួម​គ្នា​ឡើងវិញ​។ ការឡើង​ភ្នំ​រួមគ្នា​នេះ ក៏​ជា​និមិត្តរូប​ដ៏​មាន​ឥទ្ធិពល​នៃ​ការបញ្ចប់​ដំណើរ​ទស្សនកិច្ច​បី​ថ្ងៃទី​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​នៅ​កូរ៉េខាងជើង​ដែល​ទទួលបាន​លទ្ធផល​វិជ្ជមាន​ជាច្រើន​។​
 
​លើ​សំណុំរឿង​នុយក្លេអ៊ែរ លោក គីម បានប្រកាស​បិទ​ទីតាំង​បាញ់​មី​ស៊ី​ល​មួយកន្លែង និង​អញ្ជើញ​អ្នកជំនាញ​មកពី​ប្រទេស​ពាក់ព័ន្ធ​ឲ្យ​ធ្វើ​សាក្សី​ផង​។ មេដឹកនាំ​កូរ៉េខាងជើង​ក៏​សន្យា​ធ្វើ​សកម្មភាព​ថែមទៀត​ដើម្បី​ឈានទៅ​ការរំសាយ​នុយក្លេអ៊ែរ​ដូចជា​ការបិទ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Yongbyon ជាដើម បើ​អាមេរិក​ចាត់វិធានការ​តប​ទៅនឹង​អ្វីដែល​កូរ៉េខាងជើង​បានធ្វើ​កន្ល​ង​មក​។ ត្រង់ចំណុច​នេះ កូរ៉េខាងជើង​ទំនង​ចង់បាន​ការព្យួរ​ទណ្ឌកម្ម​ខ្លះ មុននឹង​បន្តសកម្មភាព​ទៀត​។​
 
​ងាក​ទៅ​ទំនាក់ទំនង​អន្តរ​កូរ៉េ ប្រមុខ​ការពារជាតិ​កូរ៉េ​ទាំងពីរ​បាន​ចុះ​កិច្ចព្រមព្រៀង​លើ​វិស័យ​យោធា ដែល​សំដៅ​កាត់បន្ថយ​ជម្លោះ​តាម​ព្រំដែន និង​លុបបំបាត់​ការ​គំរាម​ដល់​សន្តិភាព និង​ភ្ជាប់​ផ្លូវ និង​ផ្លូវ​រថភ្លើង​ឡើងវិញ​។ លោក គីម បាន​សន្យា​ធ្វើ​ទស្សនកិច្ច​នៅ​រដ្ឋធានី​សេ​អ៊ូ​ល​នៅពេល​ឆាប់ៗ​នេះ ហើយ​ពេល​ឆាប់ៗ​នោះ ត្រូវបាន​លោក មូ​ន បកស្រាយ​ថា មុន​ដំណាច់ឆ្នាំ​២០១៨ នេះ​តែម្ដង​។ អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ លោក គីម បាន​ជូន​កាដូ​ឲ្យ​លោក មូ​ន ជា​ផ្សិត​មានតម្លៃ​ចំនួន​២​តោន​។​
 
​តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ លោក មូ​ន ជឿថា នៅពេល​ណាមួយ ប្រជាជន​កូរ៉េខាងត្បូង​កាន់តែច្រើន​អាច​ឡើង​ភ្នំ Paekdu ។ ឯ​លោក គីម វិញ​តប​ថា ភ្នំ​ពិសិដ្ឋ​នេះ​ស្ថិតនៅ​ឆ្ងាយ​ពី​ប្រជាជន​កូរ៉េខាងត្បូង ព្រោះ​ឧបទ្វីប​កូរ៉េ​បែង​ចែកជា​ពីរ ប៉ុន្តែ​លោក​សង្ឃឹមថា ទោះជា​បច្ចុប្បន្ន​មាន​អ្នក​ឡើង​ភ្នំ​នេះ​តិចតួច​ប្រជាជន​កូរ៉េខាងត្បូង​កាន់តែច្រើន​នឹង​មកលេង​ភ្នំ​នេះ​៕ 

Tag:
 ​កូរ៉េខាងជើង​
  គីម ជុង​អ៊ុន​
  មូ​ន ចេ​អ៊ី​ន​
  Paekdu
© រក្សាសិទ្ធិដោយ thmeythmey.com