ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេទ័ព​៥​រូប លាលែង​ពី​តំណែង​ជា​នាយរង​សេនាធិការ​ចម្រុះ តែ​នៅសល់​តំណែង​មួយទៀត​
21, Sep 2018 , 9:52 am        
រូបភាព
ពីឆ្វេងទៅស្តាំ៖ លោក ម៉ៅ សុផាន់, លោក ស្រី ឌឹក, លោក ចាប ភក្តី, លោក ព្រហ្ម ផេង, លោក កែវ ធី
ពីឆ្វេងទៅស្តាំ៖ លោក ម៉ៅ សុផាន់, លោក ស្រី ឌឹក, លោក ចាប ភក្តី, លោក ព្រហ្ម ផេង, លោក កែវ ធី
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មេទ័ព​ជាន់ខ្ពស់​ប្រាំ​រូប ដែល​ម្នាក់ៗ កាន់តំណែង​ដល់​ទៅ​ពីរ បានដាក់​លិខិត​សុំលាលែង​ពី​តំណែង​មួយ​។ នេះ​បើតាម​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ​។​



​បើតាម​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាត តំណែង​ទាំងពីរ​របស់​មេទ័ព​ទាំងនោះ គឺ​តំណែង​ជា​នាយរង​សេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​តំណែង​ជា​មេ​អង្គភាព​។ មេទ័ព ដែល​កាន់​អង្គភាព​សំខាន់ៗ​ទាំង​ប្រាំ​នោះ រួមមាន ឧ​ត្ត​ម​សេនីយ៍​ឯក កែវ ធី មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​២, ឧ​ត្ត​ម​សេនីយ៍​ឯក ស្រី ឌឹ​ក  មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣, ឧ​ត្ត​ម​សេនីយ៍​ឯក ព្រហ្ម ផេង មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​១, ឧ​ត្ត​ម​សេនីយ៍​ឯក ចាប ភក្តី មេបញ្ជាការ​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​ពិសេស​លេខ​៩១១, និង ឧ​ត្ត​ម​សេនីយ៍​ឯក  ម៉ៅ សុផាន់ មេបញ្ជាការ​កងពលតូច​លេខ​៧០​។ 
 
​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាត បន្តថា ឧ​ត្ត​ម​សេនីយ៍​ឯក​ទាំង​ប្រាំ បាន​លាលែង​តែ​តំណែង​ជា​នាយរង​សេនាធិការ​ចម្រុះ​ប៉ុណ្ណោះ ឯ​តំណែង​ជា​មេ​អង្គភាព គឺ​នៅ​ដដែល​។ តាមរយៈ​ការផ្តល់​បទ​សម្ភាស​ដល់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​វា ជា​កំណែទម្រង់​លើ​វិស័យ​កងទ័ព ដែល​យើង ចង់​ឲ្យ​ម្នាក់ កាន់តំណែង​តែមួយ​។ ធ្វើបែបនេះ ទើប​វា ជឿនលឿន និង​ទាន់សម័យ ហើយ​ការងារ​និង​ការបញ្ជា​កងទ័ព មាន​ប្រសិទ្ធិភាព​ខ្ពស់​»​។​
 
​កាលពីពេល​ថ្មីៗ​នេះ ប្រមុខ​រដ្ឋាភិបាល បានចេញ​អនុក្រឹត្យ​មួយ ដោយ​កំណត់​ឲ្យ​អង្គភាព​របស់​ឧ​ត្ត​ម​សេនីយ៍​ឯក​ទាំង​ប្រាំ ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ដែលជា​មេបញ្ជាការ​កងទ័ពជើងគោក​វិញ​។ កាលពីមុន អង្គភាព​ទាំង​ប្រាំ​នេះ ស្ថិតនៅក្រោម​បញ្ជា​របស់​អគ្គមេបញ្ជាកា​រ​នៃ​កងយោធពល​ខេមរភូមិន្ទ​។ 
 
​នាយ​ឧ​ត្ត​ម​សេនីយ ឈុំ សុជាត មានប្រសាសន៍​បែបនេះ​ថា «​ពីមុន​ស្ថិតនៅក្រោម​អគ្គមេបញ្ជាការ អ៊ីចឹង​ធ្វើ​ឲ្យ​ការបញ្ជា​ទ័ព​ក្នុង​អង្គភាព​ទាំង​ប្រាំ​ហ្នឹង ត្រូវ​ឆ្លងកាត់​ច្រើន​ដំណាក់កាល​។ តែ​ឥឡូវ យើង​ដាក់​ឲ្យ​ស្ថិតនៅក្រោម​មេបញ្ជាការ​កងទ័ពជើងគោក​ផ្ទាល់​តែម្តង ដើម្បី​ឲ្យ​ការបញ្ជា​ទ័ព គឺ​ខ្លី ហើយ​រហ័ស​»​។  
 
​គ្រាន់តែ​ចូលកាន់​តំណែង​ក្នុង​អាណត្តិ​ទី​៦​នេះ​ភ្លាម រដ្ឋាភិបាល​កម្ពុជា ក៏​ចាប់ផ្តើម​កែប្រែ​រចនាសម្ព័ន្ធ និង​ផ្លាស់ប្តូរ​មេទ័ព​សំខាន់ៗ​មួយចំនួន ក្នុង​កងយោធពល​ខេមរភូមិន្ទ​។ ដោយ​ក្នុងនោះ មានដូចជា លោក វង្ស ពិ​សេន កាន់តំណែង​ជា​អគ្គមេបញ្ជាការ ជំនួស​លោក ប៉ុល សារឿន លោក ឥត សារ៉ាត់ កាន់តំណែង​ជា​នាយសេនាធិការ​ចម្រុះ ជំនួស​លោក គន់ គីម និង​លោក ហ៊ុន ម៉ា​ណែ​ត កាន់តំណែង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ជំនួស​លោក មាស សុភា​។ 
 
​ចំណែក លោក ប៉ុល សារឿន លោក គន់ គីម និង​លោក មាស សុភា ត្រូវបាន​ដំឡើង​ទៅជា​ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេស​សកម្ម​ពិសេស​៕ 
 

Tag:
 ទ័ព​
  ឈុំ សុជាត​
© រក្សាសិទ្ធិដោយ thmeythmey.com