ជាតិ
សេដ្ឋកិច្ច
លោក ចម ប្រសិទ្ធ ស្វាគមន៍​កញ្ចប់​ឥណទាន ១៥០​លាន​ដុល្លារ​សម្រាប់ SME របស់​ធនាគារ​កាណាឌីយ៉ា​
21, Sep 2018 , 11:38 am        
រូបភាព
រូបពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រូបពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
ដោយ:
​ភ្នំពេញ​៖ ធនាគារ​កាណាឌីយ៉ា បានប្រកាស​បម្រុង​កញ្ចប់​ហិរញ្ញប្បទាន ១៥០ លាន​ដុល្លារ​អាមេរិក​សម្រាប់​ផ្ដល់​កម្ចី​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម (SME) នៅ​កម្ពុជា​។


 
​ការត្រៀម​បញ្ចេញ​ឥណទាន​ដល់ SME ក្នុង​ចំនួន​ដ៏​ច្រើន​របស់​ធនាគារ​មួយ​នេះ គឺ​ស្របគ្នា​នឹង​ផែនការ​របស់​រដ្ឋាភិបាល ដែល​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​កាលពី​ចុងឆ្នាំ​២០១៧ ថា​នឹង​បង្កើត​ធនាគារ​សម្រាប់​វិស័យ SME ក្នុង​ហិរញ្ញប្បទាន​ដំបូង ១០០​លាន​ដុល្លារ​។​
 
​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​លោក ចម ប្រសិទ្ធ នៅក្នុង​ពិធី​សម្ពោធ​គម្រោង​កញ្ចប់​ឥណទាន ១៥០​លាន​ដុល្លារ​របស់​ធនាគារ​កាណាឌីយ៉ា នៅ​ថ្ងៃទី​១៨​ខែកញ្ញា បានប្រកាស​គាំទ្រ​គម្រោង​នេះ ខណៈដែល​ក្រសួង​មួយ​នេះ​កំណត់​យក​ការអភិវឌ្ឍ SME គឺជា​វិស័យ​អាទិភាព​សម្រាប់​អា​ណិ​ត្ត​ទី​៦​នេះ​។​
 
​លោក ចម ប្រសិទ្ធ ជឿជាក់ថា កញ្ចប់​ហិរញ្ញប្បទាន​នេះ​នឹង​ក្លាយជា​ឧបករណ៍​សំខាន់​មួយ ក្នុង​ការជួយ​ជំរុញ​វិស័យ SME និង​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​ហិរញ្ញវត្ថុ​របស់​វិស័យនេះ​នៅ​កម្ពុជា​។ 
​បើតាម​លោក Charles Vann អនុប្រធាន​ប្រតិបត្តិ​ធនាគារ​កាណាឌីយ៉ា កញ្ចប់​ឥណទាន​នេះ នឹងត្រូវ​គិត​អត្រា​ការប្រាក់ ៧,៨៨ ភាគរយ​ក្នុង​មួយឆ្នាំ ដែល​លោក​អះអាងថា​ជា​កម្រិត​ទាប​បំផុត បើ​ធៀប​នឹង​គ្រឹះស្ថាន​កម្ចី​ផ្សេងទៀត​។ 

លោក Charles Vann ត្រូវបាន​ស្រង់​សំដី​ដោយ​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍ នៅ​ថ្ងៃទី​២០​ខែកញ្ញា​ដូច្នេះ​ថា​«​វា​មិន​ខុសគ្នា​ច្រើន​ទេ ពី​ប្រភេទ​កម្ចី​ដែលមាន​ស្រាប់​របស់​យើង ប៉ុន្តែ​គ្រាន់តែ​យើង​មិនដែល​ត្រៀម​ទុក​កញ្ចប់​ហិរញ្ញប្បទាន​ច្រើន​ដូចនេះ​ពីមុនមក​»​។ លោក​បន្ថែមថា​៖«​យើង​មើលឃើញ​កំណើន​រឹងមាំ​របស់ SME ហើយ​ពួកគេ​ត្រូវការ​កម្ចី​សម្រាប់​ពង្រីក​អាជីវកម្ម ដូច្នេះ​យើង​សម្រេច​បម្រុង​កញ្ចប់​ផ្ដល់​កម្ចី​កាន់តែ​ធំ​»៕

Tag:
 ឥណទាន​
  SME
© រក្សាសិទ្ធិដោយ thmeythmey.com