អន្តរជាតិ
នយោបាយអន្តរជាតិ
ប្រធានាធិបតីវៀតណាម Tran Dai Quang ទទួលមរណភាពក្នុងអាយុ ៦២ឆ្នាំ
× ប្រធានាធិបតីវៀតណាមលោក Tran Dai Quang ទទួលមរណភាពនៅថ្ងៃ ២១ ខែកញ្ញានេះដោយសារមានជំងឺធ្ងន់ធ្ងរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ប្រធានផ្នែកសុខាភិបាលនៃមន្ទីរពេទ្យយោធាវៀតណាមលោក Nguyen Quoc Trieu បានបញ្ជាក់ថា ប្រធានាធិបតីវៀតណាមរូបនេះបានស្លាប់បាត់បង់ជីវិតនៅម៉ោង ១០៖ ០៥ នាទី នៅមន្ទីពេទ្យយោធានាទីក្រុង ហាណូយ។
បើតាមសេចក្តីថ្លែងការណ៍របស់មន្ទីរពេទ្យខាងលើនេះដែរ ប្រមុខរដ្ឋវៀតណាមរូបនេះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរយូរហើយ ហើយលោកក៏បានទទួលការព្យាបាលពីគ្រូពេទ្យជំនាញទាំងក្នុងស្រុក និងបរទេសដែរ មុនទទួលមរណភាពនេះ។ ប៉ុន្តែមិនមានការបញ្ជាក់ពីខាងមន្ទីរពេទ្យឡើយជុំវិញប្រភេទជំងឺរបស់ប្រធានាធិបតីរូបនេះ។
លោក Dai Quang បានស្បថចូលកាន់តំណែងជាប្រធានាធិបតីវៀតណាមនៅក្នុងខែមេសា ឆ្នាំ ២០១៦ ដោយជំនួសតំណែងលោក Truong Tan Sang។ លោកក៏ជាប្រមុខរដ្ឋវៀតណាមដំបូងគេដែលបានស្លាប់ក្នុងតំណែង។
លោក Dai Quang បានកើតនៅក្នុងឆ្នាំ ១៩៥៦ នៅភូមិ Quang Thien នៃខេត្តភាគខាងជើង Ninh Binh។ លោកបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនគរបាលប្រជាជនវៀតណាម និងសាលាភាសាបរទេសក្រោមក្រសួងមហាផ្ទៃ ដែលបច្ចុប្បន្នជាក្រសួងសន្តិសុខសាធារណៈ។
លោកក៏ធ្លាប់ធ្វើជាសាស្ត្រាចារ្យដោយមានសញ្ញាបត្របណ្ឌិតផ្នែកច្បាប់ មុននឹងចូលកាន់តំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋាននៃក្រុមប្រឹក្សាសន្តិសុខ។ បន្តមកទៀតលោកបានក្លាយជាអនុរដ្ឋមន្ត្រីសន្តិសុខសាធារណៈនៅឆ្នាំ ២០០៦។ ក្នុងខែសីហាឆ្នាំ ២០១១ លោក Dai Quang ត្រូវបានដំឡើងតំណែងទៅជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ រហូតដល់ខែមីនាឆ្នាំ ២០១៦ មុនក្លាយជាប្រធានាធិបតី៕
© រក្សាសិទ្ធិដោយ thmeythmey.com