សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
លោក ជេក ម៉ា ថា មិនអាចបង្កើតការងារឲ្យអាមេរិកចំនួន១លានកន្លែងតាមការសន្យាឡើយ
× ស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma បាននិយាយថា ក្រុមហ៊ុនរបស់លោក មិនអាចបំពេញតាមការសន្យាក្នុងការបង្កើតការងារមួយលានកន្លែង ក្នុងសហរដ្ឋអាមេរិកបាននោះទេ ដោយសារតែសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក។
លោក Ma ដែលបានសម្រេចចិត្តកំណត់ថ្ងៃចូលនិវត្តន៍កាលពីថ្មីៗ បានលើកឡើងបែបនេះក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានចិន Xinhua នៅថ្ងៃទី១៩ កញ្ញា ឆ្នាំ២០១៨។ លោក Ma បាននិយាយទៀតថា ការសន្យារបស់លោកទៅកាន់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ពិតជាពិបាកនឹងកើតឡើងណាស់ ក៏ព្រោះថាស្ថានភាពពាណិជ្ជកម្មបច្ចុប្បន្ននេះ មិនមានលំនឹងនោះឡើយ។
«ការសន្យា ត្រូវបានធ្វើឡើង ដោយផ្អែកលើទំនាក់ទំនងល្អរវាងអាមេរិកនិងចិននៅពេលនោះ។ ប៉ុន្តែស្ថានភាពឥឡូវនេះ បានបំផ្លាញការអះអាងរបស់យើងទាំងស្រុងហើយ។ ដូច្នេះសន្យានេះ ពិតជាមិនអាចសម្រេចបាននោះឡើយ»។ នេះជាការបញ្ជាក់របស់លោក Ma។ បើពិតទៅលោក Ma និងលោកត្រាំ កាលពីឆ្នាំ២០១៧ បានជួបគ្នាដើម្បីពិភាក្សាអំពីរបៀបដាក់បន្ថែមជំនួញខ្នាតតូច និងមធ្យមរបស់អាមេរិកនៅលើវេបសាយ Alibaba ក្នុងគោលបំណងបង្កើតការងារថ្មីៗបន្ថែមទៀត។
ទន្ទឹមនឹងនេះ បុរសដែលមានជាងគេក្នុងប្រទេសចិននេះ ក៏បានព្រមានពីជម្លោះពាណិជ្ជកម្មរវាងក្រុងប៉េកាំង និងវ៉ាស៊ីនតោនផងដែរថា ជម្លោះនេះនឹងបំផ្លាញជំនួញនៅជុំវិញពិភពលោក។ ឥទ្ធិពលរបស់វាអាចនឹងមានរយៈពេលរហូតដល់ ២០ឆ្នាំ ពោលគឺផុតអាណត្តិលោកត្រាំទៅទៀតផង។ ការណ៍ដែលធ្វើឲ្យជម្លោះនេះមានរយៈពេលវែង គឺដោយសារតែមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ កំពុងចូលសមរភូមិដើម្បីប្រជែងយកតំណែងកំពូលសេដ្ឋកិច្ចលើលោក។
យ៉ាងណាមិញ លោក Ma បានសង្កត់ធ្ងន់ថា លោកនឹងបន្តប្រឹងប្រែងជំរុញឲ្យអាមេរិក និងចិនវិលត្រឡប់មកកាន់ទំនាក់ទំនងទ្វេភាគីល្អប្រសើរនឹងគ្នាដូចដើមវិញ។ «ពាណិជ្ជកម្ម មិនមែនជាអាវុធនោះទេ។ ដូច្នេះយើងមិនគូរប្រើប្រាស់វាសម្រាប់ធ្វើសង្គ្រាមនោះឡើយ»។
គួរបញ្ជាក់ថា ភាពតានតឹងនៃពាណិជ្ជកម្ម បានផ្ទុះឡើងជាថ្មីម្តងទៀតក្នុងសប្ដាហ៍នេះ ក្រោយចិន បានប្ដេជ្ញាវាយបកប្រឆាំងនឹងគម្រោងដំឡើងពន្ធ របស់អាមេរិកលើទំនិញរបស់ខ្លួនប្រមាណ ២០០ពាន់លានដុល្លារ។ ក្រុងប៉េកាំង បានបញ្ជាក់ថាខ្លួននឹងដំឡើងពន្ធសងសឹកលើទំនិញអាមេរិកប្រមាណ ៦០ពាន់លានដុល្លារ រួមមាន អាហារប្រភេទសាច់ ស្រូវសាឡី និងគ្រឿងវាយនភណ្ឌជាដើម។
ទាក់ទិននឹងបញ្ហានេះ លោក Ma បានពន្យល់ថា ក្នុងរយៈពេលខ្លីនេះ ជំនួញក្នុងសហរដ្ឋអាមេរិក ចិន អឺរ៉ុប នឹងរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារជម្លោះពាណិជ្ជកម្ម ដែលកំពុងឆាបឆេះនេះ។ ផលប៉ះពាល់នេះនឹងមានរយៈពេលវែង។ សម្រាប់ដំណោះស្រាយក្នុងរយៈពេលខ្លី វាមិនមាននោះឡើយ៕
Tag:
ចិន
សហរដ្ឋអាមេរិក
លោក Jack Ma
សង្គ្រាមពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com