អន្តរជាតិ
វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​៖ អង់គ្លេស​ប្រាប់​មេដឹកនាំ​មី​យ៉ាន់​ម៉ា​ឲ្យ​ចាត់ការ​ក្រុម​យោធា បើ​មិន​ចង់​ឡើង​តុលាការ ICC
21, Sep 2018 , 8:59 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសអង់គ្លេស Jeremy Hunt នាជំនួបជាមួយទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា អ៊ុងសាន ស៊ូជី (រូបភាព AFP)
រដ្ឋមន្ត្រីការបរទេសអង់គ្លេស Jeremy Hunt នាជំនួបជាមួយទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា អ៊ុងសាន ស៊ូជី (រូបភាព AFP)
​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស Jeremy Hunt នៅ​ថ្ងៃទី​២០ ខែកញ្ញា បាន​ប្រាប់​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល​មី​យ៉ាន់​ម៉ា ស្វែងរក​យុត្តិធម៌​ឲ្យ​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ដែល​រង​ទុក្ខ​បុក​ម្នេញ​ដោយសារ​ប្រតិបត្តិការ​របស់​យោធា​ប្រទេស​នេះ​។ លោក Hunt ព្រមាន​ថា បើ​រដ្ឋាភិបាល​ស៊ីវិល​របស់​ទីប្រឹក្សា​រដ្ឋ អ៊ុង​សាន ស៊ូ​ជី នៅតែ​មិន​មាត់​មិន​កទៀត​នោះ សហគមន៍​អន្តរជាតិ​ក៏​មិន​នៅ​ស្ងៀម​ដែរ ហើយ​ការឡើង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ជា​ជម្រើស​មួយ​ដែរ​។​

 
​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស Jeremy Hunt បាន​ជួប​ជាមួយ​មេដឹកនាំ​មី​យ៉ាន់​ម៉ា អ៊ុង​សាន ស៊ូ​ជី ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា ក្នុង​គោលដៅ​ត្រួតពិនិត្យ​ស្ថានភាព​វិបត្តិ​មនុស្សធម៌​លើ​ជន​ភាគច្រើន​រ៉ូ​ហ៊ីង​យ៉ា​។ លោក Hunt បាន​ប្រាប់​ឲ្យ​មី​យ៉ាន់​ម៉ា​ធានាថា នឹង​គ្មាន​កន្លែង​លាក់ខ្លួន​ឡើយ​សម្រាប់​អ្នកទទួលខុសត្រូវ​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា បើ​មី​យ៉ាន់​ម៉ា​ចង់​ចៀសវាង​ការ​ខូច​មុខមាត់​ប្រទេសជាតិ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Hunt បាន​សង្ក់​ត​ធ្ងន់​ទៅកាន់​លោកស្រី ស៊ូ​ជី ពី​សារសំខាន់​ក្នុងការ​ឲ្យ​កងទ័ព​មី​យ៉ាន់​ម៉ា​ទទួលខុសត្រូវ​ចំពោះ​អំពើ​របស់ខ្លួន​ក្នុង​ប្រព័ន្ធយុត្តិធម៌​ក្នុងស្រុក​របស់​មី​យ៉ាន់​ម៉ា​ផ្ទាល់​។ ប្រមុខ​ការទូត​អង់គ្លេស​រូបនេះ​បន្ថែមថា បើ​យន្តការ​ក្នុងស្រុក​មិនអាច​វែកមុខ​ការពិត​ទេ សហគមន៍​នឹងមិន​ទុក​វិបត្តិ​នេះ​ឲ្យ​ទៅណា​ឡើយ ហើយ​ជម្រើស​ផ្សេងទៀត នឹងត្រូវ​ពិចារណា​រាប់ទាំង​ការនាំយក​សំណុំរឿង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ។​
 
​សូម​រំឭក​បន្តិច​ថា ក្រុម​ស៊ើបអង្កេត​របស់​អង្គការសហប្រជាជាតិ​បាន​រកឃើញ​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ដែល​ប្រព្រឹត្ត​ដោយ​ទាហាន​មី​យ៉ាន់​ម៉ា​ក្នុង​ប្រតិបត្តិការ​នៅ​រដ្ឋ Rakhine ដែល​បង្ខំ​ឲ្យ​ជនភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ជាង​៧​សែន​នាក់​ភៀសខ្លួន​ទៅ​បង់​ក្លា​ដែ​ស​។ អំពើ​ព្រៃផ្សៃ​របស់​យោធា​ដូចជា​ការដុត​ផ្ទះ ការសម្លាប់​មនុស្ស និង​ការបំពាន​ផ្លូវភេទ​ជាដើម បានកើត​ឡើង​នៅ​អំឡុង​យុទ្ធនាការ​របស់​យោធា ដែល​ក្រុម​ស៊ើបអង្កេត​ពិសេស​ចាត់ទុកជា​ចេតនា​ប្រល័យពូជសាសន៍​។​
 
​ក្រុម​ស៊ើបអង្កេត​ដដែល​បាន​បញ្ចេញ​ឈ្មោះ​មេទ័ព​កំពូលៗ​៦​នាក់​របស់​មី​យ៉ាន់​ម៉ា​រាប់ទាំង​អគ្គមេបញ្ជាការ​កងទ័ព មីន អ៊ុន​ឡាំង ផង ដើម្បី​យកទៅ​កាត់ទោស​សម្រាប់​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ប្រល័យពូជសាសន៍​នៅ Rakhine ។ យ៉ាងណាមិញ រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោ​បាន​ចេញមុខ​ការពារ​ក្រុម​យោធា និង​ចាត់ទុក​ប្រតិបត្តិការ​នៅ Rakhine ដែល​ធ្វើឡើង​ក្រោយ​មានការ​វាយប្រហារ​ខែសីហា ឆ្នាំ​២០១៧ ជា​ប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម​ដែល​ស្របច្បាប់​។​
 
​ជុំវិញ​ករណីនេះ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក៏បាន​បើក​ការស៊ើបអង្កេត​បឋម​រួចហើយ ដែល​នេះ​នឹង​បើកផ្លូវ​ដល់​ការស៊ើបអង្កេត​ពេញលេញ​ផងដែរ​។ មី​យ៉ាន់​ម៉ា​ឯណោះ​អះអាងថា តុលាការ​នេះ​គ្មាន​យុត្តាធិការ​លើ​ខ្លួន​ដែល​មិនមែនជា​សមាជិក ICC ឡើយ​។ ប៉ុន្តែ​ចៅក្រម​តុលាការ​ធ្លាប់​ប្រកាស​ដែរ​ថា ខ្លួន​នៅតែ​អាច​កាត់ក្ដី​ករណី​ឧក្រិដ្ឋកម្ម​ប្រឆាំង​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​នេះ​បាន ព្រោះ​បង់​ក្លា​ដែ​ស​ដែលជា​ទីស្នាក់អាស្រ័យ​រប​ស់ជន​ភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ជា​សមាជិក​របស់​តុលាការអន្តរជាតិ​មួយ​នេះ​៕
 

Tag:
 ICC
  អង់គ្លេស​
  មី​យ៉ាន់​ម៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com