កីឡាជាតិ
ជាតិ
ប្រធានក្លិបបឹងកេត៖ លោក សាយ សំអាល់ នឹងជំរុញយុវជនឲ្យស្រឡាញ់បាល់ទាត់កាន់តែច្រើន លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងអ្នកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត(ពីឆ្វេងទៅស្តាំ)
× លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ត្រូវបានតែងតាំងឲ្យធ្វើជាប្រធានកិត្តិយសក្លិបបាល់ទាត់បឹងកេត ក្រោយមានការស្នើសុំពីប្រធានក្លិប។ សម្រាប់អ្នកស្រី ពុធ ធីតា វត្តមានលោក សាយ សំអាល់ មិនគ្រាន់តែជាជំហរដ៏រឹងមាំសម្រាប់ក្លិបបឹងកេតប៉ុណ្ណោះទេ ថែមទាំងជួយរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់នៅកម្ពុជាទៀតផង។ បឹងកេត ដែលប្រកាសសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាផងនោះ ត្រូវមានកម្មវិធីសប្បុរសធម៌ជាច្រើន ដែលត្រូវធ្វើពាក់ព័ន្ធយុវជន និងបរិស្ថាន។
«ខ្ញុំគិតថា ការចូលរួមរបស់ឯកឧត្តម សាយ សំអាល់ មិនត្រឹមតែជួយក្លិបបឹងកេតនោះទេ គឺជួយអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ទូទាំងប្រទេសតែម្តង។ ព្រោះមានយុវជនជាច្រើនស្ថិតនៅក្រោមការដឹកនាំរបស់គាត់»។ ការលើកឡើងរបស់អ្នកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេតដូច្នេះ បន្ទាប់ពីលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ត្រូវបានតែងតាំងជាប្រធានកិត្តិយសក្លិប។
ចំពោះអ្នកស្រី ពុធ ធីតា ការស្នើរដ្ឋមន្ត្រីក្រសួងបរិស្ថានខាងលើ ឲ្យមកចូលរួមជាមួយក្លិបបឹងកេត មិនមែនក្នុងគោលបំណងដើម្បីជួយក្លិបបឹងកេតនោះទេ ពោលគឺដើម្បីរួមគ្នាពិភាក្សារកយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍវិស័យកីឡាបាល់ទាត់នៅកម្ពុជា។ ម្យ៉ាងទៀត ដោយសារលោក សាយ សំអាល់ ជាប្រធានសហភាពសហព័ន្ធយុវជនរាជធានីភ្នំពេញ និងជាអ្នកដែលស្រឡាញ់វិស័យកីឡាបាល់ទាត់។
ពាក់ព័ន្ធវត្តមានលោក សាយ សំអាល់ ជាមួយក្លិបបឹងកេត អ្នកស្រី ធីតា បានរៀបរាប់ថា៖«ពួកយើងបានទៅស្នើសុំគាត់ ដើម្បីមកធ្វើជាជំនួយនិងកម្លាំងដ៏រឹងមាំមួយទៀតសម្រាប់យើង។ គាត់មកទីនេះ គឺដើម្បីជួយបំផុសបំផុលជាមួយយុវជនឲ្យងាកមកចាប់អារម្មណ៍កីឡាបាល់ទាត់ ព្រោះគាត់ធ្វើការជាមួយយុវជនស្រាប់។ ធម្មតាជាអ្នកដឹកនាំ១រូប ដែលគ្រប់គ្រងយុវជនរាប់ម៉ឺននាក់ យ៉ាងហោចណាស់ មានយុវជន១០ទៅ២០ភាគរយក្នុងចំណោមកូនចៅគាត់មកទស្សនា យើងអស់ចិត្តដែរ»។
ក្រោយប្រកាសតែងតាំងប្រធានកិត្តិយសថ្មី និងភាពជាដៃគូជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា បឹងកេតមានការងារជាច្រើនត្រូវធ្វើរួមគ្នាជាមួយលោក សាយ សំអាល់ ពាក់ព័ន្ធនឹងយុវជន។ បើយោងតាមអ្នកស្រី ពុធ ធីតា ការងារទាំងនោះរួមមានការងារមនុស្សធម៌ ការចែករំលែកបទពិសោធបាល់ទាត់នៅតាមសាលា និងខេត្តនានា និងយកកុមារកំព្រាមកបណ្តុះបណ្តាលជាដើម៕
Tag:
បាល់ទាត់
ពុធ ធីតា
បឹងកេត
សាយ សំអាល់
© រក្សាសិទ្ធិដោយ thmeythmey.com