អន្តរជាតិ
សភា​សិង្ហ​បុរី​អាច​នឹង​បង្កើត​ច្បាប់​ផ្តល់​អំណាច​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​ការ​សាយភាយ Fake News
21, Sep 2018 , 3:38 pm        
រូបភាព
រូបភាព LIANHE ZAOBAO
រូបភាព LIANHE ZAOBAO
​គណៈកម្មាធិការ​សិង្ហ​បុរី​ផ្តល់យោបល់​លើ​ការប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ (Fake News) នៅ​ថ្ងៃទី​២០ ខែកញ្ញា បានស្នើ​ឲ្យ​បង្កើត​ច្បាប់​ផ្ដល់​អំណាច​ឲ្យ​រដ្ឋាភិបាល​បង្អាក់​ភ្លាមៗ​នូវ​រាល់​ការ​សាយភាយ​ព័ត៌មាន​ក្លែងបន្លំ​តាម​ប្រព័ន្ធ​អន​ឡាញ​។ សំណើ​នេះ គឺជា​ផ្នែក​មួយ​ចំណាត់ការ​ធំ​ទូលាយ​របស់​បុរី​រដ្ឋ​មួយ​នេះ​ក្នុងការ​ទប់ស្កាត់​ព័ត៌មាន​មិន​ពិត​។ មិន​ត្រឹមតែ​ស្ថាប័នរដ្ឋ​ឡើយ គណៈកម្មាធិការ​ដដែល ក៏​លើក​យោបល់​ឲ្យ​មានការ​ចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត​ក្នុងការ​ប្រឆាំង​បាតុភាព​នេះ​។​

 
​គណៈកម្មាធិការ​ចម្រុះ​ស្ដីពី​សាយ​ភាព​ព័ត៌មាន​កុហក នៅ​ថ្ងៃទី​២០ ខែកញ្ញា​បានផ្ដល់​របាយការណ៍រ​បស់​ខ្លួន​កម្រាស់​១៧៦​ទំព័រ​ទៅកាន់​សភា​សិង្ហ​បុរី ដោយបាន​ឲ្យ​យោបល់​ចំនួន ២២​ចំណុច​ដើម្បី​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងបន្លំ​។ គណៈកម្មាធិការ​នេះ​ដឹកនាំ​ដោយ​អនុប្រធាន​សភា​សិង្ហ​បុរី Charles Chong និង​បាន​ប្រមូល​គំនិត​យោបល់​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់​អស់​រយៈពេល​៦​ខែ​មកហើយ​ដូចជា​តំណាង​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្រុមហ៊ុន​បច្ចេកវិទ្យា និង​សង្គម​ស៊ីវិល​ផង​។​
 
​ក្នុង​របាយការណ៍​រប​ស់​ខ្លួន គណៈកម្មាធិការ​ខាងលើ​សន្និដ្ឋានថា អន្តរាគមន៍​របស់រ​ដ្ឋា​ភិ​បាល គឺជា​រឿង​ចាំបាច់​ដើម្បី​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​បន្លំ​តាម​ប្រព័ន្ធ​អន​ឡាញ ព្រោះ​ការទប់ស្កាត់​ព័ត៌មាន​ប្រឌិត​មិនអាច​ដោះស្រាយបាន​ត្រឹម​រយៈ​សេរីភាព​នៃ​លំហូរ​ព័ត៌មាន​ឡើយ​។ ក្នុងន័យនេះ គណៈកម្មាធិការ​មាន​សមាជិក​១០​នាក់ ក៏​ដាក់សំណើ​ជា​វិធានការ​ផ្នែក​ច្បាប់ ការអប់រំ និង​ការដាក់ទោសទណ្ឌ​ផង​។ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រទស្ស​ន៍​សិង្ហ​បុរី Channel NewsAsia ។​
 
​វិធានការ​ទាំងឡាយ​ដែល​ស្នើ​ដោយ​គណៈកម្មាធិការ​ដដែល​នេះ​មានដូចជា ការអប់រំ​ពី​ព័ត៌មាន​បន្លំ​តាម​ប្រព័ន្ធ​អន​ឡាញ​នៅតាម​ស្ថាប័ន​សាធារណៈ​ដូចជា​សាលារៀន និង​ការលើកទឹកចិត្ត​ឲ្យ​អង្គភាព​សារ​ធាណៈ​ដទៃទៀត​មាន​ចំណាត់ការ​ឲ្យ​បាន​ទាន់ពេល​ក្នុង​បោសសម្អាត​ព័ត៌មាន​មិន​ពិត​។ អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គណៈកម្មាធិការ​នេះ​ក៏​ស្នើ​ឲ្យ​មាន​ការផ្ដល់អំណាច​ទៅ​ឲ្យ​រដ្ឋាភិបាល​ដើម្បី​ចាត់ការ​ការ​សាយ​ភាព​ព័ត៌មាន​បំពុល​ភ្លាមៗ​ដែរ​។​
 
​ទំនង​មានការ​ព្រួយបារម្ភ​ពី​ផលប៉ះពាល់​នៃ​ចំណាត់ការ​ប្រឆាំង​ព័ត៌មាន​បំពុល​ខាងលើ គណៈកម្មាធិការ​នេះ​អះអាងថា ការបញ្ឈប់​ការ​រាលដាល​ព័ត៌មាន​បំភ្លៃ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត មិនមាន​ផលប៉ះពាល់​លើ​សេរីភាព​បញ្ចេញមតិ​ឡើយ​។ ដោយ​ចាត់ទុក​ព័ត៌មាន​បន្លំ​ថា​ប៉ះពាល់​ប្រជាធិបតេយ្យ​នោះ គណៈកម្មាធិការ​ដដែល​ស្នើ​ទៀតថា ចំណាត់​ដែល​ត្រូវអនុវត្ត នឹង​ដើរ​តាម​ក្បួនខ្នាត​ត្រឹមត្រូវ និង​មិនត្រូវ​ហួសហេតុ​ឡើយ ទោះជា​ព័ត៌មាន​បន្លំ​តាម​អន​ឡាញ​បង្កបញ្ហា​ច្រើន​សណ្ឋាន​ហូត​ដល់​សន្តិសុខ​ជាតិ​ក្តី​។​
 
​សិង្ហ​បុរី ដែល​ត្រូវបាន​មើលឃើញថា បាន​រឹតបន្តឹង​ការគ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធឺណិត​ខ្លាំង​នាពេល​កន្លងមក នៅតែ​ព្រួយបារម្ភ​ចំពោះ​ការ​សាយភាយ​ព័ត៌មាន​ក្លែងបន្លំ​នៅក្នុង​ស្រុក ព្រោះ​ប៉ះពាល់​សន្តិសុខ​ជាតិ​ផង និង​អាច​ញុះញង់​ឲ្យ​មាន​ហិង្សា​ផង​៕ 
 

Tag:
 សិង្ហ​បុរី​
  Fake News
© រក្សាសិទ្ធិដោយ thmeythmey.com