ជាតិ
សង្គមជាតិ
អភិបាលខេត្តកំពង់ចាម បង្កើតការប្រកួតប្រជែងឃុំ-សង្កាត់ដែលបម្រើសេវាសាធារណៈល្អ រូបពីអភិបាលខេត្តកំពង់ចាម
× កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម បង្កើតការប្រកួតប្រជែងផ្នែកសេវាឃុំ-សង្កាត់ ដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាព។ ការប្រកួតប្រជែងនេះ តម្រូវឲ្យមេឃុំ -ចៅសង្កាត់ ផ្តល់សេវាសាធារណៈសំខាន់ៗ ជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។
គោលបំណងនៃការបង្កើតកម្មវិធីនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ។ រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ការផ្តល់សេវាកម្មទាំងនេះ មេឃុំ-ចៅសង្កាត់ ស្នៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ -សង្កាត់ ត្រូវអនុវត្តដោយផ្ទាល់ និងដល់ទីកន្លែងស្នាក់នៅស្របតាមខ្លឹមសារណែនាំ ហើយត្រូវផ្សព្វផ្សាយជាសាធារណៈ។
រដ្ឋបាលខេត្តកំពង់ចាម នឹងជ្រើសរើសមេឃុំ សង្កាត់ ចំនួន១០៩រូប ដើម្បីប្រកួតការផ្តល់សេវាសាធារណៈសំខាន់ៗ ដូចជា ការចុះសំបុត្រកំណើត, សំបុត្រអាពាហ៍ពិពាហ៍, សំបុត្រមរណភាព, បញ្ជីឈ្មោះស្នាក់នៅអចិន្ត្រៃយ៍,ការផ្តល់សេវាស្នាក់នៅ, ការចុះឈ្មោះក្នុងបញ្ជីគ្រួសារ និងការផ្តល់សៀវភៅគ្រួសារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម។
ក្នុងសេចក្តីប្រកាសដដែល រដ្ឋបាលខេត្តកំពង់ចាម បានលើកឡើងថា ក្នុងចំណោម១០៩រូប នឹងជ្រើសរើសជ័យលោភីចំនួន៣រូប និង៧រូបទៀត ផ្តល់ជារង្វាន់លើកទឹកចិត្ត ដោយជ័យលោភីលេខ១ នឹងទទួលបានថវិកា១០លានរៀល លេខ២ ទទួលបាន ៦លានរៀល លេខ៣ ទទួលបាន ៤លានរៀល និងជ័យលោភីលេខ៤ ល់លេខ១០ ដោយក្នុងម្នាក់ទទួលបាន ២លានរៀល ព្រមទាំងប័ណ្ណសរសើរម្នាក់មួយផងដែរ។
សម្រាប់លក្ខខណ្ឌក្នុងការប្រកួតនេះ បេក្ខជនត្រូវផ្តល់សេវាសាធារណៈដូចខាងលើនេះ ដោយត្រូវថតរូបសកម្មភាពនៃការផ្តល់សេវានេះជាអំណះអំណាង។ រាល់សកម្មភាពត្រូវបង្ហោះភ្លាមៗ នូវព័ត៌មាន និងរូបភាព នៅក្នុងគណនីហ្វេសប៊ុករៀងៗខ្លួន សម្រាប់ផ្សព្វផ្សាយឲ្យសាធារណជនដឹងពីការផ្តល់សេវានេះ។
ចំពោះការប្រលងប្រកួតនេះ នឹងចាប់ផ្តើមអនុវត្តពីខែ តុលា ឆ្នាំ២០១៨ ខាងមុខនេះ និងផុតកំណត់នៅថ្ងៃទី៣១ ខែឆ្នូ ឆ្នាំ២០១៨។ សម្រាប់ឆ្នាំបន្តបន្ទាប់ទៀត រដ្ឋបាលខេត្តនឹងកំណត់ការបូកសរុបរបាយការណ៍ប្រចាំឆ្នាំចាប់ពីថ្ងៃទី០១ ខែមករា និងបញ្ចប់ទៅវិញនៅថ្ងៃទី៣១ ខែឆ្នូ ជារៀងរាល់ឆ្នាំ៕
Tag:
កំពង់ចាម
ឃុំ សង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com