អន្តរជាតិ
ចិន​និង​រុស្ស៊ី​ព្រមាន​អាមេរិក ក្រោយ​រដ្ឋបាល​លោក ត្រាំ ដាក់ទណ្ឌកម្ម​រឿង​ទិញ​លក់​អាវុធ​
21, Sep 2018 , 9:39 pm        
រូបភាព
យន្តហោះចម្បាំង Sukhoi-35 ដែលចិនទិញពីរុស្ស៊ី ជាមូលហេតុនៃទណ្ឌកម្មរបស់អាមេរិក (រូបភាព AFP)
យន្តហោះចម្បាំង Sukhoi-35 ដែលចិនទិញពីរុស្ស៊ី ជាមូលហេតុនៃទណ្ឌកម្មរបស់អាមេរិក (រូបភាព AFP)
​ក្នុង​សេចក្ដីថ្លែងការណ៍​ពីរ​ផ្សេងគ្នា​នៅ​ថ្ងៃទី​២១ ខែកញ្ញា ក្រុង​មូ​ស្គូ និង​ក្រុង​ប៉េកាំង បាន​ព្រមាន​ក្រុង​វ៉ាស៊ីនតោន បន្ទាប់ពី​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដាក់ទណ្ឌកម្ម​ជុំវិញ​ការទិញ​លក់​អាវុធ​រវាង​ប្រទេស​ទាំងពីរ​។ ទណ្ឌកម្ម​របស់​អាមេរិក​លើ​អង្គភាព​កងទ័ព​ចិន និង​ជនជាតិ​រុស្ស៊ី ធ្វើឡើង​ក្រោម «​ច្បាប់​ប្រឆាំង​សត្រូវ​អាមេរិក​តាមរយៈ​ទណ្ឌកម្ម​» ដែល​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​អាចដាក់​ទណ្ឌកម្ម​ប្រឆាំង​ប្រទេស​ណា​ដែល​រកស៊ី​ជាមួយ​រុស្សី​។

 
​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២០ ខែកញ្ញា បានដាក់​ទណ្ឌកម្ម​លើ​យោធា​ចិន​ចំពោះ​ការទិញ​យន្តហោះ​ចម្បាំង និង​ប្រព័ន្ធ​ការពារ​មី​ស៊ី​លពី​រុស្ស៊ី​។ ជាមួយគ្នានេះ មនុស្ស​ចំនួន​៣៣​នាក់ និង​ស្ថាប័ន​មួយចំនួនទៀត​ដែលជា​ប់​ពាក់ព័ន្ធ​នឹង​អង្គភាព​យោធា និង​ចារកម្ម​របស់​រុស្ស៊ី ក៏ត្រូវ​ដាក់ទណ្ឌកម្ម​ដោយ​ក្រសួងការបរទេស​អាមេរិក​ដែរ​។ ចំណាត់ការ​របស់​ក្រសួងការបរទេស​អាមេរិក ធ្វើឡើង​ក្រោម​ច្បាប់​ប្រឆាំង​សត្រូវ​អាមេរិក​តាមរយៈ​ទណ្ឌកម្ម​ឆ្នាំ​២០១៧ ។​
 
​ច្បាប់​ខាងលើ ដែល​បង្កើត​ក្រោយ​ការ​ចោទ​រុស្ស៊ី​ថា លូកលាន់​ការបោះឆ្នោត​ឆ្នាំ​២០១៦ បើក​សិទ្ធិ​ឲ្យ​រដ្ឋបាល​លោក ត្រាំ ដាក់ទណ្ឌកម្ម​លើ​ប្រទេស​ទាំងឡាយណា​ដែល​រកស៊ី​ជាមួយ​រុស្ស៊ី​។ ក្នុង​សេចក្ដីប្រកាស​របស់ខ្លួន ក្រសួងការបរទេស​អា​មេ​រិ​កបាន​ចាត់វិធានការ​លើ​នាយកដ្ឋាន​អភិវឌ្ឍ​គ្រឿង​បរិក្ខារ ដែល​ចំណុះ​ក្រសួងការពារជាតិ និង​នាយក Li Shangfu ដែលមាន​ទំនាក់ទំនង​ដោះដូរ​ជាមួយ​ក្រុមហ៊ុន​រុស្ស៊ី​Rosoboronexport ។ ចិន​ទិញ​អាវុធ​ពី​រុស្ស៊ី​នៅ​ឆ្នាំ​២០១៧ និង​២០១៨ ។​
 
​ក្រោយ​អាមេរិក​ប្រកាស​ទណ្ឌកម្ម ចិន​ក៏​ប្រាប់​ឲ្យ​ដកចេញ​វិញ​ភ្លាម​។ ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​២១ ខែកញ្ញា លោក Geng Shuang អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​និយាយថា ចិន​មិន​ពេញចិត្ត​ឡើយ​ចំពោះ​ទណ្ឌកម្ម​ដែល​មិនអាច​ទទួលយកបានរ​បស់​អាមេរិក ហើយ​ចិន​ក៏បាន​តវ៉ា​ជា​ផ្លូវការ​រួចហើយ​ដែរ​។ បើតាម​អ្នកនាំពាក្យ​រូបនេះ បើ​អាមេរិក​មិន​ដក​ទណ្ឌកម្ម​វិញ​ឲ្យ​បាន​ឆាប់​ទេ អាមេរិក​នឹងរង​ផលវិបាក​មិន​ខាន​។​
 
​ពី​រដ្ឋធានី​មូ​ស្គូ​ឯណោះ មន្ត្រី​ក្រសួងការបរទេស​រុស្ស៊ី​ចាត់ទុក​ទណ្ឌកម្ម​លើ​ខ្លួន និង​ចិន ជាការ​ប្រលែង​នឹង​ភ្លើង ដែល​ប្រកបដោយ​គ្រោះថ្នាក់ និង​ជាការ​គំរាមកំហែង​ស្ថិរភាព​ពិភពលោក​។ បើ​យោងតាម​សារព័ត៌មាន AFP អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Sergei Ryabkov លើកឡើងថា អាមេរិក​ត្រូវតែ​ចាំ​ពី​ស្ថិរភាព​សាកល​ដែល​ប៉ះពាល់​ដោយ​ការធ្លាក់ចុះ​នៃ​ទំនាក់ទំនង​រុស្ស៊ី និង​អាមេរិក ហើយ​អាមេរិក​គួរ​ឈប់​ធ្វើ​សកម្មភាព​បែបនេះ​ទៀត​។​
 
​ដោយសារ​ទណ្ឌកម្ម​លើ​រុស្ស៊ី​រាលដាល​ដល់​ចិន​បែបនេះ មន្ត្រី​អាមេរិក​ពន្យល់ថា ទណ្ឌកម្ម​នេះ​សំដៅ​តែ​រុស្ស៊ី​មួយ​ប៉ុណ្ណោះ មិនមែន​ចិន​ឡើយ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្នុង​សន្និសីទ​តាម​ទូរ​សព្ទ​មួយ មន្ត្រី​អាមេរិក​ម្នាក់​និយាយថា គោលដៅ​ចម្បង​របស់​ទណ្ឌកម្ម​ទាំង​អម្បាលម៉ាន គឺ​ប្រឆាំង​តែ​រុស្ស៊ី ហើយ​គ្មាន​បំណង​បង្ក​ផលប៉ះពាល់​ដល់​សមត្ថភាព​ការពារជាតិ​ប្រទេស​ណា​ដែរ​៕

Tag:
 ចិន​
  រុស្ស៊ី​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com