ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រមុខរដ្ឋស្តីទី លើកលែងទោស​ឲ្យ​ផលិតករ​ភាពយន្ត​ជនជាតិ​អូស្ត្រាលី ដែល​ត្រូវ​ជាប់គុក​៦​ឆ្នាំ​
21, Sep 2018 , 5:23 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែល​ទទួល​រាជា​នុ​សិទ្ធិ​ជា​ប្រមុខរដ្ឋស្តីទី បានចុះហត្ថលេខាជំនួសព្រះមហាក្សត្រ លើ​ព្រះរាជក្រឹត្យ ​នៅ​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៨នេះ ដើម្បី​លើកលែងទោស​ឲ្យ​លោក  Jame Ricketson ផលិតករ​ភាពយន្ត​ជនជាតិ​អូស្ត្រាលី ដែល​ត្រូវបាន​កាត់ទោស​ជាប់ពន្ធនាគារ​រយៈពេល​៦​ឆ្នាំ​នៅ​កម្ពុជា ដោយសារតែ​បង្ហោះ​ដ្រូ​ន (Drone) ថតរូប​ភាព​និង​វីដេអូ​ពីលើ​អាកាស​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​អ្នកស្នើ​ឲ្យ​លើកលែងទោស​។


បន្ទាប់ពីប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យលើកលែងទោសរួច ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញដីកាមួយភ្លាម ដើម្បីបង្គាប់ទៅមន្រ្តីពន្ធនាគារព្រៃស​ ឲ្យដោះលែងលោក Jame។ 
 
សូមរម្លឹកថា ក្រោយ​បង្ហោះ​ដ្រូ​ន​លើ​អាកាស​ក្នុង​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ខែមិថុនា ឆ្នាំ​២០១៨ លោក Jame ដែលមាន​វ័យ​៦៥​ឆ្នាំ ក៏​ត្រូវបាន​ឃាត់ខ្លួន ក្រោម​បទ​ចោទ «​ប្រមូលផ្តុំ​ព័ត៌មាន​ជាអាទិ៍ ដែល​អាចធ្វើ​ឲ្យ​អន្តរាយ​ការការពារ​ជាតិ អំពើ​ទទួល ឬ​ប្រមូលផ្តុំ​ដើម្បី​ផ្តល់​ព័ត៌មានវិទ្យា ឬ​ស​លាកប​ត្រ​ដែល​អាចធ្វើ​ឲ្យ​អន្តរាយ​ការការពារ​ជាតិ​»។ រហូតដល់ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៨ ​សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម  ដោយ​កំណត់​ឲ្យបុរស​ជនជាតិ​អូស្ត្រាលី​រូបនេះ ជាប់ពន្ធនាគារ​៦​ឆ្នាំ​នៅ​កម្ពុជា៕
 

Tag:
 ហ៊ុន សែន​
  Jame
  មហាក្សត្រ​
  សាយ ឈុំ​
© រក្សាសិទ្ធិដោយ thmeythmey.com