ជាតិ
​​​ន​យោ​បាយ​ជាតិ​
មាន​អ្នក​ត្រៀម​ប្រឆាំង និង​អ្នក​ត្រៀម​ស្វាគមន៍ ចំពោះ​វត្តមាន​សម្តេច ហ៊ុន សែន នៅ​អាមេរិក​
22, Sep 2018 , 10:19 am        
រូបភាព
សម្តេច ហ៊ុន សែន ពេលរៀបឡើងយន្តហោះ ទៅកាន់ប្រទេសចិន កាលពិថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ ដើម្បីចូលរួមពិព័ណចិន-អាស៊ានលើកទី១៥
សម្តេច ហ៊ុន សែន ពេលរៀបឡើងយន្តហោះ ទៅកាន់ប្រទេសចិន កាលពិថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ ដើម្បីចូលរួមពិព័ណចិន-អាស៊ានលើកទី១៥
​ភ្នំពេញ​៖ ដំណើរ​ទៅកាន់​ទីក្រុង​ញូយ៉ក សហរដ្ឋអាមេរិក ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​លើក​ទី​៣៧ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​, សម្តេច ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា នឹង​ទទួល​បានការ​រាក់ទាក់​ផង និង​ប្រឈម​ការស្រែក​តវ៉ា​ផង​។​


 
​អតីត​គណបក្សប្រឆាំង​នៅក្រៅ​ប្រទេស បានប្រកាស​រួចហើយ​ថា នឹង​ប្រមូល​ផ្តុំគ្នា នៅមុខ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ ក្នុង​ទីក្រុង​ញូយ៉ក ដើម្បី​ប្រឆាំងនឹង​វត្តមាន​គណៈប្រតិភូ​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច ហ៊ុន សែន​។ តាមរយៈ​ខិត្តប័ណ្ណ ដែល​គណបក្សប្រឆាំង បាន​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ លោក សម រង្ស៊ី នឹង​ដឹកនាំ​ធ្វើបាតុកម្ម​ដោយផ្ទាល់​តែម្តង​។
 
​គោលបំណង​ដ៏​ធំ​មួយ​នៃ​ការធ្វើ​បា​តុ​របស់​អតីត​អ្នកប្រឆាំង គឺ​ដើម្បី​កុំ​ឲ្យ​សហគមន៍​អន្តរជាតិ ទទួលស្គាល់​រដ្ឋាភិបាល​កម្ពុជា​។ នេះ​បើតាម​ខ្លឹមសារ ដែលមាន​សរសេរ​លើ​ខិត្តប័ណ្ណ​របស់​អតីត​គណបក្សប្រឆាំង​។
 
​សម្តេច ហ៊ុន សែន មិនមែន​មានតែ​អ្នក​ចាំ​ប្រឆាំង​នោះទេ តែ​ក៏មាន​អ្នក​ចាំ​គាំទ្រ​ដែរ​។ ស្របពេល ថ្នាក់ដឹកនាំ និង​អ្នកគាំទ្រ​ខាង​ប្រឆាំង ប្រកាស​ធ្វើបាតុកម្ម ខ្មែរ​-​អាមេរិក​ខ្លះ ដែល​ស្រឡាញ់​មេដឹកនាំ​កម្ពុជា ក៏បាន​ចេញមក​ប្រកាសថា នឹងទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​។
 
​សហគមន៍​មួយ ឈ្មោះ «​សហគមន៍​ខ្មែរ អាមេរិកាំង​» បាន​ផ្ញើលិខិត​ជូន​សម្តេច ហ៊ុន សែន ដើម្បី​បញ្ជាក់ថា ខ្មែរ​-​អាមេរិក ដែលជា​សមាជិក​នៃ​សហគមន៍​នេះ ពិតជា​រីករាយ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច ទៅកាន់​សហរដ្ឋអាមេរិក​។ លិខិត​នោះ បានចេញ​ដោយ​លោក ឥ​ក ង៉ូ​យ អគ្គលេខាធិការ​នៃ​សហគមន៍​ខ្មែរ​-​អាមេរិកាំង​ប្រចាំ​កម្ពុជា​។
 
​តាមរយៈ​លិខិត ដែល​ធ្វើ​នៅ​ថ្ងៃ​ទៅ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៨  ខ្មែរ​-​អាមេរិក​ទាំងនោះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ទោះជា​ខ្មែរ​-​អាមេរិក មិនសូវ​បញ្ចេញមតិ​នយោបាយ​ជា​សាធារណៈ​ក្តី តែ​ពួក​ខ្ញុំ ប្រាកដ​ណាស់​ថា ពួកគេ​ភាគច្រើន មាន​ជំនឿ និង​គាំទ្រ​សម្តេច តាមរយៈ​រូបភាព​មក​ទទួល​ស្វាគមន៍​សម្តេច​»​។
 
​សូមបញ្ជាក់ថា សម្តេច ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ទៅ​ចូលរួម​ប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៨​។ សេចក្តីប្រកាស​ព័ត៌មាន​ពី​ក្រសួងការបរទេស បាន​បញ្ជាក់ថា​៖«​សម្តេចនាយក​រដ្ឋមន្ត្រី នឹងធ្វើ​សេចក្តីថ្លែងការណ៍​មួយ ផ្តោតលើ​ការវិវត្ត​ថ្មីៗ និង​សមិទ្ធផល​សំខាន់ៗ ដែល​រដ្ឋាភិបាល​សម្រេច​បាន រួមទាំង​បញ្ហា​តំបន់ និង​បញ្ហា​អន្តរជាតិ ដែលជា​ការព្រួយបារម្ភ​រួម​»៕ 
 
 
 
 
 

Tag:
 ហ៊ុន សែន​
  សម រង្ស៊ី​
  អាមេរិក​
  បាតុកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com