ជាតិ
សង្គមជាតិ
ត្រដក់តូច៦សំបុកប្រទះឃើញលើកដំបូង នៅដែនជម្រកសត្វព្រៃកែវសីមា រូបភាពពីWCS
× ភ្នំពេញ៖ ត្រដក់តូចចំនួន៦សំបុក ដែលបង្កកំណើត ត្រូវបានអង្គការសមាគមអភិរក្សសត្វព្រៃ(WCS) ប្រទះឃើញជាលើកដំបូង នៅក្នុងតំបន់ដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។ ត្រដក់តូច ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ដែលជាសត្វងាយនឹងរងគ្រោះជិតផុតពូជនៅលើលោក។ សត្វត្រដក់តូច មានមាឌធំ មានកម្ពស់រហូតដល់១៣០សង់ទីម៉ែត្រ ហើយមានស្លាបសងខាងប្រវែង២ម៉ែត្រ។
ក្រុមស្រាវជ្រាវ និងត្រួតពិនិត្យតាមដានរបស់អង្គការWCS បានរកឃើញសត្វត្រដក់តូចចំនួន៦សំបុក ដែលជាប្រភេទសត្វចូលចិត្តធ្វើសំបុកពងកូន ជាបណ្តុំជិតគ្នានៅដើមឈើខ្ពស់ៗ ដែលជាប្រភេទព្រៃល្បោះ និងព្រៃស្រោង។ តាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ WCS នៅថ្ងៃទី១៧ ខែកញ្ញា នេះជាលើកដំបូងហើយ ដែលក្រុមការងាររកឃើញសំបុកនេះនៅប្រទេសកម្ពុជា ទោះបីសត្វត្រដក់តូចនៅលើសាកលលោក មានប្រមាណជាង១ម៉ឺនក្បាលក៏ដោយ ក៏កំពុងមានការធ្លាក់ចុះ ដោយសារមានការបរបាញ់ ការបំពុល និងបរិភោគសាច់ព្រៃ។
លោក សូត្រ វ៉ាន់ឌឿន អ្នកដឹកនាំក្រុមស្រាវជ្រាវស្វែងរកសត្វត្រដក់តូច ក្នុងដែនជម្រកសត្វព្រៃកែវសីមា បាននិយាយថា ដែនជម្រកសត្វព្រៃកែវសីមាជាទីជម្រកដ៏សំខាន់ ដែលមានព្រៃល្បោះ ព្រៃស្រោង វាលស្មៅ ត្រពាំង អូរ និងចំណីអាហារសម្រាប់ឲ្យសត្វត្រដក់តូច អាចបង្កកំណើត។ លោកបន្តថា បច្ចុប្បន្ន មានសកម្មភាពកាប់ទន្ទ្រានព្រៃឈើ បានបង្កជាគំរាមកំហែង និងប៉ះពាល់យ៉ាងខ្លាំងដល់ជម្រក សំបុកពងកូនរបស់វានៅរដូវពងកូន។ លោក វ៉ាន់ឌឿន ប្តេជ្ញាចិត្តថា នឹងការពារទីជម្រកពងកូននេះ ដើម្បីធានាដល់ការរស់នៅនៃសត្វកម្រមួយនេះ។ លោក វ៉ាន់ឌឿន បញ្ជាក់បន្ថែមថា៖ «យើងនឹងបន្តស្វែងរកសំបុកត្រដក់តូច និងធ្វើការរួមគ្នាជាមួយសមាគម ជាពិសេសមន្ទីរបរិស្ថានខេត្ត និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីការពារសំបុករបស់វា»៕
© រក្សាសិទ្ធិដោយ thmeythmey.com