ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​២​អង្គ​៖ ចែករំលែក​បទពិសោធ​ន៍​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​
22, Sep 2018 , 4:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ព្រះសង្ឃ​កម្ពុជា​ក្រោម​២​ព្រះអង្គ ដែល​បានធ្វើ​ដំណើរ​ពី​ខេត្ត​ឃ្លាំង នៃ​ទឹកដី​កម្ពុជា​ក្រោម មក​សិក្សា​នៅ​រាជធានី​ភ្នំពេញ បានទទួល​បាន​អាហារ​រូបករណ៍​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​។ ព្រះ​តេជគុណ​ទាំងពីរ​ព្រះអង្គ​មាម​ព្រះ​ជន​ជាង​២០ វស្សា បាន​បញ្ជ​ប់​ការសិក្សា​ថ្នាក់បរិញ្ញាប័ត្រ​នៅ​រាជធានី​ភ្នំពេញ​រូ​ចរាល់​ហើយ​។ បច្ចុប្បន្ន​ព្រះ​តេជគុណ ថាច់ វណ្ណា និង​ព្រះ​តេជគុណ សេរី វឌ្ឍនៈ កំពុង​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត នៅ​ប្រទេស​រុស្ស៊ី​។



ដើម្បី​ជ្រាប​កាន់តែច្បាស់​ពី​ការតស៊ូ និង​ការស្វែងរក​អាហារ​រូបករណ៍​នៅ​ប្រទេស​រុស្ស៊ី សូម​លោក​អ្នកនាង ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​កញ្ញា ថា​ន រស្មី ដូចតទៅ​៖




 
​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ជាច្រើន​អង្គ ដែល​ចង់​បន្ត​ការសិក្សា​រៀនសូត្រ​ឲ្យ​បាន​ខ្ពង់ខ្ពស់​នោះ ត្រូវ​និមន្ត​ពី​កម្ពុជា​ក្រោម មក​កម្ពុជា​កណ្ដាល​ដើម្បី​ទទួល​ការសិក្សា​ថ្នាក់​មហាវិទ្យាល័យ​។ ដោយ​អាស្រ័យ​លើ​ការបរិច្ចាគ​ទាន​ពី​ពុទ្ធបរិស័ទ​។ ហេតុតែ​ចង់បាន​ការសិក្សា​កាន់តែ​ខ្ពស់​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ពីរ​អង្គ បាន​ព្យាយាម​ស្វែងរក​អាហារ​រូបករណ៍ សិក្សា​នៅ​ប្រទេស​រុស្ស៊ី ដើម្បី​បំពេញ​ចំណេះដឹង​បន្ថែមទៀត​។​
 
​ក្រោយពី​ទទួលបាន​ភាពជោគជ័យ​ក្នុង​ការដាក់​អាហារ​រូបករណ៍​នៅ​ប្រទេស​រុស្ស៊ី​ថ្នាក់អនុបណ្ឌិត ព្រះ​តេជគុណ​ទាំង​២​ព្រះអង្គ ពោលគឺ​ព្រះ​តេជគុណ ថាច់ វណ្ណា និង​ព្រះ​តេជគុណ សេរី វឌ្ឍនៈ បាន​ឲ្យ​ដឹងថា ការដាក់​អាហារ​រូបករណ៍​ទៅ​សិក្សា​នៅ​រុស្ស៊ី​គឺ​អាស្រ័យ​លើ​លំដាប់​ពិន្ទុ​ក​នៅក្នុង​ការសិក្សា​។ ព្រះ​តេជគុណ ថាច់ វណ្ណា បាន​បន្ថែមថា អ្វី​ដែលជា​ភាពងាយស្រួល​នោះ​គឺ និស្សិត​ដាក់​អាហារ​រូបករណ៍​ដោយផ្ទាល់​ទៅ​ក្រសួង​អប់រំ​រុស្ស៊ី និង​មិន​ត្រូវការ​តេស្ត​ភាសា​អង់គ្លេស ឬ​ភាសា​រុស្ស៊ី​នោះឡើយ​។​
 
​ព្រះ​តេជគុណ ថាច់ វណ្ណា បញ្ជាក់ថា​៖«​ខាង​ក្រសួង​អប់​រុស្ស៊ី​គេ​មាន​វេ​ប​សាយ​មួយ​ឈ្មោះ russia.study ដែល​សម្រាប់​ឲ្យ​និស្សិត​នៅលើ​ពិភពលោក​អាចដាក់​អាហារ​រូបករណ៍​ទៅ​សិក្សា​នៅ​សហព័ន្ធរុស្ស៊ី​បាន​។ ឯកសារ​ដែល​ភ្ជាប់​ទៅជា​ការចុះឈ្មោះ​មាន លិខិតឆ្លងដែន សញ្ញាប័ត្រ​ដែល​បក​ប្រែជា​ភាសា​អង់គ្លេស និង​លិខិត​ពិនិត្យ​សុខភាព​ទូទៅ​នៅ​ក្រសួង​អប់រំ​»​។​
 
​ព្រះ​តេជគុណ​មកពី​ខេត្ត​ឃ្លាំង​ខាងលើ បាន​បន្ថែមថា ចំពោះ​ការដាក់​អាហារ​រូបករណ៍​ត្រូវធ្វើឡើង​ចន្លោះ​ពី​ខែកុម្ភៈ ទៅ​ខែមីនា និង​រង់ចាំ​លទ្ធផល​ចន្លោះ​ពី​ខែកក្កដា ដល់​ខែសីហា ដែលជា​វិសមកាល​ថ្មី​នៃ​ថ្នាក់​សិក្សា​របស់​រុស្ស៊ី​។ ដើម្បី​ទទួលបាន​អាហារ​រូបករណ៍ អ្នក​ដែលមាន​អតិ​ភាព​ខ្ពស់ គឺជា​អ្នក​ដែលមាន​ពិន្ទុ​ក​ខ្ពស់​ក្នុងការ​សិក្សា​។​
 
​ព្រះ​តេជគុណ ថាច់ វណ្ណា បញ្ជាក់បន្ថែម​៖ ជាធម្មតា​រុស្ស៊ី​ជា​ប្រទេស​មហាអំណាច​មួយ​ដែរ ចឹ​ង​គេ​មិន​តម្រូវ​ឲ្យ​ចេះ​ភាសា​អង់គ្លេស​ទេ​។ ហើយ​គេ​ប្រើប្រាស់​ភាសា​រុស្ស៊ី ហើយ​មិនមែន​ទាល់តែ​រុស្ស៊ី​ទើប​អាច​ទៅ​រៀន​បានទេ ព្រោះ​គេ​មាន​ថ្នាក់​បង្រៀន​ភាសា​រុស្ស៊ី​មួយឆ្នាំ ចូល​ថ្នាក់​សិក្សា​ជំនាញ​»​។​
 
​ដោយ​គិតថា​រុស្ស៊ី​គឺជា​ប្រទេស​មហាអំណាច​មួយ ស្រប​ពេលដែល​ព្រះ​តេជគុណ​ចាប់អារម្មណ៍​ចង់​រៀន​មុខ​វិទ្យា​វិទ្យាសាស្ត្រ​នយោបាយ​ផង​នោះ ទើប​ព្រះ​តេជគុណ ថាច់ វណ្ណា សម្រេច​ជ្រើសរើស​អាហារ​រូបករណ៍​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​នេះ​តែម្ដង​។​
 
​ក្រោយពី ថាច់ វណ្ណា ចែករំលែក​បទពិសោធ​ន៍​នៃ​ការស្វែងរក​អាហារ​រូប​បក​រណ៍​នៅ​រុស្ស៊ី ព្រះ​តេជគុណ សេរី វឌ្ឍនៈ អ្នក​ខេត្ត​ឃ្លាំង​ដូចគ្នា ក៏បាន​ចែករំលែក​ពី​បញ្ហា​ប្រឈម​ក្នុង​ការសិក្សា​នៅ​ទីនោះ​ផងដែរ​។ ដោយ​ព្រះ​តេជគុណ​មា​នស​ង្ឍ​ដីកា​រថា ប្រាក់ខែ​ដែល​ទទួលបាន​ពី​អាហារ​រូបករណ៍​នៅ​ប្រទេស​រុស្ស៊ី ទទួលបាន​តិចជាង​អាហារ​រូបករណ៍​នៅ​បណ្ដាល​ប្រទេស​ដទៃ​។ តួយ៉ាង​ក្នុង​មួយខែ​រដ្ឋាភិបាល​កម្ពុជា​ផ្ដល់ជូន​និស្សិត​អាហារ​រូបករណ៍​ចំនួន​៥០​ដុល្លារ​តែប៉ុណ្ណោះ ខណៈដែល​ក្រសួង​អប់រំ​រុស្ស៊ី​ផ្ដល់​ឲ្យ​និស្សិត​អាហារ​រូប​បក​រណ៍​ប្រមាណ​៣០​ដុល្លារ​តែប៉ុណ្ណោះ​។​
 
​ព្រះ​តេជគុណ សេរី វឌ្ឍនៈ មាន​សង្ឃដីកា​រថា​៖ ដោយសារ​ប្រាក់​អាហារូបករណ៍​តិច ហើយ​រយៈពេល​៣​ទៅ​៦​ខែ​ទើប​បើក​ឲ្យ​ម្ដង ដូច្នេះហើយ​និស្សិត​ដែល​ទោ​រៀន​ត្រូវមាន​ប្រាក់​សម្រាប់​ចាយវាយ​ដោយ​ខ្លួនឯង​ពី​ប្រទេស​ឲ្យ​ហើយ​។ សម្រាប់​អ្នកមាន​ជំងឺ​ដុះសាច់ច្រមុះ អ្នកចាញ់​រងារ និង​អ្នក​ជំ​ងឹ​ក្រពះ​ក៏​ប្រឈម​ដែរ ដោយសារតែ​រៀន​រហូត​ពី​ព្រឹក​ម៉ោង​៨ ដល់​ម៉ោង​៦​ល្ងាច​»​។​
 
​យ៉ាងណាមិញ​ចំពោះ​ព្រះសង្ឃ​មាន​បញ្ហា​ប្រឈម​ជាង​គ្រហស្ថ ពិសេស​ទៅលើ​របប​អាហារ​។ ដោយសារតែ​ព្រះសង្ឃ​ត្រូវ​ប​តិ​ប​ត្តិ​វិន័យ​សង្ឃ​ផង រៀបចំ​ចំណីអាហារ​ដោយ​ខ្លួនឯង​ផង ជាពិសេស​ត្រូវ​ប្រឹងប្រែង​រៀនសូត្រ​ដើម្បី​រក្សា​អាហារ​រូបករណ៍​ដែល​ទទួលបាន​។​
 
​ព្រះ​តេជគុណ សេរី វឌ្ឍនៈ មាន​សង្ឃដីកា​រថា​៖ ពិបាក​ដែរ​រឿង​ឆាន់​ចុក តែ​ពិបាក​តែ​ដំបូង​ទេ​។ ពេល​យើង​នៅ​យូរ​ទៅ​យើង​ស៊ាំ​ជាមួយ​គេ​ហើយ ដោយសារ​យើង​ជា​ព្រះសង្ឃ​តែ​ត្រូវ​នៅ​រួមជាមួយ​និស្សិត​ចម្រុះ មាន​ទាំង​វៀតណាម ចិន អារ៉ាប់ អី​ជាដើម​។ ដោយសារ​ចឹ​ង​ហើយ​បានជា​យើង​មានចិត្ត​ខ្លាច ទាំង​ការធ្វើ​ម្ហូប​អី​ជាដើម តែ​ពេល​នៅ​ស៊ាំ​យូរ​ទៅ​ក៏​អស់​បារម្ភ​ដែរ​»​។​
 
​ទោះ​មានការ​ប្រឈម​និង​ការរស់នៅ ក៏ដូចជា​ចំណីអាហារ​ខ្លះ សម្រាប់​សុវត្ថិភាព វិញ​ត្រូវបាន​ព្រះ​តេជគុណ ទាំង​២​ព្រះអង្គ​ឲ្យ​ដឹងថា មាន​សន្តិសុខ​ល្អ ទាំង​នៅក្នុង​អន្តេ​វា​សក​ដ្ឋា​ន តាម​ដងផ្លូវ តាម​ផ្សារ ក៏ដូចជា​សាលារៀន​។ ព្រះសង្ឃ​កម្ពុជា​ក្រោម​ទាំង​២​ព្រះអង្គ​បច្ចុប្បន្ន​បាន​សម្រាក​វិស្សម​កាលពី​ការសិក្សា​នៅ​ប្រទេស​រុស្ស៊ី បានមក​គង់នៅ​វត្ត​សាមគ្គី​រង្សី ដែល​ជាទី​មាន​ព្រះសង្ឃ​កម្ពុជា​ក្រោម​ជាច្រើន​គង់នៅ​។​
 
​ព្រះ​តេជគុណ​នឹង​និមន្ត​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​វិញ​នៅ​ដើមខែ​តុលា​ខាងមុខ​។ ដោយ​សិក្សា​ថ្នាក់អនុបណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ បន្ទាប់ពី​បញ្ចប់​ការសិក្សា​ថ្នាក់​ភាសា​រុស្ស៊ី​អស់​រយៈពេល​១​ឆ្នាំ​៕
 

Tag:
 កម្ពុជា​ក្រោម​
 ​អាហារ​រូបករណ៍
© រក្សាសិទ្ធិដោយ thmeythmey.com