ជាតិ
សេដ្ឋកិច្ច
ទូតឥណ្ឌូណេស៊ី៖ ជើងហោះហើរត្រង់ពីឥណ្ឌូណេស៊ី មកកម្ពុជា អាចនឹងដំណើរការចុងឆ្នាំនេះ
× ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជាលោក Sudirman Haseng ឲ្យដឹងថាក្រុមហ៊ុនអាកាសចរចំនួនពីរ នឹងបើកជើងហោះហើរត្រង់ឥណ្ឌូណេស៊ី-កម្ពុជា ដែលរំពឹងថានឹងចាប់ផ្ដើមនៅចុងឆ្នាំនេះ។ លោកឯកអគ្គរដ្ឋទូតថ្លែងបែបនេះនៅថ្ងៃទី១៨ខែកញ្ញា ក្នុងសន្និសីទស្ដីការរៀបចំពិព័រណ៍ពាណិជ្ជកម្មរបស់ឥណ្ឌូណេស៊ីនៅភ្នំពេញ។
«ចំពោះការតភ្ជាប់តាមផ្លូវអាកាស យ៉ាងហើចណាស់ក៏មានក្រុមហ៊ុនអាកាសចរចំនួនពីរដែរ ដែលកំពុងពិនិត្យលទ្ធភាពបើកជើងហោះហើរត្រង់។ យើងសង្ឃឹមយ៉ាងមុតមាំថា អាកាសចរមួយនឹងបើកជើងហោះហើរត្រង់នៅក្នុងឆ្នាំនេះ ហើយមួយទៀតនឹងបើកដំណើរការនៅឆ្នាំក្រោយ»។ នេះជាប្រសាសន៍លោក Sudirman Haseng ។
អគ្គរដ្ឋទូតឥណ្ឌូណេស៊ី លើកឡើងថា ជើងហោះត្រង់រវាងប្រទេសទាំងពីរ នឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ទ្វេភាគី កាន់តែប្រសើរ។
ការដោះដូរពាណិជ្ជកម្ម រវាងកម្ពុជា និងឥណ្ឌូណេស៊ីមានចំនួន ៥៤២លានដុល្លារនៅឆ្នាំ២០១៧ ។ ហើយក្នុងអំឡុង៦ខែដើមឆ្នាំ២០១៨នេះ ទំហំពាណិជ្ជកម្មសម្រេចបាន ៣១៨លានដុល្លារ កើនឡើង ៨ភាគរយ។ នេះបើតាមតួលេខពីស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា។
រីឯទេសចររវាងប្រទេសទាំងពីរវិញកាលពីឆ្នាំ២០១៧ ភ្ញៀវឥណ្ឌូណេស៊ីមកកម្ពុជាមានចំនួន ៥ម៉ឺននាក់ ខណៈទេសចរកម្ពុជាទៅប្រទេសនេះវិញមានចំនួនត្រឹមជាង ៥ពាន់នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com