ប្រទេសច្រើនពាក់កណ្តាលទូទាំងពិភពលោកទំនងជានឹងមិនអាចសម្រេចគោលដៅក្នុងការកាត់បន្ថយការស្លាប់របស់ប្រជាជនដោយសារជំងឺមិនឆ្លងរ៉ាំរ៉ៃលើឲ្យបានដល់មួយភាគបីមុនឆ្នាំ ២០៣០ឡើយ។ នេះបើតាមរបាយការណ៍ស្រាវជ្រាវដែលចេញផ្សាយនៅថ្ងៃសុក្រទី ២១ ខែកញ្ញានេះ។
សាស្ត្រាចារ្យនៃសាលាសុខភាពសាធារណៈនៅទីក្រុងឡុងលោក Majid Ezzati ដែលជាអ្នកដឹកនាំក្រុងស្រាវជ្រាវ និងចងក្រងរបាយការណ៍នេះបានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ថ្វីបើមានការកំណត់គោលដៅ និងប្តេជ្ញាចិត្តដើម្បីកាត់បន្ថយការស្លាប់ដោយសារជំងឺមិនឆ្លងនេះក៏ដោយ ក៏ជាលទ្ធផលចុងក្រោយ ប្រទេសភាគច្រើននៅតែបរាជ័យដដែល។
អ្នកស្រាវជ្រាវរូបនេះបានបង្ហាញថា ការសិក្សាត្រូវបានរៀបចំឡើងដោយផ្អែកលើប្រទេស ១៨០ទូទាំងពិភពលោក។ គេរកឃើញថា មានត្រឹមប្រទេស ៣៥ប៉ុណ្ណោះលើលោកដែលស្ថិតនៅលើផ្លូវឈានទៅរកជោគជ័យតាមគោលដៅទីបីនៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិដែលត្រូវបានដាក់ចេញនៅឆ្នាំ ២០១៥។
ចំណែកប្រទេស ២០ផ្សេងទៀតនោះនៅជាប់ទ្រឹង និងដើរថយក្រោយថែមទៀតផង។ សហរដ្ឋអាមេរិកដែលជាប្រទេសអ្នកមាននោះក៏ស្ថិតក្នុងចំណោមប្រទេសដែលបរាជ័យដែរ បើយោងតាមរបាយការណ៍ស្រាវជ្រាវថ្មីនេះ។
សូមទាញការចាប់អារម្មណ៍បន្តិចដែរថា កាលពីឆ្នាំមុនវិទ្យាស្ថានសុខភាពសាធារណៈអាមេរិកបង្ហាញថាចំនួនអ្នកស្លាប់ដោយសារជំងឺដែលអាចទប់ស្កាត់បានដូចជាជំងឺរ៉ាំរ៉ៃនេះកើនឡើងក្នុងចំណោមប្រជាជនអាមេរិកស្បែកស និងប្រជាជនរស់នៅតាមជនបទជាដើម។
ដោយឡែក បើតាមរបាយការណ៍ស្រាវជ្រាវថ្មីនេះដែរ គ្រាន់តែក្នុងឆ្នាំ ២០១៦ មនុស្សប្រហែល ១២,៥លាននាក់ទូទាំងពិភពលោកដែលមានអាយុពី ៣០ដល់៧០ឆ្នាំបានស្លាប់ដោយសារជំងឺរ៉ាំរ៉ៃនានា, ជំងឺមហារីក, ជំងឺបេះដូង និងជំងឺពាក់ព័ន្ធឈាមនិងសរសៃឈាម ក៏ដូចជាជំងឺទឹកនោមផ្អែមដែរ។
សាស្ត្រាចារ្យ Ezzati បានពន្យល់ផងដែរថា ការបរាជ័យនេះដោយសារប្រទេសម្ចាស់ជំនួយអន្តរជាតិ និងរដ្ឋាភិបាលប្រទេសសាមីនោះមិនបានប្រឹងប្រែងដើម្បីជំរុញការកាត់បន្ថយចំនួនអ្នកស្លាប់ដោយជំងឺមិនឆ្លងទាំងនេះឡើយ។
យ៉ាងណាក៏ដោយអ្នកជំនាញរូបនេះក៏បានបង្ហើបផងដែរថា វានៅមានដំណឹងល្អខ្លះសម្រាប់ពិភពលោក។ នោះគឺ យ៉ាងហោចណាស់ប្រទេសទាំងនោះកំពុងដើរលើផ្លូវត្រូវនៅពេលនេះ៕