ជាតិ
មានសំរាមសំណល់រឹង ២,៧០០តោនរៀងរាល់ថ្ងៃ នៅក្នុងទីក្រុង
× ភ្នំពេញ៖ កំណើនសំរាមសំណល់រឹងជាង២០០០តោន បានកើតឡើងជារៀងរាល់ថ្ងៃ នៅក្នុងរាជធានីភ្នំពេញ ដោយសារតែការទុកដាក់សំរាមមិនត្រឹមត្រូវ។ នេះបើតាមទីភ្នាក់សារព័ត៌មានជាតិកម្ពុជា AKP។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត ភក្ត្រា បាននិយាយថា មូលហេតុដែលនាំឲ្យមានកំណើនសំរាមនេះ ដោយសារតែចំនួនប្រជាពលរដ្ឋកើនឡើង ស្របពេលទំនៀមទម្លាប់នៃការប្រើប្រាស់ និងការវេចខ្ចប់ទំនិញរបស់ពលរដ្ឋ ជាពិសេសការកែច្នៃពីសំរាមនៅមានកម្រិតទាបនៅឡើយ។ ដោយសារកត្តាទាំងនេះហើយ ទើបធ្វើឲ្យសំរាមសំណល់រឹងមានបរិមាណកើនឡើង។ បើតាមលោក នេត ភក្ត្រា សំរាមសំណល់រឹងមានប្រមាណ ២,៧០០តោនរៀងរាល់ថ្ងៃ ។
កំណើនសំរាមសំណល់រឹង គឺជាបញ្ហាចម្បងមួយ នៅក្នុងការងារគ្រប់គ្រងបរិស្ថាន នៅរាជធានីភ្នំពេញ និងនៅតាមទីប្រជុំជន ដែលទាមទារឲ្យមានការសហការដោះស្រាយរួមគ្នា ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន និងផលប៉ះពាល់សុខភាពប្រជាពលរដ្ឋ ។ នេះបើតាមលោក នេត ភក្ត្រា ។
ទីភ្នាក់សារព័ត៌មានជាតិកម្ពុជា បានស្រង់សម្តីអ្នកនាំពាក្យក្រសួងបរិស្ថាន ដូច្នេះថា៖«ប្រសិនបើប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្ម អាជីវករនៅតាមផ្សារនានា សេវាកម្ម ភោជនីយដ្ឋាន ទីផ្សារ និងកន្លែងកម្សាន្តនានា ត្រូវញែកសំរាម ទៅតាមបទដ្ឋានបច្ចេកទេស ពោលគឺការញែកសំរាមឲ្យដាច់ពីគ្នា រវាងសំណល់សរីរាង្គដូចជា សំណល់ប្លាស្ទិក និងសំណល់គ្រោះថ្នាក់ ដោយវេចខ្ចប់ឲ្យបានត្រឹមត្រូវ។ ទន្ទឹមនេះប្រសិនបើប្រជាពលរដ្ឋចូលរួមអនុវត្តវិធីសាស្ត្រញែកសំរាមទាំងនេះបានគ្រប់ៗគ្នា នោះអត្រាសំរាមដែលត្រូវយក ទៅចាក់ចោលមានចំនួនតិចបំផុត ហើយសំណល់ផ្សេងទៀតអាចត្រូវបានប្រើប្រាស់ និងកែច្នៃឡើងវិញ ផ្តល់ផលប្រយោជន៍ និងចំណូលដល់ប្រជាពលរដ្ឋវិញ»។
លើសពីនេះទៀត ហាមដាច់ខាតនូវការបោះចោលសំរាម សំណល់រឹងនៅ តាមដងផ្លូវ ទីសាធារណៈ ទីវាលតាមប្រព័ន្ធទឹកលូ ឬប្រភពទឹកសាធារណៈ ឬក្នុងដីកម្មសិទ្ធិ ឯកជន ព្រមទាំងហាមដាច់ខាតនូវការដុតសំរាមសំណល់រឹង ក្នុងករណីគ្មានការអនុញ្ញាត ពីក្រសួងបរិស្ថាន ឬមន្ទីរបរិស្ថានរាជធានី ខេត្ដ។
កន្លងមកក្រសួងបរិស្ថានបានធ្វើប្រតិភូកម្មអំណាចទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការផ្តល់មូលនិធិសេវាអនាម័យបរិស្ថាន។ ប៉ុន្តែរដ្ឋបាលក្រុង -ស្រុកមួយចំនួន នៅមិនទាន់មានឆន្ទៈខ្ពស់ និងយល់ច្បាស់ពីភារកិច្ច និងការទទួលខុសត្រូវលើការងារគ្រប់គ្រងសំរាមសំណល់រឹង សំណល់រាវ និងបញ្ហាបំពុលបរិស្ថានផ្សេងទៀតនៅឡើយ។ ចំណែកគុណភាពប្រមូល និងដឹកជញ្ជូនសំរាមរបស់ក្រុមហ៊ុនផ្តល់សេវានៅមានកម្រិត ហើយទីប្រជុំជនភាគច្រើននៅពុំទាន់មានទីលានទុកដាក់សំណល់ត្រឹមត្រូវតាមគោល ការណ៍បច្ចេកទេសនៅឡើយ ដែលទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមទាំងអស់គ្នា។ នេះជាការបញ្ជាក់របស់លោក នេត ភក្ត្រា៕
© រក្សាសិទ្ធិដោយ thmeythmey.com